ខេត្តកំពង់ស្ពឺ៖ ដោយសម្លឹងឃើញពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺ ពិសេស លើវិស័យកសិកម្ម និងឧស្សាហកម្ម ឯកអគ្គរាជទូតប្រទេសឥណ្ឌូនេស៊ី ប្រចាំនៅព្រះរាជាណចក្រកម្ពុជា លោក Santo Darmosumarto មានបំណងទិញអង្ករពីកម្ពុជាឥ្យបានច្រើនខណៈឆ្នាំ២០២៤នេះ ឥណ្ឌូនេស៊ីបាននាំអង្ករចេញពីកម្ពុជាប្រមាណជាង២៣០០តោនប៉ុណ្ណោះខណៈតម្រូវការនិងការនាំអង្ករចូលពីតាមបណ្តាទេសនានាក្នុង១ឆ្នាំជាង៣លានតោន ជារៀងរាល់ឆ្នាំ ប៉ុន្តែក្នុងចំណោមនោះមានអង្ករប្រទេសកម្ពុជា បាននាំចូលប្រទេសឥណ្ឌូនេស៊ី តិចតួចប៉ុណ្ណោះ។
លោកឯកអគ្គរាជទូតបានថ្លែងបែបនេះក្នុងជំនួបពិភាក្សាការងារជាមួយអភិបាលខេត្តកំពង់ស្ពឺ លោក ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤។
លោក Santo Darmosumarto បានបញ្ជាក់ថា ជំនួបនេះលោកមានបំណងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម ជាពិសេសផ្តោតលើវិស័យកសិកម្ម និងកសិឧស្សាហកម្ម ទំនាក់ទំនងរវាងប្រជាជន នៃខេត្តកំពង់ស្ពឺ ពិសេសប្រជាជនកម្ពុជាទាំងមូល និងប្រជាជននៃប្រទេសឥណ្ឌូនេស៊ីសរុបប្រមាណជា២៧១លាននាក់។
លោកថាប្រជាជនដ៏ច្រើននេះ ប្រទេសឥណ្ឌូនេស៊ី បាននាំចូលនូវអង្ករប្រមាណជាង៣លានតោនក្នុងមួយឆ្នាំៗ ពីតាមបណ្តាប្រទេសនានា ដើម្បីបំពេញនូវការហូបចុកក្នុងនោះក៏មានការនាំចូលអង្ករពីប្រទេសកម្ពុជាផងដែរ។ ប៉ុន្តែក្នុងចំណោមជាង៣លានតោននេះ អង្ករដែលនាំចេញពីកម្ពុជាក្នុងឆ្នាំ២០២៣ បានត្រឹមតែ១៥០០តោន ហើយឆ្នាំ២០២៤បានត្រឹមតែ២៣០០តោនប៉ុណ្ណោះ។
ជុំវិញការលើកឡើងរបស់ឯកអគ្គរាជទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជាខាងលើនេះដែរ អភិបាល ខេត្តកំពង់ស្ពឺ លោក ជាម ចន្ទ័សោភ័ណ ក៏បានបញ្ជាក់ពីសក្តានុពល របស់ខេត្តកំពង់ស្ពឺផងដែរ ។ ក្នុងនោះខេត្តកំពង់ស្ពឺ គឺមានផ្ទៃដីធំ ដែលបំពេញដល់តម្រូវការដល់អ្នកវិនិយោគផ្នែកកសិកម្ម និងកសិឧ្សាហកម្ម ជាងនេះផ្នែកឧស្សាហកម្ម ក៏កំពុងមានការលូតលាស់យ៉ាងខ្លាំង បើគិតមកទល់ពេលនេះមានរោងចក្រ សហគ្រាសជាង៤០០កន្លែង។
លោកអភិបាលខេត្តក៏បានស្នើសុំឱ្យឯកអគ្គរាជទូតឥណ្ឌូនេស៊ី ជួយកៀគរអ្នកវិនិយោគឥណ្ឌូនេស៊ី ដែលមានបំណងចង់រកស៊ី នៅកម្ពុជាឱ្យងាកមកដាក់ទុនវិនិយោគនៅខេត្តកំពង់ស្ពឺ ដើម្បីបង្កើនឱកាសការងារដល់ប្រជាពលរដ្ឋបន្ថែមទៀត ៕