(ភ្នំពេញ)៖ សហភាពសហជីពកម្ពុជាពន្លឺកម្មករ ស្នើឱ្យអង្គការUSAID ធ្វើការពិចារណាឡើងវិញចំពោះការឧបត្ថម្ភកញ្ចប់ថវិកាសម្រាប់ធ្វើសកម្មភាពដល់អង្គការសង់ត្រាល់ បន្ទាប់ពីសកម្មភាពរបស់គាត់គឺមានចរិកនយោបាយ និងញុះញង់ លាបពណ៌ ឱ្យមានការរើសអើងសហជីព និងបំបែកបំបាក់សាមគ្គីភាពរវាងសហជីពនៅកម្ពុជា ជាពិសេសប៉ះពាល់ដល់ស្ថិរភាពការងារ និងផលប្រយោជន៍របស់កម្មករ និយោជិត។ ។
ប្រាប់អ្នកសារព័ត៌មានក្នុងពេលយកញ្ញត្ដិដាក់នៅស្ថានទូតអាមេរិក នៅព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៤ លោកស្រី សៀ គន្ធា អគ្គលេខាធិការសភាពសហជីពកម្ពុជាបានឱ្យដឹងថា គោលបំណងនាព្រឹកនេះ ក្រុមសហជីពបានយកញ្ញត្ដិដាក់នៅស្ថានទូតអាមេរិករួចហើយ ដើម្បីស្នើសុំដោយទទូចដល់ឱ្យលោកនាយកអង្គការUSAIDធ្វើការពិចារណាឡើងវិញចំពោះការឧបត្ថម្ភកញ្ចប់ថវិកា ដល់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់» និងសូមណែនាំឱ្យពួកគាត់ធ្វើសកម្មភាពប្រកបដោយតម្លាភាព និងស្របតាមតាមលក្ខន្តិករបស់ខ្លួន ជាពិសេសឱ្យស្របតាមច្បាប់របស់កម្ពុជា។
លោកស្រីបានបញ្ជាក់ថា ការដាក់ញ្ញត្ដិនេះ ព្រោះសហជីពមើលឃើញពីរបាយការណ៍សង់ត្រាល់ចេញផ្សាយកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅនេះ ស្តីពីស្ថានភាពសេរីភាពសហជីពឯករាជ្យកម្ពុជានៅតែប្រឈមឧបសគ្គរារាំងហើយ ថាសង់ត្រាល់បានធ្វើការសម្ភាសដោយវាយតម្លៃពីស្ថានភាពកម្មករ និងសហជីពក្នុងរោងចក្រចំនួន ១៤ ដែលស្ថិតក្រោមកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជានៃអង្គការពលកម្មអន្តរជាតិ (ILO-BFC) ក្នុងចំណោមសហជីពចំនួន ១៤ នេះ មានសហជីពចំនួន ១០ រងការបំភិតបំភ័យដោយផ្ទាល់មាត់ ការគំរាមកំហែង ការបៀតបៀន និងការដាក់ក្នុងបញ្ជីខ្មៅដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការបំពេញការងាររបស់ពួកគេ ហើយក៏បានទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធគួរតែពិនិត្យមើលឡើងវិញ ដើម្បីកុំឱ្យមានការរំលោភសិទ្ធិសេរីភាពការងាររបស់កម្មករ-និយោជិត និងសហជីព។
លោកស្រីយល់ឃើញថា ខ្លឹមសារនៃរបាយការណ៍ខាងលើនេះវាមិនបានឆ្លុះបញ្ចាំងពីការពិតនិងមិនមានមូលដ្ឋានច្បាស់លាស់ដែលធ្វើឱ្យប៉ះពាល់កិត្តិយសជាតិ ប៉ះពាល់ដល់ស្ថិរភាពការងារ និងផលប្រយោជន៍រួមរបស់
កម្មករ និយោជិតនៅកម្ពុជាទាំងមូល។ ជាពិសេសរបាយការណ៍នេះ មានចរិកនយោបាយ និងញុះញង់ លាបពណ៌ ឱ្យមានការរើសអើងសហជីព និងបំបែកបំបាក់សាមគ្គីភាពរវាងសហជីពនៅកម្ពុជា។
ក្រៅពីនេះ អង្គការសង់ត្រាល់ជាអង្គការដែលបានចុះបញ្ជិកា នៅក្រសួងមហាផ្ទៃ ប៉ុន្តែបែរជា បានលួចផ្តល់ថវិកា ដើម្បីចងក្រងបង្កើតសហជីពនៅតាមរោងចក្រ សហគ្រាសមួយចំនួន ដែលផ្ទុយពីលក្ខន្តិករបស់ខ្លួនថែមទៀតផង។
សកម្មភាពរបស់អង្គការ សង់ត្រាល់ ដែលបានធ្វើនិងកំពុងបន្តធ្វើ គឺមិនបានអនុលោមតាមលក្ខន្តិកច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីអង្គការសមាគម និងច្បាប់ស្តីពីការងារកម្ពុជាឡើយ។
លោកស្រីបានបន្ថែមថា ក្នុងនាមជាតំណាង កម្មករ និយោជិត មានការព្រួយបារម្ភយ៉ាងខ្លាំងពីផលប៉ះពាល់ដល់ស្ថិរភាពការងារ និង ផលប្រយោជន៍របស់កម្មករ និយោជិតផងដែរ ៕