ខេត្តកំពង់ស្ពឺ ) ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិស្តុកជ្រៃ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំនួន២៩១គ្រួសារ បាននាំគ្នាធ្វើពាក្យបណ្តឹង ហើយផ្តិតមេដៃ ដាក់ពាក្យបណ្តឹងទៅលោកមេឃុំ និងលោកអភិបាលស្រុកភ្នំស្រួច ដើម្បីសុំប្តូរលោក នួន ស៊ឺន មេភូមិចាស់ ប្តូរថ្មីវិញ ក៏ព្រោះតែលោក នួន ស៊ឺន មេភូមិ រូបនោះមិនយកចិត្តទុកដាក់ធ្វើការបម្រើប្រជាពលរដ្ឋ គឺយកផលប្រយោជន៍ និងលាភសក្ការៈជាធំ តែងតែប្រព្រឹត្តអំពើពុករលួយ។ អ្វីដែលធ្វើឱ្យប្រជាពលរដ្ឋហួសចិត្តនោះគឺ មានសប្បុរសជនធ្វើការអភិវឌ្ឍន៍យកគ្រឿងចក្រជីកស្តារទំនប់ ស្រះ ដើម្បីឱ្យមានជម្រៅជ្រៅបានទឹកសម្រាប់ឱ្យប្រជាជនប្រើប្រាស់ ប៉ុន្តែមេភូមិស្តុកជ្រៃរូបនោះ ទៅទាមទារលុយពីម្ចាស់គ្រឿងចក្រក្នុងមួយរថយន្ត៤០០០រៀល (ស្មើ1$) បើមិនឱ្យលុយទេ គាត់មិនឱ្យជីកស្តារទំនប់ និងស្រះនោះឡើយ។ មិនតែប៉ុណ្ណោះ ពេលដែលក្រុមការងារមន្ទីរជំនាញចុះធ្វើការវាស់វែងដីធ្លីជាលក្ខណៈប្រព័ន្ធលោកមេភូមិរូបនេះបានទាមទារលុយពីប្រជាពលរដ្ឋទើបស៊ីញ៉េឱ្យ។

ជួបជាមួយអ្នកសារព័ត៌មាន ប្រជាពលរដ្ឋមាន ឈ្មោះ សិន ភឿន ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិស្តុកជ្រៃ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺលើកឡើងថា បានជាប្រជាពលរដ្ឋផ្តិតមេដៃប្តឹងលោកមេភូមិស្តុកជ្រៃទៅថ្នាក់លើប្តូរមេភូមិថ្មីនេះ ដោយសារ មេភូមិ នួន ស៊ឺន រូបនេះតែងតែប្រព្រឹត្តអំពើពុករលួច បក្ខពួកនិយម ចង់បានតែផលប្រយោជន៍ និងលាភសក្ការៈ ជាក់ស្តែងរូបលោកផ្ទាល់ ជំនាញសុរិយោដីចុះវាស់វែងធ្វើប្លង់បណ្ណកម្មសិទ្ធិជាលក្ខណៈប្រព័ន្ធ តែលោកមេភូមិស្តុកជ្រៃទាមទារលុយពីគាត់ចំនួន៨០ម៉ឺនរៀល(ស្មើនឹង200$) ដោយចង់បានប្លង់ដីមកកាន់កាប់គាត់ក៏សុំត្រឹម៦០ម៉ឺនរៀលបានហើយ។ ពេលនោះប្រមូលលុយនៅក្នុងផ្ទះបានត្រឹមតែ៤០ម៉ឺនរៀលយកទៅឱ្យលោក នួន ស៊ឺន មេភូមិរូបនោះនិយាយថា អញយក៤០ម៉ឺនរៀលសិន ចឹងភឿនឯងនៅជំពាក់អញ២០ម៉ឺនរៀលទៀត។ ទង្វើររបស់លោកមេភូមិស្តុកជ្រៃនេះហើយទើបធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងភូមិមិនសប្បាយចិត្តហើយនាំគ្នាផ្តិតមេដៃដាក់ពាក្យបណ្តឹងទៅលោកមេឃុំតាំងសំរោង និងលោកអភិបាលស្រុកភ្នំស្រួច សុំប្តូរមេភូមិចាស់ ដាក់ថ្មីវិញ។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋ ឈ្មោះ ធិន ថន ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិស្តុកជ្រៃ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ទង្វើរបស់លោក នួន ស៊ឺន មេភូមិស្តុកជ្រៃដែលប្រជាពលរដ្ឋមិនពេញចិត្តហើយនាំគ្នាផ្តិចមេដៃប្តឹងទំលាក់ឱ្យថ្នាក់លើប្តូរចេញនោះ គឺមានពេលមួយនោះទំនប់ ស្រះទឹករួមភូមិដែលប្រជាពលរដ្ឋប្រើប្រាស់បានរីងស្ងួត ហើយមានសប្បុរសជន យកគ្រឿងចក្រជីកស្តារឱ្យជ្រៅដើម្បីបានទឹកច្រើនសម្រាប់ឱ្យប្រជាពលរដ្ឋបានទឹកប្រើប្រាស់ បែរជាលោកមេឃុំស្តុកជ្រៃ ទាមទារលុយពីម្ចាស់គ្រឿងចក្រដែលគេមានចិត្តសប្បុរសធម៌ ចំណាយលុយកាក់ធនធានរបស់គេ ជួយជីកស្តារស្រះនោះ ក្នុងមួយរថយន្ត៤០០០រៀល(1$)ទៅវិញ ពេលនោះម្ចាស់គ្រឿងចក្រគេក៏មិនជីកស្តារទំនប់ និងស្រះនោះទៅ។ ទង្វើររបស់លោកមេភូមិធ្វើនេះហើយទើប បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិមិនពេញចិត្តនិងបានដាក់ពាក្យបណ្តឹង ផ្តិតមេដៃទៅថ្នាក់ឃុំ ថ្នាក់ស្រុក សុំប្តូរមេភូមិចង់បានតែផលប្រយោជន៍ និងលាភសក្ការៈ មិនដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋនោះ។

ដោយឡែកប្រជាពលរដ្ឋ ឈ្មោះ ប៊ូ ចាន់ថន ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរកសិករ ឈ្មោះ ប៊ូ សុផល ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរកសិករ និងឈ្មោះ ទេព ឆិល ភេទប្រុស អាយ៥៤ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិស្តុកជ្រៃ ឃុំតាំងសំរោង ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាននិយាយស្រដៀងគ្នាថា រាល់ទង្វើររបស់លោក នួន ស៊ឺន មេភូមិស្តុកជ្រៃនោះ ប្រជាពលរដ្ឋ២៩១គ្រួសារមិនពេញចិត្តនោះឡើយ ដោយសារតែភាពព្រងើយកន្តើយ មិនធ្វើការងារបម្រើប្រជាពលរដ្ឋ ពេលដែលប្រជាពលរដ្ឋទៅពឹងពាក់ សុំច្បាប់ ឬសុំស៊ីញ៉េ លោកមេភូមិរូបនោះតែងតែទាមទារលុយកាក់។

ជាក់ស្តែងពេលរាជរដ្ឋាភិបាលបានចាត់ឱ្យមន្ត្រីជំនាញចុះធ្វើការវាស់វែងដីធ្លីជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិ មិនបានកំណត់ឱ្យយកលុយនោះទេ ប៉ុន្តែលោកមេភូមិស្តុកជ្រៃទាមទារលុយពីប្រជាពលរដ្ឋចាប់ពី១០ម៉ឺន រហូតដល់៨០ម៉ឺនរៀលក៏មាន នៅមានរឿងដែលលោកមេភូមិប្រព្រឹត្តអំពើពុករលួយច្រើនទៀតដែលរាប់មិនអស់ ដូចនេះទើបបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិនាំគ្នាផ្តិតមេដៃដាក់ពាក្យបណ្តឹងទៅលោកមេឃុំតាំងសំរោង និងលោកអភិបាលស្រុកភ្នំស្រួច ដើម្បីសុំប្តូរមេភូមិថ្មី ដែលមានសមត្ថភាព បម្រើប្រជាពលរដ្ឋពិតស្មោះត្រង់ មិនពុករលួយផងដែរ។

ជាចុងក្រោយបងប្អូនប្រជាពលរដ្ឋទាំង២៩១គ្រួសារដែលមានស្នាមមេដៃនិងឈ្មោះស្រាប់ ធ្វើការសំណូមពរដល់លោក វុី សំណាង  អភិបាលខេត្តកំពង់ស្ពឺ លោក អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយដកលោកមេភូមិស្តុកជ្រៃដែលតែងតែប្រព្រឹត្តអំពើពុករលួយ មិនបម្រើការងារជូនប្រជាពលរដ្ឋចេញផង ហើយសុំដាក់មេភូមិថ្មីដែលមានសមត្ថភាព និងមានឆន្ទៈបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងប្រជាទេសជាតិជំនួសវិញ ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *