(ភ្នំពេញ) ៖គិតត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២៤នេះ គម្រោងសាងសង់ផ្លូវជាតិលេខ៧១C ដែលមានប្រវែងសរុប ១១៤,៦២គីឡូម៉ែត្រ (ចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK154+700 ក្នុងខេត្តត្បូងឃ្មុំ ទៅដល់ផ្លូវជាតិលេខ៧១C ចំណុច PK30+400 ក្នុងខេត្តកំពង់ចាម) សម្រេចបានលទ្ធផលជារួមចំនួន ៩៧,៦២%ហើយ។នេះបើតាមប្រសាសន៍ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកផន រឹម មានប្រសាសន៍ថា លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តែងបានគិតគូរខ្ពស់ និងបានចង្អុលបង្ហាញឱ្យលោកបុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹក ជញ្ជូន និងជាយកគម្រោងប្រឹងប្រែងធ្វើឱ្យប្រសើរឡើង និងបំពេញចន្លោះខ្វះខាតដែលនៅសេសសល់ ដើម្បីឈានទៅដល់ការសម្រេចលទ្ធផលជារួមនាពេលឆាប់ខាងមុខ និងត្រៀមសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនាពេលបន្តបន្ទាប់។
ផ្លូវជាតិលេខ71C ត្រូវបានសាងសង់ដោយក្រុមហ៊ុនសាងសង់សៀងហៃគ្រុប( SCG) និងទីប្រឹក្សាបច្ចេកទេសដោយក្រុមហ៊ុន ក្វាងចូវ វ៉ាងអាន ប្រើប្រាស់ហិរញ្ញប្បទានថវិកាពីសាធារណរដ្ឋប្រជាមានិតចិន ដែលមានទំហំថវិកាជាង ១២៩លានដុល្លារសហរដ្ឋអាមេរិក និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួន។
ផ្លូវជាតិដ៏សំខាន់នេះ ជាប្រភេទ AC/DBST ចុះកិច្ចសន្យាសាងសង់ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០, ចាប់ផ្តើមសាងសង់នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ និងកាលបរិច្ឆេទបញ្ចប់ការសាងសង់ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ខាងមុខ ដែលមានរយៈពេលសាងសង់៤២ខែ និងរយៈពេលថែទាំ(ក្នុងកិច្ចសន្យា)ចំនួន២៤ខែ។
គួរបញ្ជាក់ថា ក្រុមការងារកំពុងប្រឹងប្រែងដើម្បីបង្ហើយកិច្ចដែលនៅសេសសល់ដូចជា៖ ការគូសសំនូសចរាចរណ៍លើដងផ្លូវ, ការងារបំពាក់ផ្លាកសញ្ញាចរាចរណ៍,ការងារដាំបង្គោលគីឡូម៉ែត្រ និងកិច្ចការមួយចំនួនទៀត៕