ខេត្តកំពង់ចាម÷កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០២៥ បានឃាត់ខ្លួនជនសង្ស័យពីរនាក់រួមនឹងវត្ថុតាមមួយចំនួនពាក់ព័ន្ធការជួញដូរដោយខុស ច្បាប់ នូវសារធាតុញៀន មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
បើតាមលោក ស៊ីម គង់ អភិបាល នៃគណៈអភិបាល ស្រុកជើងព្រៃ បានឱ្យដឹងថា កាលពីថ្ងៃទី ៣ខែកុម្ភៈឆ្នាំ ២០២៥ កិច្ចប្រតិបត្តិការចុះបង្ក្រាបករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី (ដោយប្រេីវិធានញុះញង់) សមត្ថកិច្ចបានឲ្យកម្លាំងភ្នាក់ងារទំនាក់ទំនងទិញថ្នាំញៀនពីជនសង្ស័យឈ្មោះ នី ស្រីណុច ភេទស្រី អាយុ ៣៣ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងបានឱ្យកម្លាំងភ្នាក់ងារវេរលុយទៅជាមុនសិន ទើបណាត់ប្រគល់ទទួលថ្នាំញៀនមកឱ្យកម្លាំងភ្នាក់ងារយើងទៅយកថ្នាំញៀននៅចំណុចកើតហេតុខាងលើ ។
លោកអភិបាលស្រុកឲ្យដឹងទៀតថា ពេលកម្លាំងភ្នាក់ងារបានទៅដល់ចំណុចណាត់ជួបខាងលើ ក៏បានឃើញជន សង្ស័យឈ្មោះ នី ស្រីណុច និងប្ដីបានទុកវត្ថុតាងជាថ្នាំញៀនឱ្យកម្លាំងភ្នាក់ងារយើងនៅចំណុចកើតហេតុខាងលើ និងបានត្រលប់ទៅវិញបាត់ ។ បន្ទាប់មកសមត្ថកិច្ចក៏បានធ្វើការយកវត្ថុតាង ក្រាមពណ៌សង្ស័យជាថ្នាំញៀនចំនួន ០១កញ្ចប់ដើម្បីធ្វើការស្រាវជ្រាវបន្ត។
លោកអភិបាលស្រុកបន្តថា លុះរហូតមកដល់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ សមត្ថកិច្ចក៏បានបន្ដធ្វើការស្រាវជ្រាវ និងបានដឹងថា ជនសង្ស័យទាំងពីរនាក់ខាងលើកំពុងតែនៅផ្ទះ ស្ថិតក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ពេលនោះសមត្ថកិច្ចក៏បានសុំគោលការណ៍ពីថ្នាក់ដឹកនាំ ធ្វើការពន្លាតដែនដី ដែលជាមេខ្លោងយកថ្នាំញៀនមកជួញដូរនៅក្នុងទឹកដីខេត្តកំពង់ចាម បន្ទាប់មកសមត្ថកិច្ចក៏បានបន្ដកិច្ចប្រតិបត្ដិការទៅសហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀខេត្តកណ្ដាល ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម និងលោក ឧត្តមសេនីយ៍ត្រី គង់ ស៊ីដន ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនខេត្តកណ្តាល បានបន្ដទៅដល់ចំណុចខាងលើ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០២នាក់ ស្រី ០១នាក់÷
១. ភេទស្រី អាយុ ៣៣ឆ្នាំ ជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល និង២.ឈ្មោះ ជា សារ៉ាយ ភេទប្រុស អាយុ ៣៦ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
លោកអភិបាលស្រុកបានបញ្ជាក់ថា ករណីខាងលើសមត្ថកិច្ចបានដកហូតវត្ថុតាង ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន២កញ្ចប់,ថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួនធំ,ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង និងទូរស័ព្ទចំនួន ០២ គ្រឿង ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចយើងបានបញ្ជូនមកកាន់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម* ដើម្បីបន្ដធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងតាមនិតិវិធី ៕