ខេត្តកំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ចន្ទ័សោភ័ណ បានណែនាំដល់ថ្នាក់ដឹកនាំសហជីព ឱ្យបន្តកិច្ចការងារ ជួយដោះស្រាយបញ្ហារបស់កម្មករ និយោជិត សហគ្រាស គ្រឹះស្ថាន និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ការណែនាំនេះធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយសមាសភាពថ្នាក់ដឹកនាំ នៃសហភាពសហជីព នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ស្ពឺ ។

លោក ជាម ចន្ទ័សោភ័ណ បានលើកឡើងថា រាជរដ្ឋាភិបាល បាននិងកំពុងប្រែក្លាយប្រទេសកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ បន្ទាប់ពីកម្ពុជាអាចរក្សាបាននូវស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ ដែលធ្វើឱ្យមានការរីកចម្រើនទាំងផ្នែកសង្គម-សេដ្ឋកិច្ច។ការណ៍នេះក៏បាន និងកំពុងធ្វើឱ្យជីវភាពរបស់កម្មករ កម្មការិនី មានជីវភាពប្រសើរឡើងតាមរយៈកំណើនរោងចក្រ សហគ្រាស និងការបណ្តាក់ទុនរបស់អ្នកវិនិយោគនៅកម្ពុជា ពិសេសសម្រាប់ខេត្តកំពង់ស្ពឺទាំងមូល។

ដោយមើលឃើញពីអត្ថប្រយោជន៍នេះលោក អភិបាលខេត្តកំពង់ស្ពឺ ក៏បានក្រើនរំឭកបន្ថែមទៅដល់សហជីព វិជ្ជាជីវៈឱ្យ ដើរតួនាទីជំនាញតាមអាជីពរបស់ខ្លួន ដើម្បីតំណាងកម្មករ-កម្មការិនី កុំយកឈ្មោះជាសហជីពតែប្រមូលទៅធ្វើការងារអ្វីផ្សេង ជាពិសេសការងារនយោបាយវាអត់ចំណេញទេ ហើយនាំឱ្យមានបញ្ហាដល់ការងាររបស់ពួកគាត់ទៀតផង។ ផ្ទុយទៅវិញត្រូវបន្តពង្រឹងការសាមគ្គីភាពរវាងគ្នាឱ្យកាន់តែល្អ និងកាន់តែមានវិសាលភាព ជាពិសេសធ្វើការណែនាំដល់កម្មករ និយោជិតឱ្យអនុវត្តការងារស្របតាមច្បាប់ការងារដែលជាច្បាប់មូលដ្ឋានសម្រាប់ការពារសិទ្ធិរបស់កម្មករ។ លើសពីនេះ សហភាពសហជីពត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ បម្រើកម្មករ និយោជិតឱ្យបានស្មើភាព ដោយមិនត្រូវប្រកាន់និន្នាការនយោបាយឡើយ។

លោក ជាម ចន្ទ័សោភ័ណ ក៏បានលើកទឹកចិត្តបន្ថែមដល់សហភាព សហជិព បន្តបង្កើតឱ្យបានកាន់តែច្រើននៅតាមបណ្តារោងចក្រ ប្រយោជន៍ដើម្បីការពារឱ្យបាននូវសិទ្ធិ ការងារមនុស្សធម៌ និងការដោះស្រាយបញ្ហាប្រឈមនានារបស់កម្មករ និយោជិត នៅតាមសហគ្រាស គ្រឹះស្ថាន និងបញ្ហារបស់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបង្កបរិយាកាសល្អដល់អ្នកវិនិយោគបរទេសកាន់តែច្រើន មកវិនិយោគនៅក្នុងប្រទេស។ ក្រៅពីនេះមន្ទីរជំនាញក៏ត្រូវចូលរួមយ៉ាងសកម្មក្នុងការសម្របសម្រួលដល់ការងារសហភាព សហជីពទៅតាមបណ្តារោងចក្រ និងកម្មករ កម្មការិនី ដើម្បីធានាឱ្យបាននូវផលប្រយោជន៍រួម និងនិរន្តរភាពការងារ ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed