ភ្នំពេញ៖ក្រោមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី០៦ កុម្ភៈ២០២៥នេះ ក្រុមការងារនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងដំឡើងរបាំងពុះចែកទ្រូងផ្លូវលើផ្លូវ៦០ម៉ែត្រហើយ ជាមួយការតំឡើងស្លាកសញ្ញាកំណត់នូវល្បឿននិងគំនូសបែងចែកផ្លូវម៉ូតូនិងរថយន្តផងដែរ។
លោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ ពាក់ព័ន្ធនឹងការដំឡើងរបាំងពុះចែកទ្រូងផ្លូវលើផ្លូវ៦០ម៉ែត្រ ក្រុមការងារនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានអនុវត្តហើយនៅព្រឹកថ្ងៃទី០៦ខែកុម្ភៈនេះ។ ការដាក់របាំងពុះចែកទ្រង់ផ្លូវនេះយើងបានចែកចេញជា២ ប្រភេទ។ ទី១ គឺការដាក់របាំងដែករបាំងដែកពុះចែកទ្រូងផ្លូវ ដោយដាក់ចាប់ផ្ដើមដាក់ពី ស្ពានអាកាសមរតកតេជោ រហូតទៅដល់ស្តុបក្បែរក្រុមហ៊ុនរថយន្ត mercedes ជាមួយនឹងកាេកំណត់នូវល្បឿនត្រឹម៤០គីឡូម៉ែត្រក្នុង១ម៉ោង។ ចំពោះរបាំងថ្មពុះចែកទ្រូងផ្លូវវិញយើងចាប់ផ្ដើមដាក់ពីចំណុចស្តុប mercedes នេះ រហូតទៅដល់ផ្លូវជាតិលេខ២ ជាមួយនឹងការកំណត់ល្បឿន៦០គីឡូម៉ែត្រនៅក្នុង១ម៉ោង។
លោកស្រីអ្នកនាំពាក្យបន្តទៀតថា៖ បន្ថែមពីលើការងារនេះដែរ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញក៏បានបំពេញនៅការងារមួយចំនួនទៀតផងដែរ ដូចជាការការអ៊ុតគំនូសរាចរណ៍ ដោយបែងចែកជាគន្លងម៉ូតូ គន្លងរថយន្ត។ ជាមួយនឹងការតម្លើងស្លាកចរារចរណ៍មួយចំនួនបន្ថែមទៀតផងដែរ។ ជាមួយគ្នានេះដែរ អាជ្ញាធររាជធានីភ្នំពេញក៏បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមគោរពច្បាប់ចរាចរណ៍ ដើម្បីឱ្យទទួលបានសុវត្ថិភាពបរាចរណ៍ទាំងអស់គ្នា ពិសេសការគោរពទៅតាមល្បឿនដែលបានកំណត់នៅលើដងផ្លូវនេះ។
គួរបញ្ជាក់ផងដែរថា៖ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥កន្លងមកនេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យអភិបាលរាជធានីរៀបចំដាក់រនាំងដែកពុះចែកទ្រូងផ្លូវ៦០ម៉ែត្រ ជាមួយការបង្កើនការប្រុងប្រយ័ត្ន ការអនុវត្តន៍ច្បាប់ និងត្រួតពិនិត្យជាតិស្រវឹង។
កំណាត់ផ្លូវ៦០ម៉ែត្រ ក្នុងមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ បានក្លាយជាចំណុចចាប់អារម្មណ៍មួយបន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សជាបន្តបន្ទាប់លើផ្លូវដ៏ធំមួយនេះ៕