(ភ្នំពេញ)៖ លោក ជុំ សុន្ទរី រដ្ឋលេខាធិការនិងជាអ្នកនាំ ពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបាន ឆ្លើយតបទៅនឹងការសាកសួរ របស់អ្នកសារព័ត៌មានអំពីជំហររបស់កម្ពុជាលើ “ការយល់ដឹងរួមប្រាំមួយចំណុចស្តីពីដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន” (Six-Point Common Understanding on Political Settlement of the Ukraine Crisis) ដែលបានលើកឡើងរួមគ្នាដោយសាធារណៈរដ្ឋប្រជាមានិតចិន និងប្រេស៊ីល នៅថ្ងៃទី ២៣ ឧសភា ឆ្នាំ ២០២៤។
អ្នកនាំពាក្យក្រសួងការបរទេសនៃកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា ៖ ខ្ញុំសូមគូសបញ្ជាក់ដូចតទៅ៖ កម្ពុជាគាំទ្រ “ការយល់ដឹងរួមប្រាំមួយចំណុច ស្តីពីដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន” របស់ចិន និងប្រេស៊ីល ដោយខ្លឹមសារនៃឯកសារនេះសមស្រប ឆ្លើយតបសភាពការណ៍ជាក់ស្តែង ដែលត្រូវសង្កត់ធ្ងន់លើអាទិភាពចំពោះមុខចំនួន៤គឺ (១) ទប់ស្កាត់កំណើនភាពតានតឹង និងបង្កបរិយាកាសអំណោយផលដល់ការសន្ទនា ដែលចាំបាច់ត្រូវមានការចូលរួមពីអ៊ុយក្រែន និងរុស្ស៊ី (២) បញ្ចៀសការធ្លាក់ដុនដាបកាន់តែខ្លាំងនូវវិបត្តិមនុស្សធម៌ (៣) បញ្ចៀសវិបត្តិនុយក្លេអ៊ែរ និង (៤) បង្កើនការខិតខំលើកកម្ពស់សន្តិសុខស្បៀង ថាមពល និងស្ថិរភាពខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ៕