ខេត្តរតនគិរី៖ប្រភពព័ត៌មានបានឲ្យដឹងថា ប្រជាពលរដ្ឋរស់នៅឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរី បានស្លាប់៣ នាក់ និងកំពុងសង្គ្រោះបន្ទាន់២នាក់ សង្ស័យពុលស្រាស ។ ជាបឋមលោកអភិបាលខេត្ត បានបញ្ជាឲ្យបិទទីតាំងផលិតស្រាសនៅទូទាំងខេត្ត រងចាំលទ្ធផលធ្វើសំណាកពីក្រុមគ្រូពេទ។
ប្រភពពីមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តរតនគិរី ឲ្យដឹងនៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ នេះថា នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១២ថ្ងៃត្រង់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានទទួលព័ត៌មាន ពីក្រុមឆ្លើយ តបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តរតនគិរី មានករណីសង្ស័យពុលម្ហូបអាហារមួយ ដោយមានករណី សរុបចំនួន ០៥នាក់ ក្នុងនោះមាន ០៣នាក់ ត្រូវបានស្លាប់ និង០២នាក់ផ្សេងទៀតកំពុងសម្រាកនៅមន្ទីរពេទ្យ។
អ្នកស្លាប់ទាំងបីនាក់នោះ ទី១-ភេទប្រុស,អាយុ៧៨ ឆ្នាំ,ទី២-ភេទប្រុស អាយុ ៦០ឆ្នាំ និងទី៣-ភេទស្រី អាយុ ៥៤ឆ្នាំ ដោយទីតាំងកើតហេតុស្ថិតនៅក្នុងភូមិយ៉ាសោម ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរី។ ដោយឡែកអ្នកជំងឺដែលកំពុងសម្រាកពេទ្យនោះ ម្នាក់កំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត និង ម្នាក់ទៀតកំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកបរកែវ។ អ្នកជំងឺមានរោគសញ្ញាដូចជា៖ ឈឺពោះ ក្អួត ថប់ដង្ហើម និងស្រវាំងភ្នែក។
តាមការអង្កេតរកមូលហេតុរបស់ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តរតនគិរី និងអាជ្ញាធរមូលដ្ឋានបានធ្វើការសន្និដ្ឋានដោយដាក់ការសង្ស័យថា ការឈឺរបស់អ្នកជំងឺអាចបណ្ដាលមកពីការពុលម្ហូបអាហារ(ស្រាស)។
បច្ចុប្បន្ន ក្រុមការងារខេត្តបានប្រមូលសំណាកម្ហូបអាហារ(ស្រាស) និងលាមកអ្នកជំងឺ បញ្ជូនមកមន្ទីរពិសោធន៍ដើម្បីត្រួតពិនិត្យ។ ជាមួយគ្នានេះផងដែរ ក្រុមការងារបានផ្តល់សារ អប់រំដល់អ្នកជំងឺ និងអ្នកកំដរអំពីសុវត្ថិភាពម្ហូបអាហារនិងបន្តតាមដាន អ្នកដែលបានបរិភោគហើយ តែមិនទាន់ចេញរោគសញ្ញា។
លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានបញ្ជាឲ្យអាជ្ញាធរក្រុង ស្រុក ទាំង៩ ចុះធ្វើការបិទ ទីតាំងផលិត ស្រា ស បណ្តោះអាសន្នរង់ចាំលទ្ធផល ធ្វើសំណាកពីក្រុមគ្រូពេទ្យថា តើមូលហេតុអ្វីឲ្យពិតប្រាកដបណ្តាលឲ្យមានអ្នកស្លាប់ និងអ្នករងគ្រោះក្នុងករណីនេះ៕