(ភ្នំពេញ) ៖រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនលោកស្រី កាមិកាវ៉ា យ៉ូកុ បានថ្លែងកោតសសើរយ៉ាងខ្លាំងដល់អង្គភាពស៊ីម៉ាក់សម្បូរទៅដោយប្រតិបត្តិករមានជំនាញក្នុងប្រតិបត្តិការបោសសម្អាតមីន។ ជាពិសេសប្រតិបត្តិករជាស្ត្រីដែលពោរពេញដោយសមត្ថភាពខ្លាំងក្នុងការបោសសំអាតគ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ទុកពីសង្គ្រាមទាំងនៅក្នុងផ្ទៃដីនិងក្រោមផ្ទៃទន្លេដើម្បីសុខសុវត្ថិភាពប្រទេសជាតិ និងកាត់បន្ថយការរងរបួសពិការឬ អាយុ ជីវិតមនុស្សនិងសត្វ ។
ការថ្លែងកោតសសើរបែបនេះ របស់លោកស្រី រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ក្នុងគ្រាដែលអញ្ជើញបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) ដើម្បីស្វែងយល់ពីវិស័យសកម្មភាពមីន និងទស្សនាពិព័រណ៍ការដាក់តាំងបង្ហាញសម្ភារៈបច្ចេក ទេស និងឧបរករណ៍បោសសម្អាតមីនទាំងនៅផ្នែកក្រោមផ្ទៃដី និងទាំងផ្នែកក្រោមផ្ទៃទឹកទន្លេ កាលពីរសៀលថ្ងៃទី៦ខែកក្កដា ឆ្នាំ២០២៤ នេះ។
ដោយក្នុងដំណើរទស្សនកិច្ចនេះលោកស្រី កាមិកាវ៉ា យ៉ូកុ ក៏ជួបប្រជុំពិភាក្សាទ្វេភាគីជាមួយលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីនទាំងបច្ចុប្បន្ន និងទៅអនាគត។
ក្នុងដំណើរទស្សនៈកិច្ចនេះដែរ លោកស្រី និងលោក ហេង រតនា ក៏បានធ្វើសន្និសីទសារព័ត៌មាន ដើម្បីប្រកាសយុទ្ធសាស្ត្រថ្មីនៃកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា លើវិស័យមីនផងដែរ។
នៅក្នុងឱកាសនោះលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានសម្ដែងនូវការអរគុណជាអនេកកប្បការចំពោះលោកជំទាវរដ្ឋមន្រ្តីការបរទេសជប៉ុន ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃបំផុតអញ្ជើញធ្វើទស្សនកិច្ចនៅកម្ពុជា និងបានជួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងឯកឧត្តមឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីការបរទេស ជាពិសេសការអញ្ជើញមកទស្សនកិច្ចនៅអង្គភាព CMAC ពិតជាមហាកិត្តិយសយ៉ាងខ្លាំង។
លោក ហេង រតនា បានថ្លែងថា ដំណើរទស្សនកិច្ចនេះពិតជាមានសារៈសំខាន់ជាប្រវត្តិសាស្រ្ដសម្រាប់វិស័យមីននៅកម្ពុជានិយាយជារួម និយាយដោយឡែកសម្រាប់អង្គភាព CMAC ក្នុងការលើកទឹកចិត្ត និងជំរុញវិស័យសកម្មភាពមីននៅកម្ពុជាឲ្យកាន់តែសកម្ម និងចូលរួមពង្រឹងសន្ដិភាព និងសុខសុវត្ថិភាពប្រជាជនកម្ពុជាឲ្យកាន់តែល្អប្រសើរថែមទៀត។
លោក ហេង រតនា បានថ្លែងថា ផ្អែកលើខ្លឹមសារប្រកាសអំពីយុទ្ធសាស្រ្ដថ្មីនៃកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា គំនិតផ្ដួចផ្ដើមលើសកម្មភាពមីន ដែលលោកជំទាវបានលើកឡើងនេះ ពិតជាមានសារៈសំខាន់មានទស្សន វិស័យវែងឆ្ងាយស៊ីជម្រៅ ក្នុងគោលបំណងជួយដល់ជនរងគ្រោះដោយសារមីន និងយុទ្ធភ័ណ្ឌសំណល់សង្គ្រាម ការបង្ការការពារសុខសុវត្ថិ ភាពប្រជាពលរដ្ឋទូទៅក្នុងសកលលោក ក៏ដូចជាប្រជាជនកម្ពុជា ជាពិសេសជនរងគ្រោះដោយសារគ្រាប់មីន និងប្រជាជនដែលកំពុងរងការគំរាមកំហែងដោយសារសំណល់យុទ្ធភ័ណ្ឌសង្គ្រាមនៅកម្ពុជា។
លោក បន្តថា ក្នុងនាមអង្គភាពCMAC ក៏ដូចជាមន្ដ្រីជំនាញសកម្មភាពមីននៅកម្ពុជា ឯកឧត្តម ពិតជាមានមោទកភាពចំពោះគំនិតផ្ដួចផ្ដើមនេះ និងសូមគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធសាស្រ្ដថ្មីនៃកិច្ចសហប្រតិបត្តិការ ដែលលោកជំទាវបានប្រកាសជាផ្លូវការនេះ។
លោក ហេង រតនា មានសង្ឃឹមយ៉ាងមុតមាំផងដែរថា ជាមួយការប្រកាសយុទ្ធសាស្រ្ដថ្មីនៃកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា លើវិស័យមីននេះ រាជរដ្ឋាភិបាលនិងប្រជាជនជប៉ុននឹងបន្ដគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក៏ដូចជាប្រជាជនកម្ពុជា ជាពិសេសអង្គភាព CMACក្នុងការកម្ចាត់ចោលគ្រាប់មីននិងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះធានាសុខសុវត្ថិភាពដល់ប្រជាជនកម្ពុជា និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់កម្ពុជា ។ ទន្ទឹមនឹងនេះអង្គភាពស៊ីម៉ាក់ រីករាយក្នុងការចូលរួមចែករំលែកបទពិសោធន៍ជាមួយបណ្ដាប្រទេស ដែលមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភ័ណ្ឌសង្គ្រាមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕