ភ្នំពេញ÷រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា លោក ចាយ បូរិន បានប្រជុំពីករណី លោក ថង ប៊ុនថេង (ហៅ សក្ខី ភគវន្ត) ជាមួយក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងប្រធាន សមាគមទេវ សក្ខី ភគវន្ត នៅថ្ងៃទី២៩ ខែមករា។
ក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា
លោក ថង ប៊ុនថេង (សក្ខី ភគវន្ត) ព្រមទទួលស្គាល់នូវកំហុសឆ្គង និង យល់ព្រមសុំទោសជាសាធារណៈនិងផ្លាស់ប្តូរ ឥរិយាបថក្នុងពេលពន្យល់ធម៌ និង ឈប់ប្រើប្រាស់ក្រណាត់សំពត់ពានា។ លោក ថង ប៊ុមថេង ក៏ព្រមលុបវីដេអូដែលបានផ្សព្វផ្សាយប៉ះពាល់កន្លងមកចេញពីបណ្តាញសង្គមផងដែរ។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃនឹងពិនិត្យមើលនូវនីតិវិធីតាមផ្លូវច្បាប់ ចំពោះសកម្មភាពប្រតិបត្តិរបស់សមាគម។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមករា ប្រធានសមាគមទេវ សក្ខី ភគវន្ត បានតាំងខ្លួនជា សាស្តា សក្ខី ភគវន្ត និងបាននិយាយបកស្រាយបំភាន់ប្រមាថយ៉ាងធ្ងន់ធ្ងរ ចំពោះព្រះសង្ឃ ថាជា បុគ្គលកំពុងពេញកម្លាំងហើយរស់នៅជាបន្ទុករបស់ពុទ្ធបរិស័ទ និងបានពោលត្មះតិះ ដៀលថា ព្រះត្រៃបិដកខ្មែរ ជាព្រះត្រៃបិដកនមិនគ្រប់ទឹក ជាដើម។ ការលើកឡើងរបស់ប្រធានសមាគមនេះ ទទួលបានធ្វើឱ្យមានប្រតិកម្មជាបន្តបន្ទាប់ពីសំណាក់ព្រះសង្ឃ និងសមាគមនានាកាន់ព្រះពុទ្ធសាសនា ក៏ដូចជាលេខាធិការដ្ឋានគណៈ សង្ឃនាយក និងពុទ្ធមណ្ឌលវិបស្សនាធុរៈជាដើម៕