( ខេត្តកំពង់ស្ពឺ )៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ លើកឡើងថា÷ សុខសន្តិភាព បានធ្វើឱ្យខេត្តដែលធ្លាប់តែប្រទាញប្រទងគ្នាដោយចុងអាវុធ រងគ្រោះដោយភ្លើងសង្គ្រាមអូសបន្លាយយូរឆ្នាំ មានឱកាសក្នុងការអភិវឌ្ឍន៍លើផ្នែកសេដ្ឋកិច្ច-សង្គមប្រជាពលរដ្ឋអាចរស់នៅដោយគ្មានការភ័យខ្លាច មានអាហារទទួលទានគ្រប់គ្រាន់ មានជម្រកស្នាក់នៅសមរម្យ មានលទ្ធភាពចូលរួមរាល់សកម្មភាពសង្គមផ្សេងៗនិងអាចធ្វើដំណើរកម្សាន្តក្នុងឱកាសពិធីបុណ្យនានា ទាំងក្នុងនិងក្រៅប្រទេស។ការលើកឡើងដូច្នេះ គ្រាដែលដឹកនាំក្រុមការងារ ប្រធានមន្ទីរ អង្គភាព ចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនានិងចាក់បេតុងស្ពានពីរកន្លែងលើបណ្តោយផ្លូវជាតិ៤៦ តភ្ជាប់ពីផ្លូវជាតិលេខ៤ទៅកាន់ឧទ្យានជាតិគីរីរម្យ ស្ថិតនៅក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។

អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើង
ថា សុខសន្តិភាព ស្ថិរភាពនយោបាយ ជាឱកាសមាសដើម្បីឱ្យក្រសួង ស្ថាប័នមន្ទីរ មានឱកាសក្នុងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឱ្យបានល្អ។ហើយបើគ្មាន សុខសន្តិភាព ស្ថិរភាពនយោបាយនោះទេ ក្រសួង ស្ថាប័ន មន្ទីរ ក៏ដូចអាជ្ញាធរ គ្មានឱកាសក្នុងការស្ថាបនានិងអភិវឌ្ឍន៍ឱ្យមានការរីកចម្រើនឡើយ ហើយប្រជាពលរដ្ឋក៏មានពេលវេលាក្នុងការរកស៊ីទទួលទាននោះដែរ។

លោក ជាម ច័ន្ទសោភ័ណអភិបាលខេត្តកំពង់ស្ពឺបានបន្ថែមថា បច្ចុប្បន្នដោយកត្តាសុខសន្តិភាព ប្រទេសកម្ពុជាទទួលបានដៃគូអភិវឌ្ឍន៍ជាច្រើន ពិសេសប្រទេសជាមិត្តនិងធនាគារជាដៃគូបានផ្តល់ថវិកាឱ្យមកកម្ពុជា ដើម្បីមកកសាង ហើយក្នុងនោះស្ពានឬថ្នល់ដែលជាវិស័យសាធារណការនិងដឹកជញ្ជូនត្រូវបានទទួលអាទិភាព។ដូច្នេះសុខសន្តិភាពនេះ បានផ្តល់ ឱកាសឱ្យកម្ពុជាទទួលបានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យទាំងអស់ រួមទាំងហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តសំខាន់ៗដូចជា ទឹក ភ្លើង ផ្លូវ-ស្ពាន សាលារៀន មន្ទីរពេទ្យជាដើម ដែលត្រូវបានស្ថាបនាឡើង យ៉ាងល្អប្រសើរ ដើម្បីបម្រើឱ្យផលប្រយោជន៍រួមរបស់បងប្អូនប្រជាពលរដ្ឋ។

អភិបាលខេត្តកំពង់ស្ពឺលោក ជាម ចន្ទ័សោភ័ណបានបញ្ជាក់បន្ថែមថា នៅក្នុងឃុំចំបក់មានប្រជាពលរដ្ឋប្រមាណជាង១ពាន់គ្រួសារគឺជាកសិករ ហើយក៏មានរមណីយដ្ឋានពីរកន្លែងមានឧទ្យានជាតិគីរីរម្យ និងទឹកធ្លាក់ចំបក់គឺជាតំបន់ទេសចរណ៍ធម្មជាតិមួយដែលបាននិងកំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដូច្នេះរំពឹងថាការស្ថាបនាស្ពានពីរកន្លែងនៅលើផ្លូវជាតិលេខ៤៦នេះ នឹងបម្រើដល់វិស័យដឹកជញ្ជូនកសិកម្មរបស់ពលរដ្ឋទៅកាន់ទីផ្សារនិងសម្រួលដល់ដំណើរភ្ញៀវទេសចរណ៍មកកាន់រមណីយដ្ឋាននេះបានយ៉ាងល្អប្រសើរ មួយវិញទៀតក៏បង្កលក្ខណៈងាយស្រួលបន្ថែមទៀតដល់បងប្អូននិងសិស្សានុសិស្សបានទៅកាន់មន្ទីរពេទ្យនិងទៅសាលារៀនបានយ៉ាងឆាប់រហ័សផងដែរ។ដូច្នេះសុខសន្តិភាពជាកត្តាមួយមិនអាចកាត់ថ្លៃបានឡើយ។

សូមរំលឹកផងដែរថា ខេត្តកំពង់ស្ពឺនៅប៉ុន្មានឆ្នាំចុងក្រោយគឺបាននិងកំពុងផ្លាស់ប្តូរមុខមាត់យ៉ាងលឿន តាមរយៈវត្តមានរោងចក្រ សហគ្រាសតូចធំបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ ផ្លូវ ថ្នល់ ស្ពាន កាន់តែច្រើននិងកើតមានបន្តបន្ទាប់ ដែលទាំងអស់នេះគឺបានឆ្លុះបញ្ចាំងពីសមិទ្ធផលធំៗរបស់ខេត្តដែលសម្រេចបាននិងមិនធ្លាប់មានពីមុនមក ក្នុងពេលដែលកម្ពុជា កំពុងទទួលបានសុខសន្តិភាពពេញលេញទូទាំងប្រទេសក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបន្តដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *