អាជ្ញាធរអគ្គិសនីកម្ពុជាបានបញ្ជាក់ថា អ្នកកាន់អាជ្ញាបណ្ណធ្វើសេវាកម្មផ្គត់ផ្គង់អគ្គិសនីក្នុង ព្រះរាជាណាចក្រកម្ពុជា កន្លងមកអាជ្ញាធរអគ្គិសនីកម្ពុជាបានចេញលិខិតលេខ ១៤៩.ផក .២៣ អអក ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការធ្វើស្វ័យប្រកាសអំពីការដំឡើង និងការប្រើប្រាស់ប្រព័ន្ធ ថាមពលពន្លឺព្រះអាទិត្យលើដំបូលដែលពុំមានការអនុញ្ញាត ដោយតម្រូវឱ្យអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ដែល បានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យនៅលើដំបូល ដោយពុំមានការអនុញ្ញាត មកដាក់ពាក្យប្រកាសអំពីការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យរបស់ខ្លួន នៅទីស្នាក់ការរបស់អគ្គិសនីកម្ពុជា ឬទីស្នាក់ការរបស់អ្នកផ្គត់ផ្គត់អគ្គិសនីឯកជន ដែលឋិតនៅក្នុងតំបន់ដែលខ្លួនកំពុងប្រើប្រាស់អគ្គិសនី។
អាជ្ញាធរអគ្គិសនីកម្ពុជា បានអំពាវនាវបន្ថែមឱ្យអ្នកប្រើប្រាស់អគ្គិសនីដែលបានដំឡើង និងប្រើប្រាស់ ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ហើយពុំទាន់បានធ្វើស្វ័យប្រកាសតាមការអំពាវនាវកន្លងមក មកធ្វើ ស្វ័យប្រកាស ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។
ក្នុងរយៈពេល៧ (ប្រាំពីរ) ថ្ងៃ បន្ទាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ អ្នកកាន់អាជ្ញាបណ្ណត្រូវបញ្ជូនលិខិត ស្វ័យប្រកាសដែលទទួលបានពីអ្នកប្រើប្រាស់ មកអាជ្ញាធរអគ្គិសនីកម្ពុជា៕