នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារ និងនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) រាជធានីភ្នំពេញ ចំនួនប្រមាណជាង ៥០ រូប បានចូលរួមរត់ និងសហការសម្របសម្រួលរៀបចំ “ទិវារត់ប្រណាំងឆ្ពោះទៅមុខដើម្បីស្រ្តី ៨មីនា ២០២៥” ដែលបានប្រព្រឹត្តទៅនៅមុខវត្តបុទុមវតី ដើម្បីអបអរសាទរ ខួបលើកទី ១៤៤ ទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ៖ ” សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប “។
ក្រុមនិស្សិតអាហារូបករណ៍ អ.ម.ត បានគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានអនុញ្ញាតឱ្យពួកគេទទួលបានឱកាសចូលរួមកិច្ចការងារសង្គមនានា។ ជាក់ស្តែង តាមរយៈព្រឹត្តិការណ៍ខាងលើ ក្រុមនិស្សិត អ.ម.ត ពិតជាទទួលបាននូវចំណេះដឹង ចំណេះធ្វើ បទពិសោធ ការសាមគ្គី ការធ្វើការងារជាក្រុម និងការទំនាក់ទំនងល្អ បន្ថែមពីលើការសិក្សា នៅក្នុងសាលាមួយកម្រិតថែមទៀត៕