លោកសាស្ត្រាចារ្យ ឃុន លាងឈុន អនុប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានឲ្យដឹងថា បច្ចុប្បន្នមានកុមារកម្ពុជា ប្រមាណជិត៧០០នាក់ បានកើតជំងឺទឹកនោមផ្អែមប្រភេទ១។
ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះមានការកើនឡើងដែលក្នុងមួយឆ្នាំមានរហូតដល់២០ករណី។ ជំងឺប្រភេទនេះមាននៅមន្ទីពេទ្យគន្ធបុប្ផា ទាំងនៅភ្នំពេញ និងសៀមរាបមានការកើនឡើងចំនួន៦៩៨នាក់ ក្នុងនោះនៅមន្ទីពេទ្យគន្ធបុប្ផាខេត្តសៀមរាប មានចំនួន៣០៩នាក់។ ក្មេងកើតជំងឺនេះ ភាគច្រើនមានអាយុពី ៤-១៤ ឆ្នាំ។
ជំងឺទឹកនោមផ្អែម គឺជាជំងឺដែលបណ្តាលមកពីការខ្វះខាតអាំងស៊ុយលីន ឬលំពែងមិនផលិតអាំងស៊ុយលីនគ្រប់គ្រាន់។ គេមិនទាន់បានដឹងច្បាស់នៅឡើយទេពីមូលហេតុនៃជំងឺនេះ។
បើតាមលោកសាស្ត្រាចារ្យបានបញ្ជាក់ថា ជំងឺទឹកនោមផ្អែមប្រភេទទី១ គឺលេចចេញជារោគសញ្ញាក្រោយពីនៅពេលអាំងស៊ុយលីន បំប្លែងទៅក្នុងខ្លួនអស់លេចចេញរោគសញ្ញាភ្លាមៗ ហើយលឿនបំផុតនៅពេលចេញរោគសញ្ញាហើយ ឪពុកម្តាយមិនបាននាំមកពេទ្យ ឬទៅព្យាបាលភ្លាមៗនោះទេ កូនក្មេងវិវត្តិទៅជាសន្លប់ ឬស្លាប់។
លោកសាស្ត្រាចារ្យ ឃុន លាងឈុន បានបញ្ជាក់ដូច្នេះថា «ជំងឺទឹកនោមផ្អែម គឺជាជំងឺដែលបណ្តាលមកពីរការខ្វះខាតអាំងស៊ុយលីន ឬលំពែងមិនផលិតអាំងស៊ុយលីនគ្រប់គ្រាន់។ គេមិនទាន់បានដឹងច្បាស់នៅឡើយទេពីមូលហេតុនៃជំងឺនេះ»។
លោកបន្តថា ជំងឺទឹកនោមផ្អែម ជាជំងឺដែលកើតតាមរយៈការកើនឡើងជាតិស្ករខ្ពស់នៅក្នុងឈាម ដែលបណ្តាលមកពីការស៊ាំជាមួយអកម៉ូនអាំងស៊ុយលីន និងការផលិតអកម៉ូនអាំងស៊ុយលីនមិនគ្រប់គ្រាន់សំរាប់ការប្រើប្រាស់។ ជំងឺទឹកនោមផ្អែមប្រភេទទី១ ត្រូវការព្យាបាល ដោយថ្នាំតែមួយគត់ គឺអាំងស៊ុយលីន។
លោកសាស្ត្រាចារ្យ បញ្ជាក់ថា បច្ចុប្បន្ននៅលើពិភពលោកមិនទាន់មានថ្នាំព្យាបាលជម្ងឺទឹកនោមផ្អែមនៅឡើយទេ។ តែគេអាចការពារមិនឲ្យកើតជំងឺនេះ តាមរយៈការរក្សាទម្ងន់សុខភាព ហាត់ប្រាណឲ្យបានទៀងទាត់ ការញ៉ាំអាហារត្រឹមត្រូវ និងការតាមដានស្ករនៅក្នុងឈាម ជាពិសេសកំហាប់ភាគរយស្ករនៅក្នុងឈាម៕