រដ្ឋធានីខេបថោន÷សាធារណរដ្ឋអាហ្វ្រិកខាងត្បូង ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៥ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក (ADFIAP) ត្រូវបានអញ្ជើញឱ្យធ្វើជាវាគ្មិនក្នុងនាមជាប្រធានសមាគម លើប្រធានបទ “ ប្រព័ន្ធហិរញ្ញវត្ថុបៃតង៖ ការដកនូវរបាំងមូលធន សម្រាប់គាំទ្រដល់សកម្មភាពអាកាសធាតុ និងការអភិវឌ្ឍ (Greening Financial System: Unlocking Capital for Climate and Development)’’ ដោយមានវាគ្មិនតំណាងពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD), អ្នកតំណាងពិសេសរបស់ចក្រភពអង់គ្លេសសម្រាប់អាកាសធាតុ, អនុប្រធានធនាគារអភិវឌ្ឍន៍អឺរ៉ុប, តំណាងអង្គការសហប្រជាជាតិពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមលើហិរញ្ញវត្ថុសម្រាប់កម្មវិធីបរិស្ថាន (UNEP-FI), ប្រធានគម្រោងសន្ទនីយភាពនិងចីរភាព (Liquidity and Sustainability Facility) នៃគណៈកម្មការសេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិសម្រាប់ទ្វីបអាហ្វ្រិក, មូលនិធិវិនិយោគសម្រាប់កុមារ (CIFF), និងតំណាងក្រុម Global Solidarity Levies Task Force និងបេសកជនពិសេសពាក់ព័ន្ធនឹងអាកាសធាតុរបស់ប្រធានាធិបតីកេនយ៉ា។
ជាកិច្ចចាប់ផ្តើម កិច្ចពិភាក្សា ឯកឧត្តមបណ្ឌិតក្នុងនាមសមាគម ADFIAP បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់សមាគម ADFIAP ក្នុងការប្រមូលផ្តុំធនាគារអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។
លើសពីនេះទៀត ឯកឧត្តមបណ្ឌិតក្នុងនាមសមាគម ADFIAP បានគូសបញ្ជាក់ពី ចក្ខុវិស័យ និងគោលដៅរួមរបស់ សមាគម ADFIAP គឺការជំរុញលើការឈានឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលមានការផ្តួចផ្តើមសំខាន់ៗរួមមាន៖ទី១.ការ គាំទ្រហិរញ្ញប្បទាននិងការវិនិយោគបៃតង,ទី២.ការតស៊ូមតិលើការរៀបចំគោលនយោបាយ, ទី៣. ការកសាងសមត្ថភាពនិងការចែករំលែកចំណេះដឹង, ទី៤. ការគ្រប់ គ្រងហានិភ័យអាកាសធាតុនិងសមាហរណកម្មបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) សម្រាប់លក្ខណៈវិនិច្ឆ័យដើម្បីឈានដល់ការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ, ទី៥. ការផ្តល់ហិរញ្ញប្បទានបៃតងដល់សហគ្រាសធុនតូចនិងមធ្យម ដើម្បីបន្សាំទៅនឹងការអនុវត្តដែលមានលក្ខណៈនវានុវត្តន៍ និងប្រកបដោយចីរភាព, ទី៦. ភាពជាដៃគូ និងកិច្ចសហការរវាងសមាជិកជាមួយនឹងស្ថាប័នអន្តរជាតិនានា ដើម្បីកំណត់ពីបញ្ហាប្រឈម និងផ្តល់នូវអនុសាសន៍ឆ្លើយតប, ទី៧. ការអភិវឌ្ឍនិងការស្រាវជ្រាវវិភាគពីនិន្នាការនិងផលជះនៃហិរញ្ញប្បទានបៃតង, និង ទី៨. ការតាមដាននិងរៀបចំរបាយការណ៍ស្តីពីបរិស្ថាន សង្គម និងអភិបាលកិច្ច ដើម្បីបង្កើនតម្លាភាព និងគណនេយ្យភាពចំពោះកិច្ចខិតខំប្រែងប្រកបដោយចីរភាព។
ឯកឧត្តមបណ្ឌិតក្នុងនាមសមាគម ADFIAP បានសង្កត់ធ្ងន់ថា កត្តាចម្បងដែលចាំបាច់ត្រូវគិតគូររួមគ្នា ដើម្បីពង្រឹងនូវកិច្ចសហការចំពោះការដោះស្រាយបញ្ហាគម្លាតនៃហិរញ្ញប្បទានសម្រាប់គាំទ្រដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរួមមាន៖ ទី១. ការកៀរគរធនធានហិរញ្ញវត្ថុបន្ថែម, ទី២. ការរៀបបចំកំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុ, ទី៣. ការពង្រឹងការកៀរគរធនធានក្នុងស្រុក និង ទី៤. ការពង្រឹងកិច្ចសហនប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូ៕