លោកសុខ លូ អភិបាលខេត្តបាត់ដំបង ក៏ដូចជាលោកឧត្តមសេនីយ៍ទោ​ ដាញ់ អេង​ប៊ុន​ចាន់​ ដឹងអំពីទីតាំងវង់ល្បែងស៊ីសងរបស់តាត្នោតជ្រុំ ដែលកំពុងដំណើរការគគ្រឹកគគ្រេងនៅកណ្ដាលក្រុងបាត់ដំបងឬទេ? គេថា ទីតាំងល្បែងស៊ីសងរបស់តាត្នោតជ្រុំនេះ ដំណើរការជាយូរណាស់មកហើយ ដោយមានការសម្របសម្រួលពីលោកស្នងការរងម្នាក់ និងជាពិសេសពីលោកអធិការនគរបាលក្រុងបាត់ដំបងផ្ទាល់តែម្ដង។

ប្រភពរាយការណ៍ថា ទីតាំងវង់ល្បែងអាប៉ោងនិងល្បែង ស៊ីសងច្រើនប្រភេទផ្សេងទៀត ស្ថិតនៅភូមិចំការសំរោង សង្កាត់ចំការសំរោង១ ក្រុង-ខេត្តបាត់ដំបង កៀងគរក្រុមញៀនល្បែងឲ្យចូលលេងយ៉ាងអនាធិបតេយ្យ ធ្វើឲ្យប្រជាពលរដ្ឋរិះគន់អាជ្ញាធរសង្កាត់-ក្រុងនិងអាជ្ញាធរខេត្ត បាត់ដំបងយ៉ាងខ្លាំង។ សេចក្តីរាយការណ៍ឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះតាត្នោតជ្រុំ ដែលបានបើកដំណើរការល្បែងច្រើនប្រភេទនាកន្លងមក ប៉ុន្តែសព្វថ្ងៃនៅមានវង់អាប៉ោង ដែលចាក់ភ្នាល់លុយច្រើនៗរាប់ពាន់ដុល្លារ។ រីឯអធិការនគរបាលក្រុងបាត់ដំបងលោកពេជ្រ សារ៉ែន ធ្វើ មិនដឹង មិនឮ ដែលប្រជាពលរដ្ឋសង្ស័យថា លោកអធិការទទួលបានផលប្រយោជន៍ពីតាត្នោតជ្រុំ។

រីឯ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានសង្កាត់ចំការសំរោង ១-ក្រុងបាត់ដំបងនៅសម្ងំស្ងៀម មិនឃើញចុះបង្រ្កាប បើទោះបីជាមានការរិះគន់ជាច្រើនយ៉ាងណាក៏ដោយ។ ភាពស្ងៀមស្ងាត់អាជ្ញាធរមានសមត្ថកិច្ចក្រុងបាត់ដំបងធ្វើឲ្យប្រជាពលរដ្ឋមានមន្ទិលសង្ស័យថា ទំនងត្រូវបានលាបសក្ការៈពីតាត្នោតជ្រុំ។ មិនតែប៉ុណ្ណោះវង់អាប៉ោង
តាត្នោតជ្រុំនេះ កំពុងតែផ្គើននឹងបទបញ្ជាដ៏ម៉ឹងម៉ាត់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទៀតផង។ នេះក៏ដោយសារតែការឃុបឃិតគ្នារវាងថៅកែវង់ល្បែងតាត្នោតជ្រុំនិងលោកអធិការក្រុងបាត់ដំបងនោះដែរ។ ប្រជាពលរដ្ឋនិយាយថា លោកអធិការក្រុងបាត់ដំបងមិនដែលខ្វល់នឹងបទ បញ្ជានាយករដ្ឋមន្ត្រីឬចៅហ្វាយខេត្តអ្វីទេ គឺគិតតែពីបញ្ហាលុយកាក់ប៉ុណ្ណោះ។

ប្រភពដដែលឱ្យដឹងថា វង់អាប៉ោងខុសច្បាប់ តាត្នោតជ្រុំ ដែលមានទីតាំងខាងលើ បើកលេងអនាធិបតេយ្យ គ្មានអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានចុះអនុវត្តទប់ស្កាត់និងបង្រ្កាបឡើយ។នៅទីនេះគេអាចដំណើរការលេងល្បែងស៊ីងសងច្រើនប្រភេទ ជាពិសេសគឺអាប៉ោងដែលក្នុង១សប្តាហ៍ ពួកគេលេង៧ ថ្ងៃ ហើយក្នុង១ថ្ងៃលេង២៤ម៉ោងតែម្ដង។ សម្រាប់ប្រជាពលរដ្ឋនៅក្រុងបាត់ដំបង មានចម្ងល់តែមួយគត់ថា តើហេតុអ្វីបានជាអាជ្ញាធរមានសមត្ថកិច្ចពិសេសនគរបាលមិនបង្ក្រាបល្បែងស៊ីសងតាមត្នោតជ្រុំ…។

ហេតុដូច្នេះហើយ ប្រជាពលរដ្ឋសំណូមពរដ៏ទទូចដល់ ឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង ជាពិសេសលោក សុខ លូ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង សូមជួយចាត់វិធានការតាមផ្លូវច្បាប់ចំពោះទីតាំងវង់អាប៉ោងមួយកន្លែងខាងលើនេះផង។ ជាងនេះទៅទៀតប្រសិន អាជ្ញាធរនិងជំនាញ ខេត្តបាត់ដំបងមិនអាចបង្ក្រាបល្បែងស៊ីសងតាត្នោតជ្រុំបានទេ ដូច្នេះមានតែអគ្គស្នងការនគរបាលជាតិក៏ដូចជាក្រសួងមហាផ្ទៃប៉ុណ្ណោះ ដែលអាចបង្ក្រាបបាន៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed