ខេត្តព្រះសីហនុ៖ យ៉ាងហោចណាស់មានមនុស្ស៦នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជាបន្ត បន្ទាប់ ក្រោយនាំគ្នាបរិភោគត្រីក្រពត នៅចំណុចម្តុំទំនប់ រលក ក្រុងព្រះសីហនុ កាលពីល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥…។
នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ពាក់ព័ន្ធករណីនេះ អាជ្ញាធរបញ្ជូនពលរដ្ឋទាំង៦នាក់ដែលសង្ស័យថា មានអាការពុល ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ បន្ទាប់ពីបរិភោគត្រីក្រពតរួច។ អ្នក នាំពាក្យរដ្ឋបាលខេត្តព្រះសីហនុរូបនេះបន្ថែមថា ចំពោះស្ថានភាពសុខភាពប្រជាពលរដ្ឋទាំង៦នាក់ខាងលើ កំពុងស្ថិតក្នុងការតាមដាននៅឡើយ ហើយលោកនឹងជម្រាបជូនព័ត៌មានលម្អិតនៅពេលក្រោយ។
សូមជម្រាបថា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ ក្រសួងសុខាភិបាល ធ្លាប់បានប្រកាសឱ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការទទួលទានត្រីក្រពតមានជាតិពុលដែលអាចធ្វើឱ្យបាត់ បង់ជីវិត ព្រោះថា ជាតិពុលនៅក្នុងខ្លួនត្រីក្រពតមិនអាចកម្ចាត់ចោលបានទេ ទោះបីជាបានចម្អិន ឬដាក់ឱ្យកកក៏ដោយ។ នៅប្រទេសកម្ពុជា មានត្រីក្រពតចំនួន៩ ប្រភេទ ក្នុងនោះមាន៥ប្រភេទ មានជាតិពុលដែលមិនអាចទទួលទានបានឡើយ៕