ទីតាំងវង់ល្បែងអាប៉ោងនិងល្បែងស៊ីសងច្រើនប្រភេទទៀតស្ថិតនៅភូមិចំការសំរោង សង្កាត់ចំការសំរោង១ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កៀងគរក្រុមញៀនល្បែងឲ្យចូលលេងយ៉ាងអនាធិបតេយ្យ ធ្វើឲ្យប្រជាពលរដ្ឋរិះគន់អាជ្ញាធរសង្កាត់-ក្រុង យ៉ាងចាស់ដៃ។ សេចក្តីរាយ ការណ៍ឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះតាត្នោតជ្រុំ ដែលបានបើកដំណើរការល្បែងច្រើនប្រភេទនាកន្លងមក ប៉ុន្តែសព្វថ្ងៃនៅមានវង់អាប៉ោង ដែលចាក់ភ្នាល់លុយច្រើនៗរាប់ពាន់ដុល្លារ។ រីឯអធិការនគរបាលក្រុងបាត់ដំបងលោកពេជ្រសារ៉ែន ធ្វើមិនដឹង មិនឮ ដែលប្រជាពលរដ្ឋសង្ស័យថាមានផលប្រយោជន៍ពីតាត្នោតជ្រុំ។
រីឯ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានសង្កាត់ចំការសំរោង ១-ក្រុងបាត់ដំបងនៅសម្ងំស្ងៀម មិនឃើញចុះបង្រ្កាប បើទោះបីជាមានការរិះគន់ជាច្រើនយ៉ាងណាក៏ដោយ។ ភាពស្ងៀមស្ងាត់អាជ្ញាធរមានសមត្ថកិច្ចក្រុងបាត់ដំបងធ្វើឲ្យប្រជាពលរដ្ឋមានមន្ទិលសង្ស័យថា ទំនងត្រូវបានលាបសក្ការៈពីតាត្នោតជ្រុំ។ មិនតែប៉ុណ្ណោះវង់អាប៉ោង
តាត្នោតជ្រុំនេះ កំពុងតែផ្គើននឹងបទបញ្ជាដ៍ម៉ឹងម៉ាត់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទៀតផង។ នេះក៏ដោយសារតែការឃុបឃិតគ្នារវាងថៅកែវង់ល្បែងតាត្នោតជ្រុំនិងលោកអធិការក្រុងបាត់ដំបងនោះដែរ។
គេសង្កេតឃើញ ម្ចាស់ទីតាំងល្បែងអាប៉ោង ខុសច្បាប់ មួយកន្លែង ដែលកំពុងដំណើរការគគ្រឹកគគ្រេងសព្វថ្ងៃក្នុងទឹកដីសង្កាត់ចំការសំរោង១ក្រុងបាត់ដំបងបើកលេង រាល់ថ្ងៃ ដែលធ្វើឱ្យប្រជាពលរដ្ឋមានមន្ទិលថា ទីតាំងល្បែងដុះស្លែមួយនេះ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បើកភ្លើងខៀវមិនខាន ទើបអាចបើកលេងបានដោយរលូនយ៉ាងនេះ។ ប្រជាពលរដ្ឋនិយាយថាអាជ្ញាធរក្រុងបានដឹងអំពីវង់ល្បែងនេះ ប៉ុន្តែមិនបង្ក្រាប។
ប្រភពដដែលឱ្យដឹងថា ទីតាំងល្បែងអាប៉ោងខុសច្បាប់របស់តាត្នោតជ្រុំ ដែលមានទីតាំងខាងលើ បើកលេងអនាធិបតេយ្យ គ្មានអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្រ្កាបឡើយ។ ប្រការនេះធ្វើឱ្យប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភ និងភ័យខ្លាច កើតអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។ល។
ប្រភពរាយការណ៍ថា អាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ចសង្កាត់-ក្រុងហាក់ដូចជាមើលស្រាលចំពោះល្បែង ស៊ី សងមួយកន្លែងនេះ ឬមួយទទួលបានលាបសក្ការៈពីតាត្នោតជ្រុំ? ប្រជាពលរដ្ឋពិបាកជឿថា សមត្ថកិច្ចមិនដឹងអំពីបញ្ហាវង់ល្បែងស៊ីសងនៅទីតាំងខាងលើនេះ។
ហេតុដូច្នេះហើយ ប្រជាពលរដ្ឋសំណូមពរដ៏ទទូចដល់ លោក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង, ឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង ជាពិសេសលោក សុខ លូ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង សូមជួយចាត់វិធានការតាមផ្លូវច្បាប់ចំពោះទីតាំងវង់អាប៉ោងមួយកន្លែងខាងលើនេះផង៕