(ភ្នំពេញ) ៖ បុរសម្នាក់ ដែលគេស្គាល់ថា មន្រ្តី យោធា បានទាញកាំភ្លើង ០១ដើម ម៉ាក AK47 ទៅគំរាមពលរដ្ឋ នៅចំណុចគល់ស្ពានព្រែកព្នៅ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ត្រូវបានបញ្ជូនទៅតុលាការ។
ជនសង្ស័យឈ្មោះ សុខ មនោរម្យ អាយុ៣៧ ឆ្នាំ មានមុខរបរ ជាយោធា បានសារភាពថា មូលហេតុដែលខ្លួន យកកាំភ្លើង ០១ដើម ម៉ាក AK47 គំរាមកំហែង ជនរងគ្រោះ នៅទីតាំងខាងលើ គឺដោយសារជនរងគ្រោះ បានចោទមកលើខ្លួនថាបានទំនាក់ទំនងស្នេហាជាមួយប្រពន្ធជនរងគ្រោះ ហើយខ្លួនក៏ណាត់ជនរងគ្រោះដើម្បីដោះស្រាយការយល់ច្រលំ តែដោយជនរងគ្រោះមានបក្ខពួក ៤ទៅ៥នាក់ មកព័ទ្ធជុំវិញខ្លួន និងឃើញមានម្នាក់សៀតវត្ថុរឹងនៅនឹងចង្កេះផងទើបខ្លួនរត់ទៅយកកាំភ្លើងចេញពីក្នុងឡានដើម្បីគំរាមពួកនោះឲ្យចេញឆ្ងាយពីខ្លួនតែម្តងទៅ។ ចំណែកប្រពន្ធជន រងគ្រោះ បានបញ្ជាក់ប្រាប់សមត្ថកិច្ច ថាខ្លួនពុំមានទំនាក់ទំនងអ្វីស៊ីជម្រៅជាមួយជនសង្ស័យទេ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕