(ភ្នំពេញ ) ÷នៅខែមករាឆ្នាំ២០២៥ ប្រទេសចិននៅតែឈរលំដាប់ទី១ ជាវិនិយោគិនបណ្ដាក់ទុនវិនិយោគច្រើនជាងគេនៅកម្ពុជា។ ក្នុងខែមករាកន្លងទៅថ្មីៗនេះ កម្ពុជាទទួលបានទុនវិនិយោគសរុប ៧៤៨លានដុល្លារអាមេរិក ក្នុងនោះមានប្រភពទុនវិនិយោគពីប្រទេសចិនប្រមាណ ៧៣,៣៥ភាគរយ ឬប្រមាណ ៥៤៨លានដុល្លារ ។
របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈបានឱ្យដឹងថា ក្នុងខែមករា កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ៦៨គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីមានចំនួន ៦៤គម្រោង និងគម្រោងពង្រីកផលិតកម្មមានចំនួន៤គម្រោង ដែលគម្រោងទាំងនេះ មានទុនវិនិយោគចំនួន ៧៤៨លានដុល្លារ ។
ក្នុងចំណោមគម្រោងវិនិយោគទាំង៦៨គម្រោង សុទ្ធសឹងតែជាគម្រោងក្នុងវិស័យឧស្សាហកម្ម ។ក្នុងនោះខេត្តកំពង់ស្ពឺទទួលបានគម្រោងវិនិយោគច្រើនជាងគេ ដែលមានរហូតដល់១៩គម្រោង ។បន្ទាប់មកខេត្តស្វាយរៀង ចំនួន១៣គម្រោង ,ភ្នំពេញ១០គម្រោង ,ព្រះសីហនុ៩គម្រោង ,កោះកុង៨គម្រោង ,តាកែវ ៤គម្រោង និងខេត្តមួយចំនួនទៀតទទួលបានគម្រោងវិនិយោគតែ១គម្រោងៗប៉ុណ្ណោះ ។
គួរបញ្ជាក់ថា ក្រៅពីប្រភពទុនមកពីប្រទេសចិននៅក្នុងខែមករាដដែល ក៏មានប្រភពទុនក្នុងស្រុកប្រមាណ ១៣,១៧ភាគរយក្នុងចំណោមប្រភពទុនមកពីប្រទេសវៀតណាមប្រមាណ ៥,៥២ភាគរយ, មកពីពីកោះ Cayman ប្រមាណ ៣,២៨ភាគរយ និងប្រទេសមួយចំនួនទៀតដូចជា ប្រទេសអង់គ្លេស សិង្ហបុរី អាមេរិក អូស្ត្រាលី ម៉ាឡេស៊ីជាដើម ។
គួររំលឹកថា កាលពីឆ្នាំ២០២៤កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍បានចុះបញ្ជីគម្រោងវិនិយោគសរុបជាង៤០០គម្រោងជាមួយនឹងទុនវិនិយោគជិត៧ពាន់លានដុល្លារ ដែលជាទុនវិនិយោគច្រើនមិនធ្លាប់មានកន្លងមក ។នេះគឺជាសញ្ញាវិជ្ជមានមួយសម្រាប់កម្ពុជាទទួលបានការវិនិយោគពីក្រៅ និងក្នុងប្រទេស ៕