*ច្បាប់ធូរលុងឬការមិនអនុវត្តឲ្យគ្រប់ជ្រុងជ្រោយ? ទើប បានជាបន្តមានអ្នកប្រព្រឹត្តលួចចាក់ដីលុកទន្លេមេគង្គ

មាត់ទន្លេមេគង្គនៅចំណុចភូមិទន្លេខាងជើង ឃុំទន្លេបិទស្រុក-ខេត្តត្បូងឃ្មុំ កំពុងប្រឈមនឹងហានិភ័យ ដោយការចាក់ដីធ្វើរបងព័ទ្ធជុំវិញយ៉ាងស្អាតបាត ស្របពេលដែលអាជ្ញាធរជំនាញស្រុកត្បូងឃ្មុំ ទើបតែឃើញហើយចុះហាមឃាត់ នៅពេលដែលប្រជាពលរដ្ឋនិយាយថា “អង្ករក្លាយជាបាយ”ទៅហើយនោះ តើគួរជះចោលដែរ ឬយ៉ាងដូចម្ដេច? យ៉ាងណាក៏ដោយ”អង្ករដែលក្លាយជាបាយ” ជាច្រើនឆ្នាំងមកហើយដែលត្រូវ”ជះចោល”។

មហាជនធ្វើដំណើរលើស្ពានគីហ្សូណា ចេញពីទីរួមខេត្តកំពង់ចាមឆ្លងចូលខេត្តត្បូងឃ្មុំនៅខាងស្តាំដៃ ប្រាកដជាឃើញការចាក់ដីសាងសង់ធ្វើរបងរំលោភបំពាន ចូលក្នុងទន្លេមេគង្គលើនេះជាមិនខាន។ ទីនោះ នៅចំណុចភូមិទន្លេបិទជើង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ ដែល មានការចាក់ដីរំលោភលើចំណីទន្លេ និងមានធ្វើរបងថ្មព័ទ្ធជុំវិញយ៉ាងរឹងមាំមិនដឹងថា មានការអនុញ្ញាតច្បាប់ឬយ៉ាងណានោះទេ?។

ប្រភពដកស្រង់ការឱ្យដឹងរបស់លោកមេឃុំទន្លេបិទ មកបញ្ជាក់ថា ការចាក់ដីនេះមានឈ្មោះលោកឧកញ៉ាប៊ុន ថៃ ជាម្ចាស់។ លោកមេឃុំបានបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ ២០២៥ មានមន្ត្រីខាងសុរិយោដីស្រុកត្បូង ឃ្មុំសហការជាមួយនឹងលោកមេឃុំទន្លេបិទ,មេភូមិទន្លេ បិទជើង បានចុះមកដល់គោលដៅចាក់ដី របស់ឧកញ៉ា ប៊ុន ថៃ បានធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពចាក់ដីរំលោភលើចំណីទន្លេនេះ ហើយនិងមានការវាស់វែងការចាក់ដីនេះរំលោភលើផ្ទៃដីចំណីទន្លេមេគង្គប៉ុន្មានម៉ែត្រទៀតផង។

ប្រជាពលរដ្ឋបាននិយាយថា វិធានការទប់ស្កាត់ចំពោះការចាក់ដីរំលោភលើចំណីទន្លេខាងលើនេះ ហាក់ដូចជាភាពយឺតពេលទៅហើយ មានន័យថា អង្ករក្លាយទៅជាបាយរួចទៅហើយ ទើបក្រុមការងារស្រុកចុះធ្វើកិច្ចសន្យាបញ្ឈប់ឲ្យមានសកម្មភាព។ មហាជនឆ្ងល់ថា បើការចាក់ដីនេះមិនមានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេហេតុអ្វីបានជា អាជ្ញាធរបណ្ដែតបណ្ដោយឱ្យលោកឧកញ៉ា ធ្វើរបងរួច រាល់ហើយទើបហាមឃាត់ជាក្រោយយ៉ាងដូច្នេះ។ ហេតុដូម្ដេច មិនមានវិធានការហាមឃាត់ ឬ ទប់ស្កាត់ ឲ្យបានទាន់ពេលវេលា? ដូច្នេះសកម្មភាពចាក់ដីរំលោភបែបនេះគឺជាកំហុស របស់អាជ្ញាធរ ឬ ជំនាញផ្នែកសូរិយោដីដែរឬយ៉ាងណានោះ?។

នេះជាអ្វី ដែលជាមេរៀនដដែលៗ បានកើតឡើងនៅឯស្រុកស្រីសន្ធរកាលពីឆ្នាំទៅ។ អាជ្ញាធរ,ស្ថាប័នជំនាញបានត្រឹមណែនាំឲ្យម្ចាស់ការដ្ឋានកាយថ្ម ត្រឡប់មកវិញតែប៉ុណ្ណោះ។ ប្រជាពលរដ្ឋឆ្ងល់ថា តើច្បាប់កំណត់ត្រឹម តែឲ្យកាយថ្មត្រឡប់មកវិញទេឬ? បើច្បាប់កំណត់យ៉ាងដូច្នេះនោះនឹងនៅតែមានអ្នកប្រព្រឹត្តល្មើសបំពានច្បាប់ដដែលជាដដែល។ ករណីខាងលើនេះតើអាចរកស,ខ្មៅឲ្យច្បាស់លាស់ឃើញដែរឬទេ? ថាតើឧកញ៉ាប៊ុន ថៃ នេះពិតជាបានធ្វើខុសច្បាប់មែនដែរឬទេ? បើគាត់ខុសច្បាប់តើត្រឹមតែវាយកំទេចរបស់ថ្ម ឬក៏ច្បាប់កំណត់ឲ្យមាន ទោសទណ្ឌដែរឬយ៉ាងណា? និយាយឲ្យខ្លី តើល្មមដល់ ពេលអនុវត្តច្បាប់ឲ្យពេញលេញហើយឬនៅ?

អង្គភាពគេហទំព័រយើងខ្ញុំរងចាំស្រាយបំភ្លឺ ពីសាមុីខ្លួនដែលមានឈ្មោះថាជាអ្នកចាក់ដីលុបទន្លេ និងស្ថាប័នពាក់ព័ន្ធគ្រប់ពេលវេលា។ ជាងនេះទៅទៀតម្ចាស់ការដ្ឋាន ក៏ដូចជាស្ថាប័នពាក់ព័ន្ធត្រូវបំភ្លឺជូនប្រជាពលរដ្ឋអំពីអ្វីដែលបាននឹងកំពុងកើតឡើង នៅតំបន់មាត់ទន្លេក្នុងស្រុកត្បូងឃ្មុំនោះឲ្យបានច្បាស់លាស់៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed