(ភ្នំពេញ) ៖តាមពិតទៅពិធីបំបួសនាគមិនមែនជារឿងថ្មីរបស់ប្រជាពលរដ្ឋខ្មែរនោះទេ ពិធីនេះបានកើតមានតាំងតែពីបរម បុរាណមកម្ល៉េះ រហូតមកដល់បច្ចុប្បន្ននៅតែជាទំនៀមទំលាប់របស់ប្រជាពលរដ្ឋខ្មែរដដែល ព្រោះវាជាស្ពាន សីលធម៌ចម្លងមនុស្សទៅកាន់ភាពរុងរឿងនៃជីវិត វៀរចាកអំពើបាបទាំងឡាយ កើតមានតែភាពស្ងប់ស្ងាត់ មិនលោភលន់មានចំណេះដឹងខ្ពង់ខ្ពស់ ជួយបំភ្លឺភាពត្រឹមត្រូវ ដល់មនុស្សជំនាន់ក្រោយជាបន្ដបន្ទាប់។ ពិធីបំបួស នាគបានរលំរលាយក្នុងរបបខ្មែរ ក្រហមកាន់កាប់អំណាចនាឆ្នាំ១៩៧៥-១៩៧៩ ។
ក្រោយថ្ងៃរំដោះប្រជាពលរដ្ឋ មានសេរីភាព សង្គមត្រូវបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ ស្ថាប័នផ្សេងៗ ពិធីបំបួសនាគបានចាប់ ផ្ដើមកំរើកឡើងវិញ ប៉ុន្ដែបច្ចុប្បន្ននេះសំបូរតែនៅតាមតំបន់ជនបទប៉ុណ្ណោះ យូរៗម្ដងកើត មាននៅទីក្រុងភ្នំពេញ។ ថ្មីៗនេះនៅទីក្រុង ភ្នំពេញ ពិធីបំបួសនាគបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែកូនប្រុសរបស់ត្រកូលអភិជន តិចតួចបានសំរេចសាងផ្នួសនៅជាមួយព្រះធម៌រយៈពេលខ្លីជាគំរូមួយ ខណៈដែលកូនប្រុសត្រកូលអភិជនជាច្រើន ទៀតមិនបានធ្វើបែបនេះ។
គួររំលឹកថា នៅក្នុងពិធីបំបួសនាគត្រូវរៀបចំទៅតាម លំដាប់ប្រពៃណី មានពិធីកោរសក់ ពិធីជូនត្រ័យចំពោះលោកអ្នកមានគុណ ពិធីក្រុងពាលី ពិធីបង្វិលពពិល ពិធីធ្វើធ្មេញនាគ ពិធីកួចចំណងដៃ នាគ ពិធីលាបប្រេងម្សៅ ពិធីចំរើនព្រះបរិត្ដនាគ ពិធីហែនាគ៣ជុំព្រះវិហារ ពិធីចូលព្រះវិហារ ពិធីនាគវន្ទា ចំពោះ ព្រះពុទ្ធរូប ពិធីនាគវន្ទាព្រះឧបជ្ឈាយ៍ ពិធីសុំនិស្ស័យបំបួសនាគ ព្រះឧបជ្ឈាយ៍ ព្រះសង្ឃហត្ថាបាស ចំរើនពុទ្ធជ័យ មង្គល ពិធីពហុទេវា សាមណេរវន្ទាលាញោមប្រុស-ស្រី លោកតា លោកយាយ ដើម្បីសាងផ្នួសពិធីកប់សក់ដើម្បី សុំសេចក្ដីសុខ ។
ពិធីបំបួសនាគនេះជាពិធីមួយធំ ដែលមានទម្លាប់ធ្វើតាំងពីបុរាណកាលមកហើយដែលចូលជ្រួតជ្រាបទៅក្នុងចិត្ដ នៃប្រជាជនខ្មែរគ្រប់រូប ព្រោះព្រះពុទ្ធសាសនាខ្មែរបានចាត់ទុកជាសាសនាតែមួយរបស់ជាតិ។ ឯការបំបួសកូនចៅក៏ជាកិច្ចទំនុកបំរុង ព្រះពុទ្ធសាសនាមួយដែរ។ ម្យ៉ាងទៀតព្រះពុទ្ធសាសនាជាប្រភពនៃការ បណ្ដុះ បណ្ដាលនិស្ស័យអក្សរសាស្ដ្រ និង តម្រិះវិជ្ជាផ្សេងៗមានជំនាញសំណង់ និងការរចនាផ្សេងៗជាដើម ។ មនុស្សដែលបានបួសក្នុងព្រះពុទ្ធ សាសនាមានតម្លៃខ្ពស់ជាងមនុស្ស ដែលពុំបានបួស ព្រោះអ្នកស្រុកតែងយល់ថា អ្នកបួសជាមនុស្សស្គាល់ បាបបុណ្យ គុណទោសច្បាស់ លាស់ ហើយខ្មែរយើងតែងមានជំនឿម្យ៉ាងទៀតថា “បួសនេន សងគុណម្ដាយ បួសភិក្ខុ សងគុណឪពុក”។
ជំនឿទាំងនេះបានជ្រាបជ្រៅទៅក្នុងសន្ដានចិត្ដប្រជាជនខ្មែរ ទូទាំងប្រទេស រហូតដល់ពេលរៀបចំទុកដាក់ កូន ចៅឱ្យមានប្ដី-ប្រពន្ធ ក៏គេនិយមប្រកាន់រើសរកតែបុរសណា ដែលបាន បួសរៀនផងដែរ។ អ្នកស្រុកស្រែចំការនៅប្រកាន់ទំនៀមទម្លាប់ខាងលើនេះជាប់រហូតដល់សព្វថ្ងៃ ប៉ុន្ដែមិនសូវជាតឹងរ៉ឹង ដូចកាលពីដើមទេ ព្រោះឥលូវនេះមានសាលារៀនរដ្ឋការច្រើន ហើយដែលសំរាប់បណ្ដុះ និស្ស័យ និងតម្រិះវិជ្ជាផ្សេងៗ ដោយគេយល់ថា “អ្នកបួសជាមនុស្សប្រសើរ”យ៉ាងនេះហើយទើបគេហៅ បព្វជ្ជា បេក្ខៈ និងឧបសម្បទាបេក្ខៈថា“នាគ”។ “បំបួសនាគ” គឺបំបួសមនុស្សប្រសើរ។ ដំរីមានភ្លុកដែលធំល្អជាងគេ និងពស់ ដែលធំវិសេសជាងគេ ក៏ហៅថា “នាគ” ដែរព្រោះពាក្យថា “នាគ”នេះមានន័យថា “ប្រសើរ”។
ប៉ុន្ដែ ទំនៀមបំបួសនាគនេះមានរឿងព្រេងពីបុរាណមួយនិទានថា កាលដែលព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅក្នុងវត្ដជេតពន់ នាគរាជមួយមានមហិទ្ធីរិទ្ធិមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនាចង់បួសជាភិក្ខុ ក៏កាឡាខ្លួនជាមាណពចូលទៅថ្វាយ បង្គំព្រះមហាតិស្សត្ថេរ ហើយទូលថា “ខ្ញុំព្រះករុណាសូមបួសជាព្រះមហាថេរផង” ។ ព្រះមហាតិស្សត្ថេរ ក៏បំបួស ស្ដេចនាគកាឡានោះជាភិក្ខុទៅ។
ថ្ងៃមួយនៅពេលដែលភិក្ខុស្ដេចនាគនោះសិងពេល ថ្ងៃយ៉ាងស្កប់ស្កល់ខ្លួនលោក ក៏ក្លាយជានាគឆ្វាយរង្វេលពេនពេញបន្ទប់។ ស្បង់ចីវរខ្ចាត់ខ្ចាយអស់រលីងអំពីកាយ ។ ពេលនោះសាមណេរមួយ អង្គផ្ចង់ចង្ហាន់រួចចូលទៅនិមន្ដឆាន់ លុះបើកទ្វារទៅស្រាប់តែឃើញពស់ពេនពេញបន្ទប់ ភ័យរន្ធត់ស្ទុះរត់ស្រែក ឆោឡោផ្អើលពេញទាំងវត្ដ ។
លុះជ្រាបទៅដល់ព្រះដ៏មានបុណ្យ ទើបព្រះអង្គទ្រង់ព្រះបញ្ញត្ដ ថា “ចាប់ពីថ្ងៃនេះ ទៅ ភិក្ខុឯក្រោយកុំបីបំបួសសត្វតិរច្ឆាននូវខ្មោច បិសាច រាជភូត យក្សាឡើយ”។ អាស្រ័យដំណើរដែលព្រះអង្គ ទ្រង់បញ្ញត្ដ ដូច្នេះ ទើបភិក្ខុនាគក្រាបទូលព្រះដ៏មានបុណ្យថា “ខ្ញុំព្រះអង្គនេះមានចិត្ដស្មោះចំពោះសាសនាព្រះអង្គ ពិតណាស់ ឥតមានក្លែងបន្លំទេ បើខ្ញុំព្រះអង្គមានភេទជា សត្វ មិនអាចបួសក្នុងសំណា ក់ព្រះអង្គបាន ដូច្នេះខ្ញុំ ព្រះអង្គសូមពរឱ្យមានព្រះបញ្ញត្ដថា បើភិក្ខុនឹងបំបួសកុលបុត្រ សូមឱ្យហៅអ្នកសុំផ្នួសនោះថា “នាគ” ដូច្នេះតទៅ ដើម្បីឱ្យគេនឹកឃើញដល់ឈ្មោះខ្ញុំព្រះអង្គ ដែលជាអ្នកស្មោះចំពោះសាសនាព្រះអង្គ តែពុំមាននិស្ស័យនឹងបានបួស ជាភិក្ខុដូចមនុស្សផងទាំងពួង។ ព្រះពុទ្ធអង្គ ទើបបញ្ញត្ដិពាក្យឱ្យហៅបព្វជ្ជាបេក្ខៈនិងឧបសម្បទាបេក្ខៈថា“នាគ” តាមសំណូមពរដែលស្ដេចនាគសុំ ។ អាស្រ័យរឿងនេះឯង ទើបមានឈ្មោះ ហៅថា “នាគ-នាគ”រហូតមក ៕