ខេត្តកែប ៖​ បងប្អូនប្រជាពលរដ្ឋ ជាពិសេស ប្រជានេសាទ ដែលរស់ពឹងផ្អែក លើព្រៃកោងកាង បានអោយដឹងថា អត្ថប្រយោជន៍ព្រៃកោងកាងដោយផ្តោត​លើផ្នែកប្រព័ន្ធអេកូឡូស៊ី ព្រៃកោងកាងបានផ្តល់នូវគុណ ប្រយោជន៍ខ្ពស់ និងដើរមុខ​ងារ​សំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរ និងសមុទ្រ ដូចជា ជារបៀងជម្រកតភ្ជាប់ពីតំបន់​ដីគោក ឆ្នេរ និងសមុទ្រ ការពារជម្រាលដីពីការសិករិចរិល ជាកន្លែងបង្កាត់ពូជ និងថ្នាល​សម្រាប់សរីរាង្គសត្វសមុទ្រមួយចំនួនរួមមានបង្កង ក្តាម និងប្រភេទត្រីសមុទ្រដែលជា​ប្រភព​សេដ្ឋកិច្ចដ៏សំខាន់ក្នុងតំបន់។ ជាមួយគ្នានេះ ព្រៃកោងកាងជាជម្រក និងកន្លែង​រក​ចំណី នៃសត្វមានជីវិតដូចជាសត្វឆ្អឹងខ្នង ត្រី, amphibians (សត្វឆ្អឹងខ្នងមានឈាមត្រជាក់), សត្វល្មូន, បក្សី និងថនិកសត្វដូចជាសត្វខ្លា និងជាប្រភពដ៏ល្អផ្តល់ព្រៃឈើ និងផ្តល់ចំណី​ដែលមានប្រូតេអ៊ីនខ្ពស់ សម្រាប់មនុស្ស និងជីវចម្រុះ ព្រមទាំងចូលរួមចំណែកទប់​ស្តាត់​ផលប៉ះពាល់លើធនធានជីវចម្រុះសមុទ្រ ដែលកំពុងតែរងផលប៉ះពាល់ ពីសកម្មភាព​មនុស្ស និងមហន្តរាយធម្មជាតិ។

ប៉ុន្តែអ្វីដែលធ្វើអោយ ប្រជានេសាទនៅក្នុងសហគមន៍ មានការភ្ញាក់ផ្អើល ក្រោយពីដឹងថា ព្រៃកោងកាង ស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប មានរឿងមិនប្រក្រតី មួយចំនួន ដែលអាចធ្វើអោយ ព្រៃកោងកាង មួយកន្លែងនេះ នឹងបាត់បង់។

ប្រជានេសាទ បានថ្លែងបន្តថា ៖ ព្រៃកោង​កាងជាប្រភេទព្រៃដុះលូតលាស់នៅតាមតំបន់ឆ្នេរទឹកភ្លាវ ក្រោមឥទ្ធិពល ទឹកជោ នាចពី សមុទ្រ និងជាទីប្រសព្វជាមួយទឹកសាប ដែលមានប្រភពពីតំបន់ឆ្នេរដី គោក។ ទន្ទឹមនេះ ព្រៃកោង​កាងជាសម្បត្តិធម្មជាតិមហាសាលសម្រាប់មនុស្សជាតិទូទៅ ពិសេសប្រជាជន​ដែលរស់នៅ និងប្រកបមុខរបរអ្នកនេសាទតំបន់សមុទ្រ។

លើសពីនេះទៀត ព្រៃកោងកាងបន្សុទ្ធ​ទឹកដោយស្រូប​យកភាពមិនបរិសុទ្ធ និងគ្រោះថ្នាក់ធ្ងន់ធ្ងរពីលោហះ និងជួយឱ្យយើងស្របយកខ្យល់ដង្ហើប​បរិសុទ្ធដោយវាជួយស្រូបយកជាតិពុលនៅលើអាកាស។ នៅក្នុងការបន្ស៊ាំនឹងការប្រែប្រួល អាកាសធាតុ ព្រៃកោងកាងដើរតួនាទីដ៏មានតម្លៃ សម្រាប់ជារនាំងប្រឆាំងនឹងគ្រោះធម្មជាតិដូចជាព្យុះស៊ីក្លូន គ្រោះមហន្តរាយ លើអេកូឡូស៊ី និងជាអ្នកការពារ តំបន់ឆ្នេរសមុទ្រ។ សម្រាប់ ដើមកោង​កាង​មិនត្រឹមតែជួយក្នុងការការ ពារដីហូរច្រោះប៉ុណ្ណោះទេ តែវាក៏ដើរតួនាទីជាកា​តាលីករ​ក្នុងការនាំដីពីសមុទ្រមកដីគោក វិញផងដែរ។ ក្រៅពីនេះ កោងកាងផ្តល់នូវការ​បន្ស៊ាំ​ធម្មជាតិទៅនឹងផលប៉ះពាល់នៃការ ប្រែ​ប្រួលអាកាសធាតុ និងប្រឆាំងនឹងការប្រែ​ប្រួល​អាកាសធាតុ និងចូលរួមចំណែកកាត់ បន្ថយ​ការបំភាយឧស្ម័នផ្ទះកញ្ចក់។

ព្រៃកោងកាងជារបៀងយុទ្ធសាស្រ្តតភ្ជាប់ប្រព័ន្ធ​អេកូឡូស៊ីពី​តំបន់ដីគោក ឆ្នេរ និងសមុទ្រ ហើយក៏ជារនាំងប្រឆាំងនឹងគ្រោះធម្មជាតិ និង​ការ​ប្រែប្រួលអាកាសធាតុ មិនតែប៉ុណ្ណោះបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកក្នុងការកាត់ បន្ថយភាពក្រីក្រ ដោយមានតួនាទីយ៉ាងសំខាន់ជាកន្លែង​រក្សាផលស្តុក ជាដែនជម្រក និងប្រភពមេពូជនៃមច្ឆធម្មជាតិដែលជាប្រភពធនធាន​សមុទ្រ​ដ៏សម្បូណ៌បែប ហើយចាំបាច់ត្រូវការរពារ អភិរក្ស និងដាំស្តារព្រៃកោងកាងឡើងវិញ។

ការអភិរក្សដើមកោងកាង និង​ប្រព័ន្ធអេកូឡូស៊ីដែលជាប់ទាក់ទងត្រូវបានគេកំណត់ថាជាយុទ្ធសាស្ត្របន្ស៊ាំធម្មជាតិ និង​វិធានការកាត់បន្ថយផលប៉ះពាល់ចំពោះការប្រែប្រួលអាកាសធាតុ។ ដើមកោងកាង គឺជា​តំបន់ ទ្រនាប់រវាងដី និងសមុទ្រ ទប់នឹងបញ្ហាធ្ងន់ធ្ងរនៃការហូរ ច្រោះតាមឆ្នេរសមុទ្រ និងការ​គំរាមកំហែងនៃការកើន ឡើងនៃកម្ពស់ទឹកសមុទ្រ។ ព្រៃកោងកាងជួយគ្រប់គ្រងការហូរ​ចូលរបស់​ទឹកសមុទ្រមកលើដីធម្មជាតិ។

ដោយសារតែសារៈសំខានទាំងនេះហើយ ទើបធ្វើអោយ សហគមន៍នេសាទក្នុងខេត្តកែប ដែលបានក្លាយខ្លួនជាតំបន់ទេសចរណ៍មួយ បានដាក់ផែនការដាំដើម កោង កាងបន្ថែមចំនួន១០ម៉ឺនដើម ដើម្បីជួយការពារជីវចម្រុះដ៏សម្បូរបែបក្នុងតំបន់នេះ និងផ្តល់ជូនភ្ញៀវទេសចរនូវបរិយាកាសស្ងប់ស្ងាត់ ក្នុងការសម្រាកលំហែ។

ដើមកោងកាងជាង១០ម៉ឺនដើម នឹងត្រូវដាំនៅសហគមន៍នេសាទភូមិថ្មី ស្ថិតក្នុងសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដើម្បីលើកកម្ពស់ការការពារប្រព័ន្ធអេកូឡូស៊ីឆ្នេរសមុទ្រប្រកបដោយនិរន្តរភាព និងការពារធនធានជីវចម្រុះ ទន្ទឹមនឹងនេះ ក៏ជាការទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន។

សហគមន៍នេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១ ដើម្បីការពារប្រព័ន្ធអេកូឡូស៊ីឆ្នេរសមុទ្រ និងផ្សព្វផ្សាយការអភិរក្សព្រៃកោងកាង ដែលជាជម្រកដ៏សំខាន់សម្រាប់ជីវិតក្នុងសមុទ្រ។ ចាប់តាំងពីពេលនោះមក វាបានក្លាយជាកន្លែងទាក់ទាញទេសចរ ដែលមានមនុស្សប្រហែល៧ពាន់នាក់មកទស្សនាជារៀងរាល់ឆ្នាំ។ សហគមន៍នេះ មានផ្ទៃដីសរុប ១៩៨ហិកតា គ្របដណ្តប់ដោយព្រៃកោងកាង ស្មៅសមុទ្រ និងផ្កាថ្ម ដែលធ្វើឱ្យវាសម្បូរទៅដោយធនធានជីវចម្រុះ។ នៅពេលដាំដើមកោងកាងកាន់តែច្រើន វានឹងមានផលវិជ្ជមានបន្ថែមទៀតលើជីវចម្រុះក្នុងទឹក ព្រមទាំងចូលរួមក្នុងការការពារបរិស្ថានផងដែរ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *