ក្រុមឈ្មួញរកស៊ីដឹកត្រីចេញពីតំបន់កំពង់ហ្លួង ស្រុកក្រគរ តាមផ្លូវជាលេខ៥ខ្សិបតៗគ្នា អំពីភាពមិនប្រក្រតីនៃអំណាចលោកអធិការរងម្នាក់នៃអធិការដ្ឋាននគរបាលស្រុកក្រគរ ដែលធ្វើប្រតិបត្តិការម្នាក់ឯង ប្រមូលលុយគីបៗពីអ្នកដឹកត្រីជារឿងរាល់ថ្ងៃ។ គេប្រាប់ថា រថយន្តដឹកត្រីមួយគ្រឿងយ៉ាងហោចណាស់ក៏ត្រូវបង់៥០ម៉ឺនរៀលនិងខ្លះដល់១លានរៀល ទៅតាមទំហំរថយន្តនិងទម្ងន់ត្រី។ លើសនេះទៅទៀតសូម្បីតែរថយន្តដឹកត្រីងៀតក៏ត្រូវបង់យ៉ាងតិច២០ម៉ឺនរៀលដែរ។
ជនដែលកំពុងប្រព្រឹត្តល្មើស ក្នុងនាមតួនាទីជាមន្ត្រីនគរបាលនោះ គឺលោកវរៈសេនីយ៍ត្រី ចាន់ ឃៀង អធិការរងទទួលបន្ទុកផែនសេដ្ឋកិច្ចនៃអធិការដ្ឋាននគរបាលស្រុកក្រគរ។ ឈ្មោះពិតរបស់លោកគឺង៉ោម៉ៅដែលមានអតីតភាពជាឈ្មួញរកស៊ីឈើដ៏សកម្មម្នាក់នៅក្នុងខេត្តពោធិ៍សាត់។ លោកង៉ោ ម៉ៅបានទិញឈ្មោះ ចាន់ ឃៀង ហើយមានតួនាទីជាអធិការរងនៃអធិការ ដ្ឋាននគរបាលស្រុកក្រគរដែលកំពុងធ្វើព្យុះធ្វើភ្លៀងរៀងរាល់យប់នៅតំបន់មាត់កំពុងដរ លេខ៥៤ ក្នុងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
បើតាមសេចក្តី រាយការណ៍បានឲ្យដឹងថា នៅវេលាយប់ថ្មីៗនេះ លោកអធិការរងចាន់ ឃៀង បានចេញប្រតិបត្តិការប្រដេញចាប់ឡានដឹកត្រី១គ្រឿង ដោយទារលុយបាន ១លានរៀល។ ម្ចាស់រថយន្តដឹកត្រីអង្គុយធ្វើមុខស្អុយប៉ែ ព្រោះតែមិនអាចរកលុយឲ្យលោកអធិការរង
បានភ្លាមៗ និងត្រីនៅលើរថយន្តបានងាប់ជាបណ្ដើរៗរងការខាតបង់អស់ប្រាក់ជាច្រើន។ ប្រភពពីអ្នករកស៊ីដឹកត្រីពីតំបន់កំពង់លួងស្រុកក្រគរ បានឲ្យដឹងថា គ្មាននរណាអាចគេចផុតពីកណ្ដាប់ដៃលោកអធិការរងបាននោះទេ។ ដោយក្នុងនោះលោកបង្គាប់ទារប្រាក់ក្នុង១រថយន្តនយ៉ាងហោច ណាស់៥០ម៉ឺនរៀលនិងរថយន្តខ្លះ១លានរៀល។ ប្រភពបន្ថែមថា សូម្បីតែរថយន្តដឹកត្រីងៀត ក៏ត្រូវបង់ឲ្យលោកអធិការរង២០ម៉ឺនរៀលដែរ។
អ្វីដែលជាចំណាប់អារម្មណ៍ របស់ឈ្មួញអ្នករកស៊ីដឹកត្រីនៅតំបន់កំពង់ហ្លួង,ស្រុកក្រគរ ខេត្តពោធិ៍សាត់បបានឲ្យ ដឹងថា ប្រតិបត្តិការប្រដេញចាប់រថយន្តដឹកត្រី សព្វថ្ងៃនេះលោកអធិការរងចាន់ ឃៀង មិនបានហៅសមត្ថកិច្ចជំនាញជលផលឬស្ថាប័នណាផ្សេងចូលរួមឡើយ គឺលោកធ្វើតែម្នាក់ឯង,យកលុយម្នាក់ឯង ទំនងជាមិន បានចែកផលទៅឲ្យអធិការស្រុកផងនោះទេ។ មានរឿង រ៉ាវជាច្រើនទៀតដែលក្រុមឈ្មួញអ្នករកស៊ីបង្ហើបថា នឹងបង្ហាញបន្តអំពីភាពមិនប្រក្រតីនេះនិងពួកគាត់ទទូចស្នើ សុំឲ្យលោកស្នងការនគរបាលខេត្ត,លោកអភិបាលខេត្តពោធិ៍សាត់ ជាពិសេសលោកអគ្គស្នងការនគរបាលជាតិពិនិត្យមើលទង្វើរបស់មន្ត្រីអធិការរងម្នាក់នេះផង ៕