(ភ្នំពេញ) ៖លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១១ កក្កដានេះបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ​ពាក់ពន្ធ័ចុះទៅពិនិត្យមើលប្រឡាយ ស្ថានីយបូមទឹកបឹងទំពន់ ស្ថានីយ៍បមទឹកលូប្រាំ និងពិនិត្យវឌ្ឍនភាពនៃការដ្ឋានដាក់លូ បុកស៊ីផាយនិងការស្តារប្រឡាយមេ ដែលស្ថិតក្នុងគម្រោងរំដោះទឹកដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញចំនួន១៣គម្រោង ដែលបាន និងកំពុងអនុវត្ត ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ គម្រោងនេះសំដៅបញ្ចប់ បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ តាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាបរាជធានីភ្នំពេញមានចំនួន៥០គម្រោង ក្នុងនោះគម្រោងដែលកំពុងអនុវត្តមានចំនួន១៣គម្រោង ។

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង បានណែនាំអោយ លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ បញ្ចេញគ្រឿងចក្រធ្វើការ កាយប្រឡាយតាមបណ្តោយផ្លូវជាតិលេខ៣ អោយបានធំទូលាយ និងមិនអនុញ្ញាត្តិអោយមានការ កាយដាក់លូតូចៗ ខុសស្តង់ដាបច្ចេកទេស ដែលនាំអោយស្ទះចរន្តផ្លូវទឹកហូរ បង្កការលិចលង់ដោយជំនន់ទឹកភ្លៀង ។

បើតាមលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថា គម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញមានចំនួន៥០គម្រោង ហើយគម្រោងដែលត្រូវអនុវត្តមានចំនួន២៣គម្រោង។តែសម្រាប់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តចំនួន១៣គម្រោង ។

លោក សាំ ពិសិដ្ឋ បានបន្តថា ៖ ចំពោះគម្រោងទាំង ១៣នេះ ជាគម្រោងដែលបាននិងកំពុងអនុវត្តក្នុងតំបន់ងាយរងគ្រោះដោយការលិចលង់ជាងគេ ដែលមានដូចជា តំបន់ជុំវិញស្ថានីយបូមទឹកលូប្រាំ,តំបន់ជុំវិញស្ថានីយបូមទឹកបឹងទំពុន,តំបន់ជុំវិញស្ថានីយបូមទឹកបឹងត្របែកជាដើម ។ ដូច្នេះតំបន់ទាំងនេះនឹងលែងរងការគំរាមកំហែងដោយការជនលិចទៀតហើយ បន្ទាប់ពីគម្រោងរំដោះទឹកជំនន់ទឹកភ្លៀងទាំង១៣ខាងលើត្រូវបានស្ថាបនារួចរាល់ ។

លោក សាំ ពិសិដ្ឋ បញ្ជាក់បន្ថែមថា ក្នុងចំណោម១៣គម្រោង ដែលបាននឹងកំពុងអនុវត្ត ក្នុងនោះក៏មានគម្រោងពង្រីកស្ថានីយបូមទឹកឲ្យមានទំហំធំជាងមុន ដូចជានៅស្ថានីយលូប្រាំ និងស្ថានីយបមទឹកកប់ស្រូវ ហើយគម្រោងសាងសង់ សម្រង់កាយសម្រាមនៅបឹងត្របែក ។ លោកថា ចំពោះ១៣គម្រោងនេះ គិតមកដល់ពេលនេះការដ្ឋានអនុវត្តសម្រេចបាន ៦.៥% ហើយ អាចរំដោះទឹកចេញពីតំបន់បឹងត្របែក បឹងកេងកង ម៉ុងឌីយ៉ាល់ អាកាយយានដ្ឋានអន្តរជាតិភ្នំពេញ, បឹងទំពុននិងតំបន់ផ្សារដើមគរ។
បើតាមតំណាងក្រុមហ៊ុនភ្នំពេញព្រីខាសផ្លេន ដែលទទួលបានសិទ្ធិអនុវត្ដការងារ បុកស៊ីផាយ និងដាក់លូជ្រុង បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១១ខែកក្កដានេះ ការងារទាំងមូល សម្រេចបាន១៦ ភាគរយហើយ ដូចជា៖ ការស្ដារប្រឡាយ បុកស៊ីផាយប្រឡាយ និងដាក់លូជ្រុងជាដើម ។

សូមជម្រាបថា ៖ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវគោលបំណងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ សំដៅបញ្ចប់ បញ្ហាទឹកជន់លិចរាជធានីភ្នំពេញក្នុងរយៈពេល៥ឆ្នាំ ក្រោយបញ្ចប់គម្រោងនេះរាជធានីភ្នំពេញនឹងលែងលិចលង់ ជាមួយនិងការសាទរពីប្រជាពលរដ្ឋ។ ចំណែកគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោដែលជាគម្រោងប្រវត្តិសាស្រ្តលើកដំបូងនៅកម្ពុជា គម្រោងនេះក៏ជាផ្នែកដ៏សំខាន់មួយក្នុងការរំដោះទឹកភ្លៀងចេញពីរាជធានីភ្នំពេញផងដែរ ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *