(ភ្នំពេញ)៖ នារសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយ លោកវេជ្ជបណ្ឌិត សាយយ៉ា ម៉ាអ៊ូ ព្យួកាឡា (Saia Ma`u Piukala) នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ក្នុងអំឡុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២៤។

ឆ្លៀតក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោកនាយកប្រចាំតំបន់នៅប្រទេសកម្ពុជានាពេលនេះ និងសូមអបអរសាទរ លោក សាយ យ៉ា ដែលត្រូវបានតែងតាំងជា នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់អង្គការសុខភាពពិភពលោក ដែលតែងតែជួយដល់វិស័យសុខាភិបាលកម្ពុជា ទាំងជំនួយបច្ចេកទេស និងធនធានថវិកា។

ជាការឆ្លើយតប លោកវេជ្ជបណ្ឌិត សាយយ៉ា បានថ្លែងអំណរដល់ក្រសួងសុខាភិបាល ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក និងបានថ្លែងអំណរគុណដល់ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ដែលបានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាលទៅចូលរួមមហាសន្និបាតសុខភាពពិភពលោកលើកទី៧៧ កាលពីខែឧសភា ឆ្នាំ២០២៤កន្លងមកនេះ។

លោកវេជ្ជបណ្ឌិតសាយយ៉ា ក៏បានសម្តែងនូវការអបអរសាទរជូនចំពោះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ដែលត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងសុខាភិបាល សម្រាប់នីតិកាលទី៧នៃរដ្ឋសភា។ លោកនាយកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច បានជម្រាបជូន លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី អំពីយុទ្ធសាស្ត្រសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការសុខភាពពិភលោក សម្រាប់ឆ្នាំ២០២៤-២០២៨ និងបានស្នើសុំការគាំទ្ររបស់ក្រសួងសុខាភិបាលទៅលើឯកសារយុទ្ធសាស្រ្តនេះ។

លើសពីនេះ លោកវេជ្ជបណ្ឌិត សាយយ៉ា ក៏បានលើកឡើងអំពីគោលដៅឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសាកល ការពង្រឹងប្រព័ន្ធសុខាភិបាលប្រកបដោយភាពធន់ ការពង្រឹងប្រព័ន្ធសន្តិសុខសុខភាព និងការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជននៅក្នុងតំបន់ និងពិភពលោកទាំងមូល។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានគាំទ្រយុទ្ធសាស្រ្តសហប្រតិបត្តិការ ដែលបានរៀបចំឡើង ដោយមានសង្គតិភាពជាមួយអាទិភាព និងកម្មវិធីគោលនយោបាយ ដែលបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយស្មារតីបុរេសកម្ម និងភាពឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជម្រាបជូនអំពីយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសចំនុចអាទិភាពសុខាភិបាលជាចម្បងចំនួន៩ ព្រមទាំងកម្មវិធីគោលនយោបាយអាទិភាពចំនួន៦របស់វិស័យសុខាភិបាល។

លោកវេជ្ជបណ្ឌិត សាយយ៉ា ក៏បានស្នើសុំអនុសាសន៍ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី លើការងារមួយចំនួនដូចជា ១) តួនាទីរបស់អង្គការសុខភាពពិភលោកជួយដល់កម្ពុជា ក្នុងការសម្រួចរបៀបវារៈ សុខភាពសកល និងក្នុងតំបន់ ២) យុទ្ធសាស្រ្តដែលមានគុណតម្លៃខ្ពស់សម្រាប់ក្រសួងសុខាភិបាល នៅក្នុងអំឡុងអន្តរកាលនៃការចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួច ៣) ការធ្វើឱ្យកាន់តែប្រសើរឡើងកិច្ចសហប្រតិបត្តិការរវាងអង្គការសុខភាពពិភពលោកជាមួយក្រសួងសុខាភិបាល នៅក្នុងអភិក្រមប្រទាក់ក្រឡា និងសមាហរណកម្ម និង ៤) វិធីសាស្រ្តក្នុងការធានាកិច្ចសហការរវាងអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាលដើម្បីផ្តល់ផលវិជ្ជមានដល់ប្រជាជនកម្ពុជា ។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជម្រាបជូន ពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងក្រសួងសុខាភិបាល ជាមួយអង្គការសុខភាពពិភពលោក និងដៃគូសកលផ្នែកសុខភាព តាមរយៈក្រុមការងារបច្ចេកទេសផ្សេងៗ ការគាំទ្របច្ចេកទេសរបស់អង្គការសុខភាពពិភពលោក លើផ្នែកចម្បងៗ មួយចំនួន នៅក្នុងក្របខ័ណ្ឌនៃការអនុវត្តយុទ្ធសាស្រ្តសហប្រតិបត្តិរវាងអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល រួមមាន ការអនុវត្តផែនទីបង្ហាញផ្លូវឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល ឆ្នាំ២០៣៥ ការអភិវឌ្ឍ/ធ្វើបច្ចុប្បន្នកម្មក្របខណ្ឌគោលនយោបាយ  លិខិតបទដ្ឋានគតិយុត្ត យុទ្ធសាស្រ្ត ឬផែនការសកម្មភាពក្នុងវិស័យ ការអភិវឌ្ឍន៍សមត្ថភាពអ្នកដឹកនាំសុខាភិបាលជំនាន់ក្រោយ លើជំនាញភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច ការគ្រប់គ្រងមន្ទីរពេទ្យ ការគ្រប់គ្រងប្រព័ន្ធព័ត៌មានសុខាភិបាល និងបំណិនឌីជីថលសុខាភិបាល បំណិនវិភាគទិន្នន័យហិរញ្ញប្បទានសុខាភិបាល និងការវិភាគថវិកា ។ល។ ការពង្រឹងសមត្ថភាពស្នូលនៃនិយ័តកម្មសុខភាពអន្តរជាតិ ស្របតាមវិសោធនកម្មនិយ័តកម្ម សុខភាពអន្តរជាតិ (IHR 2005) និងការសម្របសម្រួលក្នុងការទទួលបានឧបករណ៍ចាំបាច់នានា នៅក្នុងអំឡុងពេលផ្ទុះ/ឆ្លងរាតត្បាតនៃជំងឺឆ្លងនានា ជាពិសេសក្នុងពេលរាតត្បាតជំងឺកូវីដ-១៩។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានស្វាគមន៍ ការពង្រឹង និងពង្រីកកិច្ចសហការរវាងអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល តាមរយៈយន្តការស្ថាប័នដែលមានស្រាប់នៅគ្រប់កម្រិត ដូចជាក្របខណ្ឌ UN Sustainable Development Framework ដែលត្រូវអនុម័តរួមគ្នារវាងរាជរដ្ឋាភិបាល និងប្រព័ន្ធអង្គការសហប្រជាជាតិ នៅកម្ពុជា និងនៅកម្រិតវិស័យ ចូលរួមដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសសុខាភិបាលប្រចាំខែ គាំទ្រអង្គការសុខភាពពិភពលោកជាសហប្រធាននៃក្រុមដៃគូអភិវឌ្ឍន៍សុខាភិបាល (Health Partners Group) ដែលជាយន្តការពង្រឹងកិច្ចសហការរវាងអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល និងជាមួយដៃគូអភិវឌ្ឍន៍ក្នុងវិស័យសុខាភិបាលផងដែរ

ជាចុងក្រោយ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់នូវជំហរគាំទ្រយ៉ាងពេញទំហឹងនូវភាពជាអ្នកដឹកនាំ និងតួនាទីសម្របសម្រួលរបស់អង្គការសុខភាពពិភពលោក ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការសុខភាពពិភពលោក ជាពិសេសឯកឧត្តម វេជ្ជបណ្ឌិត Saia Ma`u Piukala នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច និងប្រទេសជាសមាជិកទាំងអស់ ដែលបាន និងកំពុងសហការគាំទ្រវិស័យសុខាភិបាលកម្ពុជា ក្នុងដំណើរឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសាកល និងដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed