ខេត្តព្រៃវែង ៖ សមត្ថកិច្ចនិងប្រជាពលរដ្ឋបាននាំគ្នាចេញល្បាតបានប្រទះឃើញសត្វចម្លែកមួយក្បាល បានលោតចូលក្នុងរបងផ្ទះប្រជាពលរដ្ឋបម្រុងចាប់សត្វឆ្កែអ្នកស្រុកស៊ី ក៏ត្រូវម្ចាស់ផ្ទះទាន់ស្រែកធ្វើឲ្យសត្វនេះផ្អើលលោតចេញមកក្រៅ ស្របពេលនោះកម្លាំងសមត្ថកិច្ចចេញល្បាត និងប្រជាពលរដ្ឋបានឃើញក៏នាំគ្នាពទ្ធ័វាយបានពិនិត្យទៅមិនស្គាល់ថា ជាសត្វអ្វី គ្រាន់តែថាដូចសត្វឆ្កែដែរ តាមពិពិវាជាសត្វកញ្ជ្រោង។
ករណីសមត្ថកិច្ចវាយបានសត្វចម្លែកនេះ បានកើតឡើងនៅវេលាម៉ោង០០និង៣៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ មិថុនា ២០២៤ នេះ ស្ថិតនៅភូមិអូរកន្ទុយ ឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។
បើតាមសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាស្មោងខាងត្បូងបានប្រាប់អ្នកសារព័ត៌មាថា ដោយមានសត្វចម្លែក ធ្វើសកម្មភាពចាប់សត្វឆ្កែអ្នកស្រុកជាបន្តបន្ទាប់ ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយ បារម្ភពីសុវត្ថិភាពទ្រព្យសម្បត្តិ សត្វរបស់ពួកគាត់ លោកស្នងការខេត្តព្រៃវែងបានដាក់បទបញ្ជាឲ្យកងកម្លាំងប៉ុស្ត៍រដ្ឋបាល សហការជាមួយកម្លាំងប្រជាការពារ និងប្រជាពលរដ្ឋនាំគ្នាធ្វើប្រតិបត្តិការចុះល្បាតតាមភូមិ និងរុករកតាមគម្ពោធព្រៃ ដើម្បីរកសត្វចម្លែកនេះ ។
មុនដំបូងគឺសង្ស័យថា ជាសត្វខ្លាទើបមានការព្រួយបារម្ភ ក៏ប៉ុន្តែពេលជួបសត្វចម្លែក១ក្បាល ទើបសន្និដ្ឋានថា ប្រហែលជាមិនមែនសត្វខ្លាទេ គឺសត្វកញ្ជ្រោង១ក្បាលនេះ ។ សមត្ថកិច្ចបញ្ជាក់ថា នេះគឺគ្រាន់តែសន្និដ្ឋានបឋមដំបូងទេ គឺសមត្ថកិច្ចបន្តល្បាតទៀតក្រែងមិនមែនសត្វកញ្ជ្រោង១ក្បាលនេះ ហើយវានៅមានច្រើនក្បាលទៀត ឬក៏មានសត្វខ្លា ។ ក៏ប៉ុន្តបដិសេធចំពោះអ្នកសារព័ត៌មានអនឡាញមួយដែលលើកឡើងថា ជាចោរបង្កើតរឿងឲ្យប្រជាពលរដ្ឋភ័យខ្លាច គឺពិតជាមានសត្វចម្លែក មកចាប់សត្វឆ្កែអ្នកស្រុកស៊ីពិតមែន។
សូមរំលឹកផងដែរ កន្លងមក មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក៏ដូនចជាអាជ្ញាធរនៅភូមិព្រែកត្នោត ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង បានប្រទះឃើញសត្វឆ្កែមួយក្បាលងាប់ដោយមានសភាពបាក់កនិងរហែកចេញពោះវៀនចេញមកក្រៅ ព្រមទាំងមានស្នាមករកេរស៊ីឆ្អឹងជំនីខ្ចីអស់ដែលប្រជាពលរដ្ឋ សង្ស័យថា ជាសត្វខ្លាខាំស៊ីដូចករណីឆ្កែងាប់លើកមុនដែរ។
ពាក់ព័ន្ធករណីសត្វឆ្កែអ្នកស្រុកងាប់ជាបន្តបន្ទាប់នេះ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានប្រាប់អ្នកសារព័ត៌មានថា លោកបានទទួលព័ត៌មាននេះ ហើយបានឲ្យខាងអាជ្ញាធរដែនដីមានអាជ្ញាធរឃុំ នគរបាលប៉ុស្តិ៍រដ្ឋបាល ប្រជាការពារកំពុងដុតដៃដុតជើងតាមរកនៅតាមគម្ពោធព្រៃ ព្រៃរបោះដែលជាប់មាត់ទឹកផងដែរ។
លោក ស៊ូ ម៉ុល បញ្ជាក់ទៀតថា ចំពោះករណីមានសត្វឆ្កែរបស់ប្រជាពលរដ្ឋត្រូវសត្វចម្លែកខាំងាប់ជាបន្តបន្ទាប់នេះ បានកើតឡើងកាលមុននៅស្រុកកំចាយមារ ខេត្តព្រៃវែង បន្ទាប់មកក៏រាលដាលដល់ ស្រុករមាសហែក សមត្ថកិច្ច ក៏ដូចជាអាជ្ញាធមិនទាន់កំណត់មុខសញ្ញាថាជាសត្វអ្វីឲ្យពិតប្រាកដនោះទេ ប៉ុន្តែក្រុមជំនាញដែលបានធ្វើការពិសោធន៍មុខរបួសសត្វនោះបានសង្ស័យថា ជាសត្វខ្លា ។
ពលរដ្ឋនៅឃុំស្មោងខាងត្បូងបានប្រាប់ថា ប៉ុន្មានថ្ងៃមុនបានប្រទះឃើញសត្វចម្លែកមានរាងស្រដៀងសត្វឆ្កែ ប៉ុន្តែមាឌធំមានសម្បុរខ្មៅ ហើយកន្ទុយបាស់ដូចសត្វកញ្ច្រោងគួរឲ្យខ្លាចចូលក្នុងផ្ទះអ្នកភូមិ ហើយលោតខាំសត្វឆ្កែពួកគាត់ ខណៈនោះត្រូវម្ចាស់ឆ្កែទាន់ សត្វសាហាវទាំងនោះរត់ចេញបាត់អស់។
គួរបញ្ជាក់ថា ការប្រទះឃើញសត្វឆ្កែងាប់ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ មានករណីសត្វមិនស្គាល់អត្តសញ្ញាណបានខាំសត្វឆ្កែត្រង់ករឲ្យងាប់រួចខាំហែកពោះយកឆ្អឹងជំនីស៊ីគឺមាន១២ករណីហើយ គឺនៅស្រុកកំចាយមា ខេត្តព្រៃវែង និងនៅឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង៕