ខេត្តក្រចេះ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពសុខាភិបាល នៅមន្ទីរពេទ្យបង្អែកឆ្លូង មន្ទីរពេទ្យខេត្តក្រចេះ និងមណ្ឌលសុខភាពថ្មគ្រែ និងសំណេះសំណាលសួរសុខទុក្ខ ផ្តល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល ។ ពិធីនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២៤ នៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តក្រចេះដោយមានការចូលរួមពីលោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះផងដែរ ។
ក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី មានការកោតសរសើរ ជូនចំពោះមន្រ្តីសុខា ភិបាល ដែលបានបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ និងក្រមសីលធម៌វិជ្ជាជីវៈ ។
លោករដ្ឋមន្រ្តី ក៏បានកត់សម្គាល់មានការរីកចម្រើនក្នុងវិស័យសុខាភិបាល ទាំងផ្នែក ហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត និងធនធានមនុស្ស។ ក្នុងឱកាសនោះលោករដ្ឋមន្ត្រីឈាង រ៉ាក៏បានណែនាំ និងបានលើកទឹកចិត្តដល់មន្រ្តីសុខាភិបាល ត្រូវតែខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាល និងនវានុវត្តន៍។
ក្នុងឱកាសនេះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាលជាមួយមន្រ្តីសុខាភិបាល និងបានផ្តល់អនុប្រសាសន៍មួយចំនួនជាគន្លឹះ សម្រាប់និរន្តរភាពនៃការអភិវឌ្ឍន៍ខ្លួនក្នុងការបម្រើវិស័យសុខាភិបាល៖ ១) បន្តខិតខំរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំសណ្តាប់ធ្នាប់ សម្ភារបរិក្ខារវេជ្ជសាស្រ្ត និងធនធានមនុស្សដែលមានជំនាញច្បាស់លាស់ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។
២) ត្រូវបន្តខិតខំបន្ថែមទៀតក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវ និងត្រូវជំរុញការបណ្តុះបណ្តាលដល់មន្រ្តីជំនាញបន្ថែមទៀត ដោយត្រូវបញ្ជូនទៅចូលរួមនៅមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យថ្នាក់ជាតិ។
៣) ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ផ្នែក គ្រប់លំដាប់ថ្នាក់ និងដៃគូអភិវឌ្ឍន៍ទាំងអស់នៅក្នុងខេត្ត ជំរុញបង្ខិតសេវាថែទាំសុខភាពឱ្យគៀកប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សេវាសុខាភិបាល និងសុខភាពសហគមន៍ នៅខេត្តក្រចេះ ក៏ដូចជាទូទាំងប្រទេសកម្ពុជា។
ជាចុងក្រោយ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងនូវការអរគុណ វាយតម្លៃខ្ពស់ដល់មន្រ្តីសុខាភិបាលនៅខេត្តក្រចេះ និងផ្តាំផ្ញើដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងមន្រ្តីសុខាភិបាលទាំងអស់ត្រូវ មានស្មារតីរួបរួមគ្នា ចេះជួយគ្នា ចេះសម្របសម្រួល ចេះកែសម្រួលគ្នា សាមគ្គីភាព គោរពវិន័យការងារ ក្រមសីលធម៌វិជ្ជាជីវៈ ដែលជាផលប្រយោជន៍រួមធានា ការបម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ៕