(ភ្នំពេញ) ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី៧ ខែកុម្ភះ ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមអមជាមួយថ្នាក់ដឹកនាំនៃកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំសួនឧស្សាហកម្មស្វាយចន្ទី ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យស្វាយចន្ទីកម្ពុជា នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាកច្រកម្ពុជា។

សួនឧស្សាហកម្មស្វាយចន្ទី ដែលជាសួនឧស្សាហកម្មដំបូងគេនៅកម្ពុជា គ្រោងធ្វើឡើងនៅលើទឹកដីខេត្តកំពង់ធំ ដែលជាខេត្តមានការដាំដុះស្វាយ​ចន្ទីច្រើនជាងគេ។

ខេត្តកំពង់ធំ មានផ្ទៃដីដាំដុះស្វាយចន្ទីប្រមាណ ១៥ម៉ឺនហិកតា។ ក្នុងនោះ ផ្ទៃដី​ប្រមូល​ផលជាង ១៤ម៉ឺនហិកតា និងទទួលបានទិន្នផលជាមធ្យម ១,៥តោន/ហិកតា ក្នុង១ឆ្នាំ និងបរិមាណផលជាង ២២ម៉ឺនតោន ស្មើនឹង​ប្រមាណ ៣០ភាគរយ ក្នុងក្របខណ្ឌទូទាំងប្រទេស។

សួន​ឧស្សាហកម្មស្វាយចន្ទី ផ្តោតសំខាន់លើការកែច្នៃគ្រាប់ស្វាយចន្ទី​ ដោយមានផ្ទៃដីទំហំជិត៦០០ហិកតា មានចម្ងាយពីទីរួមខេត្តកំពង់ធំ ជិត​១៣​គីឡូម៉ែត្រ។
របាយការណ៍របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​ផ្ទៃដី​ដាំ​ស្វាយចន្ទី​ប្រមាណ ៧០​ ម៉ឺនហិកតា ក្នុង​នោះ​ផ្ទៃដី​ប្រហែល ៥៨ម៉ឺនហិកតា​កំពុង​ប្រមូល​ផល និង​ប្រហែល​ ១២ម៉ឺនហិកតា​ទៀត​ជា​ដី​ទើប​ដាំដុះថ្មី។​ ចំណែក​ទិន្នផល​ប្រមូល​បាន គឺ​ស្ថិត​ក្នុង​ចន្លោះ​ពី ៨០-​១០០​ម៉ឺន​តោន​ក្នុង១ឆ្នាំ។

ក្នុងនោះកម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីឆៅ ចំនួន ៨១៥,០០០តោន កើនឡើង២១ភាគរយ ទទួលបានថវិកាចំនួន​ ១,១៥០លានដុល្លារ កើនឡើង ២៦.១៥ភាគរយ។ ដោយឡែកនាំចេញទៅវៀតណាម មានចំនួនជាង ៧៩ម៉ឺនតោន៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed