ស្ថានភាពទឹកជំនន់នៅរដ្ឋភាគឦសានប្រទេសឥណ្ឌានៅតែធ្ងន់ធ្ងរនៅឡើយ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់នៅក្នុងគ្រោះទឹកជំនន់ បំណាក់ដី និងព្យុះក្នុងរដ្ឋមួយបានកើនឡើងដល់ ៧៨ នាក់ ។
ភ្លៀងធ្លាក់ខ្លាំងបណ្ដាលឲ្យជន់លិចផ្លូវថ្នល់ និងផ្លូវរថភ្លើងកាលពីថ្ងៃចន្ទ ទី៨ កក្កដា នៅក្នុងរដ្ឋធានីហិរញ្ញវត្ថុ ម៉ុមបៃរបស់ប្រទេសឥណ្ឌា ដោយជំរុញឱ្យអាជ្ញាធរបិទសាលារៀន និងមហាវិទ្យាល័យមួយចំនួន ខណៈទឹកជន់លិចច្រាំងទន្លេនៅរដ្ឋអាសាមភាគឦសាន បានប៉ះពាល់មនុស្សជាង ២លាននាក់។
សេចក្តីរាយការណ៍បានឲ្យដឹងថា ប្រជាជនសរុបចំនួន ២២.៧៤.២៨៩ នាក់ នៅក្នុងស្រុកចំនួន ២៨ នៃរដ្ឋនេះ បាននិងកំពុងប្រឈម នឹងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។ ឌូប្រ៊ី (Dhubri) គឺជាស្រុកដែលរងគ្រោះខ្លាំងជាងគេ ដោយមានប្រជាពលរដ្ឋ ចំនួន ៧.៥៤. ៧៩១ នាក់ បានប្រឈមការរំខានដោយសារទឹកជំនន់។
ទឹកជន់លិចផ្លូវ ១៧២ ខ្សែ ស្ពាន ៦ ខ្សែ និងទំនប់ទឹក ៨ កន្លែង ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ។ ទន្លេចំនួន ៩ រួមមាន ទន្លេព្រហ្មបុត្រ (Brahmaputra) ទន្លេ បារ៉ាក់ និងដៃរបស់ទន្លេនេះ កំពុងទប់ទល់កម្រិតទឹកខ្លាំង និងហូរលើសកម្រិតគ្រោះថ្នាក់នៅកន្លែងជាច្រើនក្នុងរដ្ឋនេះ៕