(ភ្នំពេញ) ៖ នៅរសៀល ថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារជំនាញឯកទេសសម្រាប់ត្រួតពិនិត្យ និងតាមដានការអនុវត្តរបស់មូលដ្ឋានសុខាភិបាលឯកជន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចុះត្រួតពិនិត្យការបម្រើសេវាសុខាភិបាលឯកជនរបស់មន្ទីរពហុព្យាបាល ចិន្តា ដែលមានទីតាំងផ្ទះលេខ០៨ ផ្លូវលេខ៣៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ឯកឧត្តមសាស្ត្រាចារ្យបានជម្រាបទៅមន្ទីរពហុព្យាបាល ចិន្តា អំពីតួនាទីភារកិច្ចរបស់ក្រុមការងារដែលតំណាងឱ្យថ្នាក់ដឹកនាំក្រសួង ក្នុងការចុះជួយពិនិត្យគាំទ្រ និងពង្រឹងកិច្ចការបម្រើសេវាសុខាភិបាលរបស់មូលដ្ឋានសុខាភិបាលឯកជនឱ្យបានល្អ និងស្របតាមនិយាមលិខិតបទដ្ឋានគតិយុត្ត ដែលសំដៅគុណភាព ស័ក្តសិទ្ធភាព និងសុវត្ថិភាពខ្ពស់ជូនគ្រប់អ្នកជំងឺ និងអ្នកដែលមានតម្រូវការសេវាសុខភាព ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។
ឯកឧត្តម និងប្រតិភូបានជម្រាបជូនទៅភាគីមន្ទីរពហុព្យាបាលចិន្តា អំពីគោលនយោបាយអាទិភាពរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ជាគន្លឹះរបស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី អំពីភាពចាំបាច់នៃកិច្ចសហការសុច្ចរិត ស្មោះត្រង់រវាងផ្នែកឯកជន និងសាធារណៈ ក្នុងទិសដៅលើកកំពស់សុវត្ថិភាព-ប្រសិទ្ធភាព-គុណភាព សេវាព្យាបាលថែទាំអ្នកជំងឺគ្រប់ប្រភេទដោយសមធម៌។
បន្ទាប់ពីការចុះពិនិត្យមើល និងស្តាប់បទបង្ហាញ ហេដ្ឋារចនាសម្ព័ន្ធ និងការបម្រើសេវាដែលមានក្នុងមន្ទីរពហុព្យាបាល ក្រុមការងារបានលើកពីចំណុចដែលត្រូវបំពេញបន្ថែម កែតម្រូវឱ្យបានល្អប្រសើរ ក្នុងថេរវេលាជាក់លាក់មួយ ហើយក្រុមការងារនឹងចុះតាមដានវាយតម្លៃឡើងវិញ៕