ខេត្តកំពង់ស្ពឺ៖ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់ក្រុមហ៊ុនឱ្យធ្វើការសិក្សាបន្ថែមលើការផលិតថាមពលអគ្គិសនីតាមរយៈធ្យូងអង្កាមសម្រាប់ផលិតស្រូវអង្ករ មានប្រសាសន៍បែបនេះនៅគ្រាដែល ឯកឧត្តម ដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ស្ពឺ អាជ្ញាធរខេត្ត ស្រុកគងពិសី ចុះទស្សនកិច្ចនៅរោងចក្រអង្ករខ្មែរ ហ៊្វូត គ្រុប (KHMER FOODS GROUP) និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិករព្រៃវិហារ ស្ថិតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នៅក្នុងឱកាសនោះឯកឧត្តម ឌិត ឌីណា បានចុះត្រួតពិនិត្យពីខ្សែច្រវ៉ាក់ផលិតកម្មរបស់រោងចក្រអង្ករ និងបានពិនិត្យមេីលពីសណ្ឋានភាពទំហំស្តុកជាក់ស្តែងសម្រាប់ជួយអន្តរាគមន៍ដល់ប្រជាកសិករដាំស្រូវ។ ហើយលេីសពីនេះឯកឧត្តមបានណែនាំដល់រោងចក្រអង្ករឱ្យមានការសិក្សាបន្ថែមពីការទទួលយកថាមពលអគ្គីសនីតាមរយៈធ្យូងអង្កាមសម្រាប់ផលិតកម្មស្រូវអង្ករពិចារណាក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការវិនិយោគ សំដៅកាត់បន្ថយថ្លៃដេីមផលិត និងជួយគាំទ្រវិស័យកសិកម្មផ្សាភ្ជាប់ឧស្សាហកម្ម។
ជាមួយនោះដែរឯកឧត្តមបានដឹកនាំក្រុមការងារបន្តជួបសំណេះ សំ ណាលជាមួយសហគមន៍កសិករព្រៃវិហារ ដែលមានសមាជិក៩៤៥នាក់ ធ្វេីទៅលេីផលិតកម្មបន្លែ និងការដាំស្រូវវស្សាសម្រាប់អាជីវកម្ម។ ទន្ទឹមនឹងនេះ ឯកឧត្តមបានលេីកទឹកចិត្តដល់សហគមន៍ឱ្យពិនិត្យលទ្ធភាពក្នុងការជំរុញទៅជាសហគមន៍កសិកម្មទំនេីបដែលមានទុនគ្រប់គ្រាន់ មានប្រាក់កម្ចី ដែលមានអត្រាការប្រាក់ទាប មានផែនការផលិតច្បាស់លាស់ មានការគាំទ្រពីក្រសួងកសិកម្ម និងមានទីផ្សារពិតប្រាកដ។
ឯកឧត្តម ឌិត ឌីណា រដ្ឋមន្ដ្រីកសិកម្ម បានលើកឡើងដោយគូសបញ្ជាក់បន្ថែមអំពីសារៈសំខាន់ និងប្រសិទ្ធភាពសេដ្ឋកិច្ចនៃការប្រេីប្រាស់ពូជស្រូវខ្មែររួមមាន÷ ពូជស្រូវសែនក្រអូប និងផ្ការំដួល ដែលបានរក្សានូវតម្លៃទីផ្សារបានយ៉ាងល្អ មានតម្រូវការទីផ្សារខ្ពស់ និងមានការអន្តរាគមន៍ពីក្រសួងកសិកម្មផ្ទាល់ ជាជាងការដាំពូជស្រូវដែលនាំចូលពីបរទេស។
បន្ថែមពីនេះឯកឧត្តមរដ្ឋមន្ដ្រីក៏បានលេីកទឹកចិត្តឱ្យប្រជាកសិករពិចារណារួមគ្នាក្នុងការឆ្លេីយតបឱ្យចំគោលដៅ និងត្រឹមត្រូវគ្រប់ជ្រុងជ្រោយទៅលេីអ្នកកេងចំនេញ ដេីម្បីប្រជាប្រិយភាពនិងអ្នកកេងចំនេញប្រយោជន៍នយោបាយតាមបណ្តាញសង្គម ដោយបានយកផលលំបាករបស់ប្រជាកសិករនិងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលធ្វេីជាអាជីវកម្ម និងបង្កេីនភាពល្បីល្បាញរបស់ខ្លួនផងដែរ៕