ភ្នំពេញ÷នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ វេលាម៉ោង ១០ ព្រឹក នៅទីស្នាក់ការកណ្តាលរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើការអភិវឌ្ឍន៍នូវកម្មវិធីទូរស័ព្ទដៃ (Agricultural Technical Support Mobile App) ដែលជាកម្មវិធីសម្រាប់ផ្តល់ការគាំទ្របច្ចេកទេសកសិកម្ម និងព័ត៌មានពីតម្លៃកសិផលដល់កសិករ។
តាមរយៈកម្មវិធីនេះ កសិករអាចទទួលបានចំណេះដឹង ពីបច្ចេកទេសកសិកម្មកាន់តែទូលាយ និងឆាប់រហ័ស កសិករអាចសាកសួរនិងទទួលបានដំណោះស្រាយពីបញ្ហាបច្ចេកទេសកសិកម្មពីអ្នកបច្ចេកទេសផ្ទាល់ អាចដឹងបានពីប្រភេទជំងឺ វិធីព្យាបាលលើផលិតកម្មកសិកម្ម និងតម្លៃកសិផលដែលកសិករអាចគិតគូរពិចារណាក្នុងការផលិតនូវផលិតផលដែលទទួលបានតម្លៃខ្ពស់ និងគិតគូរលើតម្លៃលក់កសិផលរបស់ខ្លួន។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មក៏បានផ្តល់អនុសាសន៍ណែនាំលើចំណុចសំខាន់ៗមួយចំនួនដើម្បិឱ្យកសិករមានភាពងាយស្រួលក្នុងការប្រើប្រាស់ នូវកម្មវិធីទូរស័ព្ទដៃដែលនឹងផ្តល់ប្រយោជន៍ជាចម្បងដល់កសិករ។
សូមបញ្ជាក់ថា កម្មវិធីទូរស័ព្ទដៃ App នេះគ្រោង នឹងដាក់ឱ្យប្រើប្រាស់នៅចុងខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខននេះ៕