(ខេត្តត្បូងឃ្មុំ ) ៖ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដំណើរដោយប្រតិភូក្រសួងសុខាភិបាល លោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពសុខាភិបាលនៅមូលដ្ឋានសុខាភិបាលមួយចំនួន មណ្ឌលសុខភាពស្លារ មណ្ឌលសុខភាពមេមត់ មន្ទីរពេទ្យបង្អែកមេមត់ និងមន្ទីរពេទ្យមិត្តភាពកម្ពុជា- ចិន ត្បូងឃ្មុំ និងបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្តត្បូងឃ្មុំ នៅសាលាខេត្តត្បូងឃ្មុំ ។
ឆ្លៀតក្នុងឱកាសពិធីសំណេះសំណាល លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជាអនុសាសន៍គន្លឹះសំខាន់ៗមួយចំនួន សម្រាប់ការអនុវត្តការងារឱ្យកាន់តែប្រសើរថែមទៀត។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានការកោតសរសើរ និងវាយតម្លៃខ្ពស់ ជូនដល់មន្រ្តីសុខាភិបាលខេត្តត្បូងឃ្មុំ ចំពោះការខិតខំផ្តល់សេវាជូនប្រជាពលរដ្ឋ ជាពិសេសក្នុងអំឡុង ពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមលើកទឹក ចិត្តដល់មន្រ្តីសុខាភិបាលខេត្តត្បូងឃ្មុំទាំងអស់ សូមបន្តខិតខំបន្ថែមទៀត ទាំងការផ្តល់សេវារដ្ឋបាល ជាពិសេសផ្នែកបច្ចេកទេស ដែលក្នុងនោះត្រូវខិតខំពង្រឹងសមត្ថភាព បង្កើនសមត្ថភាពតាមរយៈការបណ្តុះបណ្តាលជាប់ជាប្រចាំ ជាពិសេសពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ដោយធានាឱ្យបានការបំរើ និងផ្តល់ជូនសេវាពិនិត្យថែទាំសុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌ តាំងពីមណ្ឌលសុខភាព រហូតដល់មន្ទីរពេទ្យបង្អែកខេត្ត។
ឆ្លៀតក្នុងឱកាសពិធីសំណេះសំណាលជាមួយមន្រ្តីសុខាភិបាល រួមទាំងថ្នាក់ដឹកនាំនៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជាអនុសាសន៍គន្លឹះចំនួន១០ ចំណុច សម្រាប់ការអនុវត្តការងារឱ្យបានកាន់តែប្រសើរ ជាមួយនឹងនិរន្តរភាព សំដៅជាលទ្ធផលឈរលើគុណតម្លៃចម្បងទាំងបួន សុវត្តិភាព ប្រសិទ្ធភាព គុណភាព និងការទទួលយកបានដោយពេញចិត្ត មានដូចខាងក្រោម៖
១) យកចិត្តទុកដាក់លើការងារអនាម័យ និងសោភណ្ឌភាពក្នុងទីតាំងផ្តល់សេវាថែទាំព្យាបាល ដែលជាផ្នែកសំខាន់មិនអាចខ្វះបាន ចូលរួមជាមួយប្រសិទ្ធភាពនៃការព្បាល ឆាប់បានជាសះស្បើយ។
២) បំពេញតម្រូវការ ទាំងបរិមាណ និងពិសេសគុណភាព ជាបន្តបន្ទាប់ លើសម្ភារៈបរិក្ខា ឱសថ។
៣) ពិនិត្យស្វែងយល់ពីសមត្ថភាពបុគ្គលិករបស់ខ្លួន អំពីចំនុចខ្លាំង និងចំនុចដែលត្រូវបំពេញ និងនាំមានការបណ្តុះបណ្តាលជាប់ជាប្រចាំ ទៀងទាត់ ទាំងក្នុងអង្គភាព ទាំងអន្តរអង្គភាព ទាំងក្នុងខេត្តខ្លួន និងអន្តរខេត្ត រហូតមកដល់ថ្នាក់ជាតិ។
៤) ខិតខំកត់ត្រាពត៌មានអ្នកជំងឺអោយបានគ្រប់ជ្រុងជ្រោយ និងថែរក្សា ឯកសារទាំងអស់អោយបានល្អ គង់វង្ស។
៥) បន្តបង្កើនការយកចិត្តទុកដាក់ និងតាមដានជាប់ជាប្រចាំគ្រោះថ្នាក់នៃការឆ្លងរោគ ក្នុងទីតាំងថែទាំព្យាបាល តាមរយះរយះវិធានការបង្ការរោគ ដូចជាវិធានលាងសម្អាតដៃ ជាដើម។
៦) ត្រៀមបន្ទាន់ជាលក្ខណៈបច្ចេកទេស និងធនធានមនុស្ស ជួយប្រជាពលរដ្ឋពេលមានគ្រោះអាសន្នបន្ទាន់ៗ ទោះក្នុងកាលៈទេសៈណាក៏ដោយ។
៧) ផ្តល់ឱកាសទូលំទូលាយ ទទួលយកនូវពត៌មានត្រលប់ពីប្រជាពលរដ្ឋ បងប្អូនអ្នកជំងឺ និងអ្នកជំងឺ ការពេញចិត្តពេញថ្លើមរបស់គាត់ និងការផ្តល់ជាគំនិតស្ថាបនា។
៨) បង្កើនសមត្ថភាពថែទាំសម្ភារៈបរិក្ខារ និងអគារថែទាំព្យាបាល អោយបានល្អ និងនៅរក្សាបានជាដំណើរការប្រកបដោយគុណភាព។
៩) រួមគ្នាគិតពិចារណារិះរកមធ្យោបាយពង្រីកសេវាជាបន្តបន្ទាប់ ស្របតាមផែនទីបង្ហាញផ្លូវនៃការគ្របដណ្តប់សុខភាពជាសាកល។
១០) បង្កើនជាប់ជាប្រចាំ និងកាន់តែខ្លាំងក្លា សកម្មភាពចុះអប់រំសុខភាព វិធីបង្ការ និងថែទាំសុខភាពទាំងក្នុងមូលដ្ឋានសុខាភិបាល និងក្នុងសហគមន៍។
សូមជម្រាបជូនដែរថា រយៈពេល៣ថ្ងៃ នៃដំណើរបេសកកម្មនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី និងប្រតិភូក្រសួងសុខាភិបាល បានចុះពិនិត្យមូលដ្ឋានសុខាភិបាល ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តត្បូងឃ្មុំដែលជាខេត្តចុងក្រោយនៃដំណើរបេសកកម្មនេះ នៃខេត្តភូមិភាគឦសាន។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងនូវការអរគុណ វាយតម្លៃខ្ពស់ដល់មន្រ្តីសុខាភិបាលនៅខេត្តទាំង៥ និងផ្តាំផ្ញើដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងមន្រ្តីសុខាភិបាលទាំងអស់ មានស្មារតីរួបរួមគ្នា ចេះជួយគ្នា ចេះសម្របសម្រួល ចេះកែសម្រួលគ្នា សាមគ្គីភាព គោរពវិន័យការងារ ក្រមសីលធម៌វិជ្ជាជីវៈ ដែលជាផលប្រយោជន៍រួមធានា ការបម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ៕