(ភ្នំពេញ) ៖លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានថ្លែងថា ក្នុងនាមជាឃោសនិកមួយរូបអស់លោក លោកស្រីត្រូវស្វែងយល់ និងឆ្លើយតបឲ្យបានទាន់ ពេលវេលាចំពោះព័ត៌មានក្លែងក្លាយ,ញ៉ុះញ៉ុង វាយប្រហាររាជរដ្ឋាភិបាលស្របច្បាប់ និងវាយបកអោយទាន់ពេលវេលាចំពោះក្រុមជនអគតិដែលតែងតែចិញ្ចឹមចិត្តបំផ្លាញសេចក្តីសុខសាន្តរបស់ប្រជាជននិងដំណើរការអភិវឌ្ឍន៍របស់ប្រទេសជាតិពិសេសក្នុងបរិបទ Digitalនេះ។

លោកប្រធានគណបក្សរាជធានីភ្នំពេញបានថ្លែងបែបនេះក្នុងពិធីបិទវគ្គអប់រំនយោបាយនៅមន្ទីរបក្សរាជធានីភ្នំពេញជំនាន់ទី៥៤នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ដែលមានសមាជិក សមាជិកាចូលរួមចំនួន១៣៣នាក់។

លោកបានគូសបញ្ជាក់ថា អស់លោក លោកស្រីសុទ្ធតែជាឃោសនិករបស់គណបក្សប្រជាជនកម្ពុជា ដូច្នេះត្រូវស្វែងយល់អោយបានស៊ីជម្រៅពីគោលនយោបាយរបស់គណបក្សដែលជាកំលាំងនយោបាយតែមួយគត់ដែលតែងតែរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ។ លោកក៏បានក្រើនរំលឹកដល់សមាជិក សមា ជិកាទាំងអស់ោយរំលេចឲ្យឃើញពីវីរៈភាពដ៏មានតំលៃគ្មានពីរ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតៈនាយករដ្ឋមន្ត្រីអាណត្តិទី៦ បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាដែលបានយកជីវិតធ្វើ ដើមទុនប្តូរយកសុខសន្តិភាព និងការអភិវឌ្ឍន៍ជូនជាតិនិងប្រជាជនគ្រប់ដំណាក់កាលនៃដំណើរការវិវឌ្ឍរីកចំរើនរបស់ប្រទេសជាតិ។ ពេលនេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកំពុងបន្ត តាមលំអាននៃការរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ក្នុងនាមជាយុវជនជំនាន់ក្រោយដែលពោរពេញដោយភាពស្វាហាប់,មានចំណេះដឹងនិងមានការប្តេជ្ញាចិត្តខ្ពស់តាមរយៈការដាក់ចេញនូវកម្មវិធីនយោបាយបញ្ជកោណដែលជាត្រីវិស័យក្នុងការដឹកនាំការអភិវឌ្ឍន៍ប្រទេសជាតិ ។
លោកឃួង ស្រេងបានលើកឡើងថា ជាទូទៅបណ្តាប្រទេសលើលោក គោលនយោបាយរបស់គេ គឺផ្តើមចេញពីគោលនយោបាយ របស់គណបក្សដែលឈ្នះឆ្នោត ហើយនយោបាយរបស់ប្រទេសមួយមិនអាច យកនយោបាយរបស់ប្រទេសមួយផ្សេងទៀតមកធ្វើតាមដូចចាក់ពុម្ពនោះបានដែរ។ បងប្អូនៗអាចមើលឃើញហើយ ពីមហិកតាចង់បានអំណាចពួកអមិត្ត ឬក្រុមប្រឆាំងគេហ៊ានធ្វើអ្វីៗគ្រប់ទម្រង់ យ៉ាងណាមិញដូចក្នុងដំណាក់កាលការរីក រាលដាលជំងឺកូវីដ.១៩ គេអំពាវនាវកុំអោយប្រជាជនទៅចាក់វ៉ាក់សាំងចិនព្រោះជាវ៉ាក់សាំងគេយកមកពិសោធន៍ យកមកសម្លាប់ប្រជាជនជាដើម។ មានន័យថា គេយកជីវិតប្រជាពលរដ្ឋមកលេងសើចមកធ្វើជំនួញនយោបាយដោយអគតិបំផុត ។

ក្នុងឱកាសនោះ លោកឃួង ស្រេង បានរំលេចឲ្យឃើញពីការរីកចំរើនក្រោមការដឹកនាំរបស់ សម្តេចមហាវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីក្នុងរយៈពេល៩ខែដើមអាណត្តិទី៧កន្លងមកនេះ គឺទទួលបានការវិវឌ្ឍរីកចំរើនលើគ្រប់វិស័យនិងមានការសារទរជាអន្តរជាតិក៏ដូចក្នុងមជ្ឈដ្ឋានជាតិទាំងមូល៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed