(ខេត្តកណ្តាល) ៖ ប្រជាពលរដ្ឋបានថតផ្ញើមកគេហទំព័រយើងខ្ញុំ អំពីករណីមាន់ជល់អនឡាញស្ថិតនៅភូមិទួលក្តី ឃុំត្រើយស្លាស្រុកស្អាង ខេត្តកណ្ដាល ដែលទទួលបានអតិថិជនជាច្រើនចូលលេងជាហូរហែរ។ បើទោះវាជាល្បែងស៊ីសង ខុស ច្បាប់ដែលប្រមុខរាជរដ្ឋាភិបាលហាមប្រាមក៏ដោយ ប៉ុន្តែហាក់ដូចជាមិនបានយកចិត្តទុកដាក់បង្ក្រាបពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចស្រុកស្អាងនោះឡើយ។
ពលរដ្ឋរស់នៅមូលដ្ឋានខាងលើនេះបានឱ្យដឹងថា ល្បែង ស៊ីសងតាមអ៊ីនធឺណិតមាន់ជល់អនឡាញ កំពុងរីកដុះ ដាល តាមលំនៅដ្ឋានរបស់ប្រជាពលរដ្ឋជា ច្រើនកន្លែងដោយមិនឃើញមានការបង្ក្រាបសោះ ពីសំណាក់មន្ត្រីនគរបាលប៉ុស្តិ៍ និងអធិការដ្ឋាននគរបាលស្រុកស្អាង។ ភាពស្ងៀមស្ងាត់របស់សមត្ថកិច្ចដែលបណ្ដែតបណ្ដោយឲ្យមានទីតាំងល្បែងអ៊ីនធឺណិតមាន់ជល់នេះ បានធ្វើឲ្យប្រជាពលរដ្ឋមានសង្ស័យយ៉ាងខ្លាំង។ ប្រភពថា អធិការនគរបាលស្អាងវរៈសេនីយ៍ឯករស់ ចន្ថា និងអភិបាល ស្រុកលោក ជឺ គឹមហៃ ហាក់ដូចជារក្សាភាពស្ងៀមស្ងាត់ចំពោះបញ្ហាល្បែងទាំងនេះ។
ប្រភពឲ្យដឹងថា ល្បែងស៊ីសងមាន់ជល់អនឡាញនៅទីតាំងខាងលើ សព្វថ្ងៃនេះកៀងគរបានអ្នកញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានបង្រ្កាបនោះឡើយ។ នេះគឺជាការផ្គើនយ៉ាងគឃ្លើនចំពោះបទបញ្ជាក្រសួងមហាផ្ទៃ។ សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ទីតាំងល្បែងសុីសងមអនឡាញក្នុងមូលដ្ឋានខាងលើ កំពុងបើកដំណើរ ការយ៉ាងពេញបន្ទុក គេពុំដែលឃើញអាជ្ញាធរនិងសមត្ថ កិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះទប់ស្កាត់ និងបង្ក្រាបឡើយ ខណៈល្បែង ស៊ីសងខុសច្បាប់ នៅតែបន្តបើកលេងអនាធិបតេយ្យ។
អ្នកភូមិប្រាប់ថា សព្វថ្ងៃប្រជាពលរដ្ឋកំពុងតែវក់វីនឹងបញ្ហាល្បែងស៊ីសងតាមអ៊ីនធឺណិតដូចជា ជល់មាន់តាមអនឡាញនិងឆ្នោតឡូតូជាដើម។ ប្រជាពលរដ្ឋវក់នឹងល្បែង ហើយភ្លេចការងារប្រចាំថ្ងៃ ជាពិសេសបានបំផ្លិចបំផ្លាញលុយកាក់ទ្រព្យ សម្បត្តិអស់ជាបន្តបន្ទាប់។ នៅ ក្នុងភូមិមានទីតាំងល្បែង ស៊ីសងតាមអ៊ីនធឺណិតជា ច្រើនកន្លែង ដែលក្រុមហ៊ុនមាន់ជល់ពង្រាយដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ចូលចិត្តលេង ល្បែងស៊ីសងទាំង នោះ។ អាជ្ញាធរមិនអាចនិយាយថា មិនដឹងនោះទេ ពីព្រោះប្រជាពលរដ្ឋតែងតែជួបជុំគ្នាច្រើន នៅតាមទីតាំងដែលមានល្បែងស៊ីសងទាំងនោះ។
បើតាមប្រជាពលរដ្ឋដែលមាន ប្ដីសី,កូន,ចៅ រងគ្រោះពីកំពុងល្បែងស៊ីសងតាមអ៊ីនធឺណិតទាំងនោះនិយាយថា សព្វថ្ងៃនេះល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់គាត់បានបើកជាចំហប្រៀបដូចជាល្បែង ស៊ីសងស្របច្បាប់យ៉ាងដូច្នោះដែរ។ គ្មានការបង្ក្រាប ឬវិធានការតឹងតែងចំពោះទីតាំងបើកល្បែងស៊ី សងតាមអ៊ីនធឺណិតទាំងនេះទេ។ អ្នកភូមិបានត្រឹមតែសម្ដែងចម្ងល់ចំពោះបញ្ហាល្បែងស៊ី សងនៅក្នុងមូលដ្ឋានរបស់ពួកគាត់ កាន់តែច្រើនឡើងៗ ហើយអ្វីដែលចោទជាបញ្ហានោះគឺករណីចោរលួច,ចោរ ប្លន់ទ្រព្យសម្បត្តិ និងអំពើហិង្សានៅក្នុងគ្រួសារចេះតែកើនឡើង។
នេះគឺជាការផ្គើនទាំងស្រុងទៅនឹងបទបញ្ជារបស់ រាជ រដ្ឋាភិបាល ជាពិសេសក្រសួងមហាផ្ទៃ។ ប្រជាពលរដ្ឋនិយាយថា ទាំងអធិការនគរបាលស្រុក វរៈសេនីយ៍ឯក រស់ចន្ថា និងលោកអភិបាលស្រុក ជឺ គឹមហៃហាក់ដូច ជាមិនខ្វល់ខ្វាយ ចំពោះបញ្ហាដែលត្រូវបង្ក្រាបល្បែងស៊ី សងមាន់ជល់អនឡាញនេះឡើយ។ មិនតែ ប៉ុណ្ណោះហាក់ដូចជាសោកស្ដាយប្រសិនបើល្បែងស៊ីសងនេះត្រូវបានបង្ក្រាបពីមូលដ្ឋានស្រុកស្អាងនោះ។
ពលរដ្ឋឃើញមន្ត្រីនគរបាលមិនដឹងថា ជានគរបាលប៉ុស្តិ៍ឬអធិការដ្ឋាននគរបាលស្រុកស្អាងទេ តែងតែជិះម៉ូតូចូលទៅ តាមទីតាំងល្បែងតាមអ៊ីនធឺណិតមាន់អនឡាញ នោះ។ ប៉ុន្តែមិន ដឹងថា ហេតុអ្វីបានជាមិនបង្ក្រាបយ៉ាងដូច្នេះ? ពាក់ព័ន្ធនឹងករណីខាងលើនេះ មិនអាចសុំការបំភ្លឺពីលោកអធិការនគរបាលស្រុកស្អាងបានទេ ៕