ខេត្តបាត់ដំបង៖លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី អញ្ជើញជាអធិបតី និងបានដឹកនាំ ថ្នាក់ដឹកនាំ មន្រ្តីរាជការ សមាជិកសមាជិកាគណបក្សប្រជាជន នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រារព្ធពិធីអបអរសាទរខួបទី៧៣ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤) ដែលរៀបចំឡើងនៅទីស្នាក់ការគណបក្សស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២៤។
គណបក្សប្រជាជនកម្ពុជា បានសាងស្នាដៃ និងគុណបំណាច់ដ៏ឧត្តមសម្រាប់ជាតិ និងប្រជាជនកម្ពុជាមួយនេះ ហើយជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរតស៊ូប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដើម្បីបំផុស និងដឹកនាំចលនាប្រជាជននៅទូទាំងប្រទេស វាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍជាតិតាំងពីអតីតកាល បច្ចុប្បន្នកាល និងថ្ងៃអនាគត៕