(ភ្នំពេញ) ÷អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានរៀបចំកម្មវិធីដាក់ឲ្យដំណើរការគម្រោង «មេរៀនអតីតកាល៖ ការតាំងពិព័រណ៍រូបថតដើម – បណ្តឹងរដ្ឋប្បវេណី» ដែលជាផ្នែកមួយនៃគម្រោងសំណង «ប្រព័ន្ធផ្សព្វផ្សាយសហគមន៍ៈ ប្រជាជនចាម និងខ្មែរក្រហម» ក្រោមអធិបតីភាពឯកឧត្តម ហែម ក្រាញ់ តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានរដ្ឋបាលស្តីទីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា រសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥។
គម្រោង «មេរៀនអតីតកាល៖ ការតាំងពិព័រណ៍រូបថតដើម – បណ្តឹងរដ្ឋប្បវេណី» ដែលជាផ្នែកមួយនៃគម្រោងសំណង «ប្រព័ន្ធផ្សព្វផ្សាយសហគមន៍ៈ ប្រជាជនចាម និងខ្មែរក្រហម» នេះ បានថតឡើងដោយអ្នកថតរូប ស៊ុយអែត លោក Anders Jiras និងអ្នកថតរូបកម្ពុជាលោក ជួន សុភាព ចំនួន២០រូបថត ក្នុងចំណោមរូបថតទាំង១០០ ដែលបានថតក្នុងកំឡុងពេលអនុវត្តគម្រោងសំណងមួយនេះ សម្រាប់រយៈពេល៣ខែ និងត្រូវបានអនុវត្តចប់សព្វគ្រប់ដោយអង្គការ Meta House។
លោក ហែម ក្រាញ់ តូនីមានប្រសាសន៍ថា «នេះមិនមែនគ្រាន់តែជាការប្រមូលផ្តុំនៃរូបភាពប៉ុណ្ណោះទេ វាជាសក្ខីភាពដ៏មានអំណាចដែលបង្ហាញពីភាពអត់ធ្មត់ ភាពក្លាហាន និងស្មារតីដ៏រឹងមាំរបស់អ្នកដែលបានរស់រានមានជីវិតពីទំព័រដ៏ឈឺចាប់មួយនៅកម្ពុជាយើង»។ របបខ្មែរក្រហមបានបន្សល់ទុកស្នាមរបួសយ៉ាងជ្រៅលើជាតិរបស់យើង ដែលប៉ះពាល់ដល់ជីវិតមនុស្សរាប់មិនអស់។
តាមរយៈសំឡេង និងបទពិសោធន៍របស់ដើមបណ្តឹងរដ្ឋប្បវេណី ពួកយើង ត្រូវបានរំលឹកថាប្រវត្តិសាស្ត្រមិនត្រឹមតែត្រូវបានចងចាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវរៀនសូត្រទៀតផង។ រាល់រូបភាពនៅទីនេះបញ្ជាក់ពីរឿងរ៉ាវនៃការរស់រាន ការបាត់បង់ យុត្តិធម៌ ការព្យាបាល ការតស៊ូ ដើម្បីស្វែងរកទំនួលខុសត្រូវ និងផ្តល់កម្លាំងចិត្តដល់អ្នកដែលបានឧទ្ទិសខ្លួន ដើម្បីធានាថា អំពើទាំង នេះនឹងមិនត្រូវបានកើតឡើងម្តងទៀត ហើយធានាថាសំឡេងរបស់ពួកគេនៅតែឮដល់មនុស្សជំនាន់ ក្រោយៗទៀត។
ពិព័រណ៍នេះមិនមែនគ្រាន់តែពណ៌នាអំពីអតីតកាលនោះទេ ប៉ុន្តែវាជាការទទួលខុសត្រូវរួម របស់យើងសម្រាប់អនាគតផងដែរ។ មេរៀនដែលយើងរៀនពីរឿងរ៉ាវទាំងនេះ នឹងនាំយើងដើម្បីស្វែង រកសង្គមមួយដែលផ្តល់តម្លៃដល់ការពិត យុត្តិធម៌ និងភាពថ្លៃថ្នូររបស់មនុស្ស៕