ខេត្តកំពង់ចាម៖ ព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងត្រួតពិនិត្យការប្រេីប្រាស់ឥណទានសម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទី របស់ឃ្លាំង៩៩៩ នៅស្រុកចំការលើ ខេត្តកំពង់ចាម។
តាមការបញ្ជាក់ពី លោក ងួន វណ្ណ: ម្ចាស់ឃ្លាំង, ក្នុងដើមរដូវប្រមូលផលនេះ ឃ្លាំង៩៩៩ អាចប្រមូលទិញស្វាយចន្ទី បានប្រមាណ ១០០ តានក្នុងមួយថ្ងៃ សម្រាប់គ្រាប់ស្រស់ M-23 ក្នុងតម្លៃ ៦,៤០០ រៀល ក្នុង ១ គីឡូក្រាម។ តម្លៃគ្រាប់ចន្ទីស្រស់នេះថ្លៃខ្ពស់នៅដើមរដូវនេះ បើធៀបនឹងដើមរដូវឆ្នាំ២០២៤។ ឃ្លាំង៩៩៩ បានប្រមូលទិញគ្រាប់ចន្ទីស្រស់ពីកសិករមកពីតាមបណ្តាខេត្តមួយចំនួនដូចជា កំពង់ចាម ព្រះវិហារ សៀមរាម កំពង់ធំ កំពង់ឆ្នាំង។
ធនាគារ ARDB នៅតែបន្តគាំទ្រដល់តួអង្គ ក្នុងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី ជាទុនបង្វិលដល់ម្ចាស់ឃ្លាំងស្តុក សហគមន៍កសិកម្ម ក្រុមហ៊ុនកែច្នៃ ក្រុមហ៊ុននាំចេញគ្រាប់ស្វាយចន្ទី ជាពិសេសក្នុងរដូវប្រមូលផលធំនេះ។ លក្ខណៈពិសេសនៃទុនបង្វិលនេះគឺអាចយកស្តុកគ្រាប់ស្វាយចន្ទីស្ងួតជាសន្និធិធានាបំណុលបាន។
គួរបញ្ជាក់ផងដែរថា, រដូវប្រមូលផលធំនៃដំណាំស្វាយចន្ទីនៅកម្ពុជាយើងនឹងចាប់ផ្តើមនាពាក់កណ្តាលខែមីនា រហូតដល់ ខែឧសភា ការណ៍នេះនឹងនាំឲ្យបរិមាណផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីស្រស់ច្រើនជាគំហុក អាចនឹងនាំឲ្យថ្លៃមានការប្រែប្រួល។ ហេតុនេះ កសិករគួរពិចារណាថាតើគួរលក់គ្រាប់ស្រស់ ឬហាលសម្ងួត ស្តុកទុកគ្រាប់ស្វាយចន្ទីស្ងួត សម្រាប់លក់ចេញវិញពេលដែលផុតរដូវកាលប្រមូលផលធំ៕