(ខេត្តកោះកុង ) ៖ ធម្មតា! ធម្មតា! បើទោះបីជាប្រជាពលរដ្ឋលើផ្ទៃប្រទេស ជាពិសេសអ្នកស្រុកស្រែអំបិល ក៏ដូចជាមន្ត្រីរាជការ,ប្រជាពលរដ្ឋនៅខេត្តកោះកុង ភ្ញាក់ផ្អើលយ៉ាងណាក៏ ដោយក៏មន្ត្រីស្រុកស្រែអំបិល ក៏ដូចជាថ្នាក់ ដឹកនាំខេត្តកោះកុង ធ្វើដូចជាមិនដឹងរឿង ករណីដែលឈ្មួញចាក់ដីលុបព្រែកនៃដៃសមុទ្រ។ រីឯឈ្មួញក៏ចេះតែដំណើរការចាក់ដីលុបសមុទ្រ ជាធម្មតាដូចគ្មានរឿងអ្វីកើតឡើងបើទោះបីជាទង្វើនេះខុសនឹងច្បាប់ក៏ដោយ។

ប្រភពរាយការណ៍ថា ដីចំណីមាត់ព្រែកស្ថិតនៅចំណុចពយទី ភូមិជ្រោយស្វាយលិច ឃុំជ្រោយស្វាយ ស្រុក ស្រែអំបិលបាននិងកំពុងត្រូវពួកឈ្មួញអ្នកមានអំណាច, មានលុយចាក់អាចម៍ដីរំលោភបំពាន យកធ្វើជាកម្មសិទ្ធិយ៉ាងណាអនាធិបតេយ្យ។ ប្រភពបានឲ្យដឹងថា សកម្ម ភាពរថយន្តដឹកអាចម៍ដីជាច្រើនគ្រឿង បានបន្តដឹកបន្ត កន្ទុយគ្នាចាក់ចូលចំណីព្រែកចំណុចពយទី ក្រោមរូប ភាពបិទបាំងលាក់លៀម បន្តិចម្តងៗដោយគ្មានច្បាប់អនុញ្ញាតណាមួយពីអាជ្ញាធរ ឬមន្រ្តីជំនាញមូលដ្ឋានសោះឡើយ។

ប្រភពបន្ថែមថា រាល់សកម្មភាពដឹកដីចាក់លុបចំណីព្រែកដៃសមុទ្រនេះ ធ្លាប់កើតឡើងកំឡុងចុងឆ្នាំ២០២៤ ម្តងដែរហើយ ប៉ុន្តែត្រូវបានស្ងាត់ទៅវិញ លុះដល់ប៉ុន្មានថ្ងៃនេះគេសង្កេតឃើញងើបសកម្មភាពជាថ្មី ទាំងបំពាន យ៉ាងអនាធិបតេយ្យ។ គេសង្កេតឃើញ ក្រុមគ្រឿងចក្របានចាក់ដី១ឡានភ្លាម គ្រឿងចក្ររុញដីឲ្យរាបស្មើភ្លាមៗចូលទៅចំណីព្រែកហាក់បីដូចជាសម្រុកខ្លាំង ដើម្បីឱ្យទាន់ផែនការចង់បានដីចំណីព្រែកយកមកធ្វើជាកម្មសិទ្ធិ របស់ពួកខ្លួន។ ករណីលបលួចចាក់ដីចូលព្រែកសមុទ្រ ធ្វើឡើងក្នុងដីកន្លែង ដែលមានរបងបាំងជិតឈឹងមិនអាចមាននរណាដឹងងាយឡើយថា តើពួកគេកំពុងធ្វើអ្វី សូម្បីតែអាជ្ញាធរមូលដ្ឋាននៅក្បែរទីនោះ។

លោក ថន ឃិន មេបញ្ជាការសឹករងស្រុកស្រែអំបិល បដិសេធយ៉ាងខ្លីថា ទីតាំងដែលកំពុងចាក់ដីខាងលើ ពុំមែនជាដីកម្មសិទ្ធិរបស់លោកនោះទេ។ លោកមេយោធាស្រុកស្រែអំបិលបន្ថែមថា ឈ្មោះ តាម៉ាប់ ជួលកូនគាត់ឱ្យដឹកចាក់បំពេញដីក្នុងដែនគ្រប់គ្រងខ្លួន។ រថយន្តនិងគ្រឿងចក្រពិតជាកម្មសិទ្ធិរបស់កូនប្រុសលោកប្រាកដមែន ដោយមានមនុស្ស១ម្នាក់មើលការ ខុសត្រូវលើដីនេះហើយកូនរបស់លោកដែលស៊ីឈ្នួញដឹកអាចម៍ដីឲ្យគេ គឺដឹងតែដឹកជញ្ជូនបំពេញទីតាំងដីធ្លីប៉ុណ្ណោះ។

លោក សុផល ហៅម៉ាប់ ដែលជាអ្នកមើលការខុសត្រូវទីតាំងទំនាស់នេះនិយាយថា លោកចាក់ដីដែលលោកបានទិញពីម្ចាស់មុនគ្រោងធ្វើជារីស៊តទៅថ្ងៃមុខ។ ករណីអាជ្ញាធរនិងមន្រ្តីជំនាញរកឃើញថា ពិតជាចាក់ដីបំពាន ចំណីព្រែកប្រាកដមែន គឺលោកសុំជីកកាយឡើងវិញ។ ដើម្បីស្មើភាពយុត្តិធម៌ដូចគ្នា លោកស្នើសុំឱ្យជីកកាយទាំងអស់គ្នាព្រោះថា ទីតាំងដីនៅក្បែរលោកមួយចំនួនសុទ្ធតែមានការលួចចាក់ដីចូលចំណីច្រើនជាងពួកគាត់ទៅទៀត ហេតុអីមិនឃើញមានអាជ្ញាធរ ឬមន្រ្តីជំនាញណាមួយមកហាមឃាត់ផ្អាកសកម្មភាពសោះឡើយ។

គេមិនដឹងថា តើអាជ្ញាធរស្រុកស្រែអំបិល ជាពិសេសរដ្ឋ បាលខេត្តកោះកុង ហេតុអ្វីក៏ព្រងើយកន្តើយបណ្ដែត បណ្ដោយឲ្យមានសកម្មភាពដដែលៗនេះ កើតឡើងយ៉ាងដូច្នេះ។ ដូចដែលតាម៉ាប់បាននិយាយនោះមែនគឺមិនមែនមានតែមួយកន្លែងនោះទេដែលមានសកម្មភាពចាក់ដីលុបដៃសមុទ្រ។ ផ្ទុយទៅវិញមានច្រើនកន្លែងនៅក្នុងភូមិសាស្ត្រស្រុកស្រែអំបិល។ ភាពស្ងៀមស្ងាត់របស់អាជ្ញាធរស្រុកស្រែអំបិល ក៏ដូចជារដ្ឋបាលខេត្តកោះកុងធ្វើឱ្យប្រជាពលរដ្ឋមានមន្ទិលសង្ស័យ។

លោក ប៊ុន រ៉េ មេឃុំជ្រោយស្វាយប្រាប់ថា ទីតាំងខាងលើ បានផ្អាកសកម្មភាពជាបន្ទាន់មួយជំហានហើយ ក្រោយមានបទបញ្ជាពីលោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែ អំបិល។ សម្រាប់ថ្ងៃទី៦ ខែមករា ក្រុមមន្រ្តីជំនាញ និងអាជ្ញាធរបន្តវាយតម្លៃពីផលប៉ះពាល់ជាក់ស្តែងលម្អិត តើអាជ្ញាធរមានវិធានការយ៉ាងណាចំពោះករណី១នេះ៕

Oplus_131072
Oplus_131072
Oplus_131072
Oplus_131072
Oplus_131072

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed