(ខេត្តកំពង់ស្ពឺ ) ៖ អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ចន្ទ័សោភ័ណ បានក្រើនរម្លឹកដល់មន្ត្រីរាជការទាំងអស់ក្នុងសាលាខេត្តត្រូវរួមគិត រួមធ្វើ ហើយបន្តពង្រឹងសមត្ថភាពក្នុងកិច្ចការការងារបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីធ្វើយ៉ាងណាឱ្យកាន់តែមានទំនុកចិត្តនិងជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ។ ការក្រើនរំលឹកនេះធ្វើឡើងគ្រាដែលជួបសំណេះ សំណាល ជាមួយមន្ត្រីរាជការក្នុងសាលាខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២៤ ។

លោក ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺក៏បានលើកឡើងថានៅក្នុងអាណត្តិដឹកនាំរបស់អតីតអភិបាលចាស់លោក វ៉ី សំណាង រដ្ឋបាលខេត្តបានខិតខំរួមសាមគ្គីគ្នា ក្នុងការងារអភិវឌ្ឍន៍ និងកិច្ចការបម្រើសេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អដោយបន្សល់ទុកនូវសមិទ្ធផលជាច្រើន គួរជាទីមោទនៈ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី កិច្ចការបន្ត នៅក្នុងអាណត្តិថ្មីនេះ មន្ត្រីរាជការនៃរដ្ឋបាលខេត្តទាំងអស់ ត្រូវរួបរួមគ្នាបន្តការងារទៅមុខទៀត គឺត្រូវប្រកាន់នូវគោលការណ៍ ពង្រឹងនូវគុណភាពនៃស្ថាប័នមួយនេះ ឱ្យកាន់តែមានភាពរឹងមាំ ឱ្យកាន់តែមានជំនឿទុកចិត្ត ហើយនិងជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា ស្ថាប័នរដ្ឋបាលខេត្ត គឺជាចំណុចស្នូល ដែលដាក់ចេញជាទិសដៅដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងមន្ត្រីរាជការគ្រប់ ក្រុង ស្រុក ឃុំ សង្កាត់ ទទួលបានគោលការណ៍ យកទៅអនុវត្ត ធ្វើយ៉ាងណា កសាងនូវជំនឿទុកចិត្តពីប្រជាពលរដ្ឋឱ្យបានខ្លាំងក្លាក្នុងការបំពេញភារកិច្ចរបស់ខ្លួន ហើយត្រូវជៀសវាងឱ្យផុតពីការសាងនូវកំហុស បង្កភាពឈឺចាប់និងប្រព្រឹត្តិអំពើពុករលួយក្នុងស្ថាប័ន។

អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ចន្ទ័សោភ័ណ បានបន្តថា ដើម្បីផ្ដល់ក្តីសង្ឃឹមនិងជំនឿទុកចិត្តពីប្រជាពលរដ្ឋមកលើរដ្ឋបាលខេត្ត មន្ត្រីនៃរដ្ឋបាលខេត្តត្រូវពង្រឹងសមត្ថភាព ពឹងផ្អែកទៅលើការបណ្ដុះបណ្ដាលនឹងត្រូវសិក្សាស្រាវជ្រាវឱ្យបានច្រើន បន្ថែមទៀត ពោលគឺត្រូវបន្តរៀនបន្ថែមទៀត តាមរយៈវគ្គបណ្ដុះបណ្ដាល ដើម្បីយកសមត្ថភាពពិតទៅបម្រើការងារ ទៅបម្រើប្រជាពលរដ្ឋ និយាយជារួម គឺការបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយ ប្រសិទ្ធភាព គុណភាព តម្លាភាព មិនប្រកាន់និងរើសអើង សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

ទន្ទឹមនិងនេះដែរដើម្បីឱ្យការដឹកនាំ ការផ្តល់សេវារដ្ឋបាលសាធារណៈប្រព្រឹត្តិទៅដោយរលូននិងទទួលបានការជឿទុកចិត្តក៏ទាមទារឱ្យថ្នាក់ដឹកនាំទាំងអស់ ទាំងក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ការិយាល័យគ្រប់ផ្នែក និងរដ្ឋបាលក្រុងស្រុករហូតដល់ឃុំសង្កាត់ត្រូវតែរួមគិត រួមធ្វើ និងធ្វើឱ្យកាន់តែសកម្មថែមទៀត។

ជាមួយនោះដែរអភិបាលខេត្តកំពង់ស្ពឺ ក៏បានបញ្ជាក់ផងដែរថា ចំពោះមន្តី្រទាំងអស់ដែលសកម្មនិងការងារក្នុងការបម្រើដល់សេវាសាធារណៈជូនពលរដ្ឋបានល្អ គឺត្រូវតែទទួលបានលើកទឹកចិត្តពីថ្នាក់ដឹកនាំ ពិសេសរាជរដ្ឋាភិបាល ហើយចំពោះមន្ត្រីដែលចាំតែហីអើ នោះរដ្ឋបាលខេត្តត្រូវតែមានវិធានការរដ្ឋបាលជាបន្ទាន់ដើម្បីជៀសវាងគំរូអាក្រក់ដល់មន្ត្រីដទៃទៀត៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed