ខេត្តកណ្ដាល៖ឧកញ៉ាចាប ហុងលី ត្រូវប្រជាពលរដ្ឋរស់នៅឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលចោទថា ជាមេគំនិតឃុបឃិតជាមួយរដ្ឋបាលឃុំ ដើម្បីទិញដីសហគមន៍ដែលជាអាករឃុំលើផ្ទៃដីទំហំជាង៣ ហិចតាក្នុងតម្លៃលុយជិត២០ម៉ឺនដុល្លារធ្វើឲ្យអ្នកភូមិជ្រួលច្របល់។ យ៉ាងណាក៏ដោយរឿងនេះអង្ករក្លាយជាបាយហើយដីនោះក៏បានទៅជាប្លង់រឹង កម្មសិទ្ធិរបស់ឧកញ៉ាចាបហុងលីទៅហើយ។
បើតានលោកមេភូមិនិងសមាជិកក្រុមប្រឹក្សាឃុំសន្លុង ស្រុកខ្សាច់កណ្ដាល បានអះអាងដូចៗគ្នាថា ដីអាករឃុំរបស់រដ្ឋដែលមានទំហំ៣ហិកតាកន្លះ នៅចំណុចជាប់និងទំនប់ខាងកើត”មេទឹកសំឡូង”ស្ថិត នៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ត្រូវមេឃុំ(អាណត្តិមុន) គប់គិតលក់ឱ្យឧកញ៉ា ចាប ហុងលី បានលុយជិត២០ ម៉ឺនដុល្លារចែកគ្នាអស់ហើយ។
លោក ទឹម ទន មេភូមិសន្លុងបានថ្លែងថា មេឃុំសន្លុង ពិតជាបានលក់ដីអាករឃុំរបស់រដ្ឋ ត្រង់ចំណុចខាងលើប្រាកដមែន។ លោកមេភូមិបញ្ជាក់ថា ដីនោះលោកមេឃុំអាណត្តិមុនជាអ្នកលក់ ដោយយកលុយមកតម្កល់ទុកនៅសាលាឃុំ ហើយលោកស្រី ណេង ដាលីស មេឃុំថ្មីជាអ្នកចាត់ចែងដកប្រើប្រាស់ ។
បច្ចុប្បន្នដីនេះបានក្លាយជាកម្មសិទ្ធិរបស់ឧកញ៉ា ចាប ហុងលី និងមានប្លង់រឹងរួចអស់ហើយ ស្របពេលដែលប្រជាពលរដ្ឋទើបតែដឹង ក្នុងរយៈពេលចុងក្រោយនេះហើយខ្សិបតៗគ្នាអំពីភាពមិនប្រក្រតីនៃការលក់ដីរួមនេះ។ ពលរដ្ឋជាអ្នកភូមិសន្លុងបាននិយាយថា ពួកគាត់ពុំបានដឹងឮ និងឯកភាពឱ្យអាជ្ញាធរឃុំសន្លុង លក់ដីអាករឃុំរបស់រដ្ឋនោះទេ។ ចំពោះបញ្ហាស្នាមមេដៃ ដែលពួកគាត់ផ្ដិតកាលពីកន្លងមកនោះគឺដើម្បីស្នើសុំរក្សាការ ពារដីរដ្ឋ(ដីបឹងមេទឹកសំឡូង)និងជួសជុលផ្លូវ។ អ្នកភូមិទាំងនោះនិយាយថា ប្រសិនបើអាជ្ញាធរនិងឈ្មួញយកមេដៃពួកគាត់ ទៅក្លែងបន្លំថា ឯកភាពឱ្យលក់ដីអាករឃុំរបស់រដ្ឋ គឺជារឿងប្រឌិតទាំងស្រុង។
តាមពលរដ្ឋដែលដឹងរឿង ករណីលក់ដីអាករឃុំសន្លុង ត្រង់ចំណុចខាងលើ គឺរដ្ឋបាលឃុំបានលក់ឱ្យឧកញ៉ាចាប ហុងលី តម្លៃ៥០.០០០ដុល្លារ ក្នុង១ហិកតា អញ្ចឹងសរុប៣ហិកតាកន្លះស្មើ១៧. ៥០០០ដុល្លារ។ បច្ចុប្បន្ន ឧកញ៉ា ចាប ហុងលី កំពុងកាន់កាប់លើដីអាករឃុំសន្លុង និងបានជួលឱ្យពលរដ្ឋធ្វើស្រូវក្នុង១ហិកតាតម្លៃ៦០ម៉ឺនរៀលសម្រាប់រយៈពេល១ឆ្នាំម្ដង។
លោក ម៉ុន មឿង មេការរបស់ឧកញ៉ា ចាប ហុង ថ្លែង ទទួលស្គាល់ថា លោកឧកញ៉ា ចាប ហុងលី ពិតជាបានទិញដីអាករឃុំសន្លុង ត្រង់ចំណុចខាងលើ ពីរដ្ឋបាលឃុំ ប្រាកដមែនដោយសំអាងថា ពលរដ្ឋឯកភាពឱ្យលក់។
លោក ហ៊ែល ម៉ូដេត ប្រធានការិយាល័យ ភូមិបាលស្រុកខ្សាច់កណ្ដាលថ្លែងថា លោកពុំបានដឹងពាក់ព័ន្ធការលក់ដីអាករឃុំខាងលើនេះទេ។
លោក ថោង ស្រស់ អតីតមេឃុំសន្លុងនិងបច្ចុប្បន្នជា សមាជិកក្រុមប្រឹក្សាឃុំសន្លុងបានថ្លែងថា ដីអាករឃុំ ទំហំ៣ហិកតាកន្លះដែលជាប់និងទំនប់”មេទឹកសំឡូង” ស្ថិតនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ឃុំបានលក់ឱ្យឧកញ៉ា ចាប ហុងលី ប្រាកដមែន ហើយមន្ត្រីជំនាញក៏បានចេញប្លង់រឹងឱ្យឧកញ៉ា ចាប ហុងលី រួចរាល់ហើយដែរ។
អតីតមេឃុំសន្លុង លោក ថោង ស្រស់ ឱ្យដឹងបន្ថែមថា ដីនោះលក់ឱ្យឧកញ៉ា ចាបហុងលី តម្លៃ៥០.០០០ដុល្លារ ក្នុង១ហិកតា ក្នុងនោះ រដ្ឋបាលឃុំ ទើបនិងទទួលបានលុយគ្រប់ចំនួននាពេលថ្មីៗនេះដែរទេ។ លោកបញ្ជាក់ថា លុយទាំងនោះនៅលើលោកស្រីមេឃុំបច្ចុប្បន្ន ជាអ្នក កាន់កាប់។
សម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើវិញហាក់ ដូចជាមិនអស់មិនហើយ ចំពោះការដែលអាជ្ញាធរឃុប ឃិតគ្នាលក់ដីសហគមន៍ ដោយមិនមានការយល់ព្រម ឬធ្វើវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋជាមុនសិន។ ករណីនេះអាជ្ញាធរថ្នាក់ជាតិក្រសួងស្ថាប័នពាក់ព័ន្ធគួរតែមានការស៊ើបអង្កេតឡើងវិញ ជាពិសេសទៅលើករណីមេឃុំសន្លុងទាំងពីរអាណត្តិចុងក្រោយនេះ៕