(ភ្នំពេញ ) ៖ បុរសម្នាក់តែងតែវាយធ្វើបាបប្រពន្ធញឹកញាប់ ក៏ត្រូវបានប្រពន្ធលែងលះ ហើយក្រោយមកក៏បានជាប់ ពន្ធនាគាររយៈពេល២ឆ្នាំ ពីបទប្រើប្រាស់អាវុធខុសច្បាប់ និងទើបចេញមកវិញហើយសុំរួមរស់ជាមួយប្រពន្ធបាន ៣ខែប៉ុណ្ណោះ ហើយមិនរាងចាលសោះបានបន្តវាយធ្វើ បាបប្រពន្ធទៀត ។ រហូតប្រពន្ធទ្រាំងលែងបាននិងខ្លាចប្ដីសម្លាប់ ក៏បាននាំកូនស្រីតូចម្នាក់គេចខ្លួនទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ស្រាប់តែបុរសនេះបានទិញសាំងប្រុងដុតផ្ទះចោល ហើយក៏ត្រូវបងថ្លៃប្ដឹងឲ្យនគររបាលឃាត់ខ្លួនតែម្ដង ។
ការឃាត់ខ្លួននោះបានធ្វើឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងភូមិត្រពាំងអណ្ដូង ហៅភូមិប៉ម សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ម៉ាង ស៊ីនៀន ហៅអាធាន អាយុ៣១ ឆ្នាំ មានទីលំនៅ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍ជ័យ ចំណែកប្រពន្ធឈ្មោះរឿង សុខនាង អាយុ៣៣ឆ្នាំ មាន កូន២នាក់ប៉ុន្តែកូនប្រុសអាយុ១១ឆ្នាំម្នាក់ស្លាប់ ដោយលង់ទឹក នៅសល់កូនស្រីម្នាក់អាយុ៨ឆ្នាំ សព្វថ្ងៃរស់នៅក្នុងភូមិត្រពាំងអណ្ដូង ហៅភូមិប៉ម សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
បើតាមស្រ្តីឈ្មោះរឿង សុខចាន់ ៣២ឆ្នាំ ត្រូវជាប្អូនថ្លៃបាននិយាយថា ជនសង្ស័យនិងបងស្រីនាងបានលែង លះគ្នា៣ឆ្នាំមកហើយ ព្រោះតែជននេះវាយធ្វើបាបខ្លាំង ពេក ហើយក៏បានជាប់ពន្ធនាគារ២ឆ្នាំទៀតផង ពីបទប្រើប្រាស់អាវុធខុសច្បាប់ និងទើបតែចេញពីពន្ធនាគារប៉ុណ្ណោះ ។ ចំណែកកាលពី៣ខែមុនកូនប្រុសរបស់ពួក គេអាយុ១១ឆ្នាំម្នាក់បានលង់ទឹកស្លាប់ ហើយជននេះក៏ បានមកចូលរួមធ្វើបុណ្យសពកូនដែរ រួចបានឆ្លៀត ឱកាសសុំត្រូវរ៉ូវជាមួយប្រពន្ធវិញ ។
ប្រភពដដែលបានឲ្យដឹងបន្តថា ពេលនោះកូនស្រីតូចបានអង្វរសុំឲ្យម្ដាយត្រូវរ៉ូវគ្នាជាមួយឪពុកវិញ ហើយ ដោយសារតែអាណិតកូនស្រីផងនិងមានការយល់ព្រមពីក្រុមគ្រួសារផង ទើបប្រពន្ធព្រមរួមរស់ជាមួយគ្នាឡើង វិញ ។ លុះដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលជាថ្ងៃបញ្ចប់បុណ្យ១០០ថ្ងៃសពកូនប្រុស ជននេះបានផឹកស៊ីស្រវឹង រួចអូសដៃប្រពន្ធចូលបន្ទប់ហើយវាយ និងយកខ្សែក្រវាត់រឹត ក ព្រមទាំងយកស្ព្រ៉ាយនិងថ្នាំបាញ់មូសបាញ់សម្រាប់បាញ់សក់,ទៅបាញ់មុខនិងភ្នែកប្រពន្ធ ហើយគំរាមសម្លាប់ចោលទៀត ។
ប្រភពខាងលើបានឲ្យដឹងបន្តទៀតថា ពេលនោះក្រុមគ្រួសារអត់ដឹងនោះទេ លុះដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ដោយភ័យខ្លាចប្ដីសម្លាប់ ក៏បាននាំកូនស្រីលួចចាកចេញពីផ្ទះទៅលាក់ខ្លួននៅក្រុងប៉ោយបែត ខេត្តបន្ទាយមានជ័យក្រោយមកទើបកូនស្រីតូចទូរសព្ទប្រាប់ ឲ្យក្រុមគ្រួសារដឹង ។ បន្ទាប់មកក្រុមគ្រួសារបានចាក់សោររបងផ្ទះឈប់ឲ្យជននោះចូលផ្ទះ ប៉ុន្តែជននេះបានហែករបងសំណាញ់ដែកទិញសាំង២ដបចូលទៅសម្ងំប្រុងដុតផ្ទះចោល ទើបក្រុមគ្រួសារប្ដឹងនគរបាលឲ្យឃាត់ខ្លួន ហើយខណៈនោះនគរបាលលួងលោមទំរាំតែជននេះព្រមចេញពីក្នុងផ្ទះទើបចាប់ខ្លួនបាន ចំណែកប្រពន្ធក៏បានចាកចេញពីក្រុងប៉ោយប៉ែតត្រលប់មកផ្ទះវិញហើយ ដើម្បីដាក់ពាក្យបណ្ដឹងឲ្យនគរបាលចាត់ការជននេះតាមច្បាប់ ៕