(ភ្នំពេញ) ៖ លោកស្រី ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) បានដឹកនាំប្រតិភូចុះឈ្វេងយល់អំពីវឌ្ឍនភាព បញ្ហាប្រឈម សំណូមពរ និងចក្ខុវិស័យរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល។
ក្នុងឱកាសនោះ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល បានទទួលស្វាគមន៍យ៉ាងកកក្តៅ
ចំពោះការអញ្ជើញចុះមកឈ្វេងយល់អំពីវឌ្ឍនភាព បញ្ហាប្រឈម សំណូមពរ និងចក្ខុវិស័យរបស់ក្រសួងសុខាភិបាល របស់ ថ្នាក់ដឹកនាំ ប្រតិភូ គណៈកម្មការទី៨នៃរដ្ឋសភា ព្រមទាំងបានពិភាក្សាការងារ លើវិស័យសុខាភិបាលនាពេលបច្ចុប្បន្ន ។
គណៈកម្មការទី៨ នៃរដ្ឋសភា បានចុះពិនិត្យជាក់ស្តែងលើការផ្តល់សេវានៅមន្ទីរពេទ្យជាតិ ចំនួន៣ រួមមាន មន្ទីរពេទ្យជាតិ តេជោសន្តិភាព មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងគ្រឹះស្ថានសិក្សា សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ចាប់ពីថ្ងៃទី៣ ដល់ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងគោលបំណងពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម សំណូមពរ ក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាជន។
ក្នុងជំនួបនេះ លោកស្រីប្រធានគណៈកម្មការ បានសំដែងនូវការកោតសរសើរ ចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងវិស័យសុខាភិបាល នៅតាមបណ្តាមន្ទីរពេទ្យ មានប្រជាពលរដ្ឋទៅប្រើប្រាស់សេវាច្រើន គ្រូពេទ្យមានឥរិយាបថល្អប្រសើរច្រើន ហេដ្ឋារចនាសម្ព័ន្ធល្អ បច្ចេកទេសព្យាបាល និងសម្ភារៈបរិក្ខារពេទ្យទំនើប។ ទន្ទឹមនឹងនេះ លោកស្រី ក៏មានលើកឡើងពីបញ្ហាប្រឈមខ្លះ និងសំណូមពរ មួយចំនួនដែលបានទទួលអំឡុងនៃការចុះពិនិត្យ ដើម្បីជម្រាបជូនអង្គប្រជុំ នឹងធ្វើការកែលម្អឱ្យកាន់តែមានភាពប្រសើរឡើង។
ជាការឆ្លើយតប លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជម្រាបជូនសមាសភាពថ្នាក់ដឹកនាំ ទទួលបន្ទុកទៅតាមជំនាញនីមួយៗ ក្នុងក្រសួងសុខាភិបាល ដើម្បីជម្រាបជូនប្រតិភូនៃគណៈកម្មការទី៨ នៃរដ្ឋសភា។ ក្នុងនោះ លោករដ្ឋមន្ត្រី ក៏បានបង្ហាញអំពីផែនការ និងយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល ជម្រាបជូនដល់គណៈកម្មការទី៨ ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ឆ្នាំ២០៣៥ ស្របតាមគោលនយោបាយ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា រួមមាន ១) ការពង្រីកវិសាលភាព នៃការគ្របដណ្តប់ពលរដ្ឋដោយប្រព័ន្ធ គាំពារសង្គមឱ្យបាន ៨០% នៃចំនួនពលរដ្ឋសរុប ២) ពង្រីកការគ្របដណ្តប់សេវាសុខាភិបាលសារវន្ត ឱ្យបានយ៉ាចហោចណាស់ ៨០% និង ៣) ការកាត់បន្ថយទំហំចំណាយពីហោប៉ៅផ្ទាល់លើការថែទាំសុខភាព ឱ្យនៅចំនួនប្រមាណ ៣៥% នៃចំណាយសរុប លើវិស័យសុខាភិបាល។
លោកសាស្រ្តាចារ្យ ក៏បានជម្រាបជូនអំពីក្រសួងសុខាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើបញ្ហាសុខភាពសាធារណៈ ជាពិសេសជំងឺឆ្លង រួមមាន ជំងឺអេដស៍ ជំងឺរបេង ជំងឺគ្រុនចាញ់ និងជំងឺមិនឆ្លងរួមមាន ជំងឺមហារីក ជំងឺឡើងសម្ពាធឈាម ជំងឺបេះដូងសរសៃរឈាម និងជំងឺទឹកនោមផ្អែម។ ក្នុងនោះ ក្រសួងសុខាភិបាល បានកំពុងយកចិត្តទុកដាក់លើ ១) អាទិភាពយុទ្ធសាស្រ្ត ផ្តល់សេវាថែទាំសុខភាព និងការបង្ការហានិភ័យហិរញ្ញវត្ថុ ដែលឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋ ២) គោលដៅយុទ្ធសាស្រ្ត ពង្រីកលទ្ធភាពទទួលបាននូវការថែទាំសុខភាព និង ៣) យុទ្ធសាស្រ្តគន្លឹះ ផ្តៅសំខាន់ទៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ក្នុងនោះ លោកឈាង រ៉ារដ្ឋមន្ត្រី បានសំណូមពរដល់គណៈកម្មការទី៨ ជួយផ្សព្វផ្សាយនូវសមិទ្ធផល និងចក្ខុវិស័យសុខាភិបាល ឱ្យបានជ្រាបគ្រប់វិស័យ ដើម្បីចូលរួម និងកៀងគរដៃគូ គាំទ្រ និងវិនិយោគក្នុងវិស័យសុខាភិបាល។ បន្ថែមពីនេះ តាមរយៈគណៈកម្មការទី៨ សូមបន្តជួយផ្សព្វផ្សាយនូវសារអប់រំសុខភាព ជាពិសេសលើបញ្ហា ជំងឺមិនឆ្លង ដែលជាបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈ ដ៏ធំនៅកម្ពុជា និងសកលលោកផងដែរ ៕