ខេត្តមណ្ឌលគិរី៖ បុរសជនជាតិព្នងម្នាក់បានស្លាប់ដោយ សារដំរីជាន់ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នៅចំណុចអូរច្រា ស្ថិតនៅភូមិពូចា ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
សពមានឈ្មោះ ព្លឹង គោញ ភេទប្រុស ៥២ឆ្នាំជនជាតិព្នង សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិពូចា ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
តាមការបំភ្លឺកូនរបស់សព ឈ្មោះ គញ អនតូ ភេទប្រុស ដែលបានទៅរកឃើញសព ឪពុកនៅចំណុចអូរច្រា បានបំភ្លឺប្រាប់សមត្ថកិច្ចថា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ៧ និង០០នាទីព្រឹក ឪពុករបស់ខ្លួន បានចូលទៅក្នុងព្រៃម្នាក់ឯងដើម្បីទៅដាក់អន្ទាក់មាន់ព្រៃដើម្បីយកមកធ្វើម្ហូប ប៉ុន្តែ រហូតដល់យប់ក៏មិនឃើញឪពុកខ្លួនត្រឡប់មកផ្ទះវិញសោះ រហូតដល់ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ខ្លួនបានទៅបបួលពូរបស់ខ្លួនឈ្មោះ លើម វន ដើម្បីទៅតាមរកឪពុករបស់ខ្លួនដែលបានបាត់។ពេលដែលខ្លួនកំពុងដើររកដល់ ចំណុចអូរច្រា ស្ថិតនៅភូមិពូចា ឃុំស្រែព្រះ ខ្លួនក៏បានរកឃើញសពរបស់ឪពុក បានដេកស្លាប់នៅលើដី ភ្លាមនោះពូរបស់ខ្លួន ឈ្មោះ លើម វន ក៏បានទាក់ទងទៅប្រាប់ប្រជាការពារភូមិពូចា ឈ្មោះ លើម និ ដើម្បីឱ្យរាយការណ៍ទៅសមត្ថកិច្ច។
ក្រោយពេលសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែព្រះ បានទទួលព័ត៌មានពីប្រជាការពារភូមិ ឈ្មោះ លើម និ តាមរយៈលេខទូរស័ព្ទ វេលាម៉ោង១០ និង២៥នាទី ថាមានករណីមនុស្សស្លាប់នៅចំណុចអូរច្រា ស្ថិតភូមិពូចា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែព្រះ ក៏បានចុះទៅដល់កន្លែងកើតហេតុ ដោយមាន សមាសភាពចូលរួម ពិនិត្យសាកសព និងពិនិត្យកន្លែងកើតហេតុមានដូចជា លោកមេភូមិ ប្រជាការពារ,ប្រពន្ធ,កូន និងបងប្អូនសាច់ញាតិនៃសព។
ក្រោយពេលពិនិត្យសាកសពចប់សប់គ្រប់ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រែព្រះ សន្និដ្ឋានបានថា ឈ្មោះ ព្លឹង គោញ ពិតជាស្លាប់ដោយសារដំរីជាន់ពិតប្រាកដមែន មិនមែនជាករណីឃាតកម្មទេ ដោយមានស្លាកស្នាមជើងដំរីជាន់នៅចំណុច មុខ ជើង និងពោះ។
បច្ចុប្បន្នសពត្រូវបានប្រគល់ជូនទៅប្រពន្ធរបស់សព ឈ្មោះ ភ្យឺ ខូន ដើម្បីធ្វើបុណ្យតាមប្រពៃណីនៅផ្ទះ៕