ខេត្តកំពង់ស្ពឺ៖ រថយន្តដឹកអ្នកដំណើរ ប្រភេទទេសចរណ៍១គ្រឿងជាគ្រូនិងសិស្សចំនួន៦៨នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍នៅលើឧទ្យានជាតិព្រះកុសុមៈ «គិរីរម្យ» កាលពីល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ដោយសារតែនៅពេលចុះត្រឡប់មកវិញរថយន្តមានបញ្ហាដាច់ហ្វ្រាំង តែយ៉ាងណាហេតុការណ៍នេះមិនបណ្ដាលឱ្យប៉ះពាល់ដល់អាយុជីវិតអ្នកដំណើរឡើយ គ្រាន់តែអ្នកបើកបរនិងជំនួយការអ្នកបើកបរ (ព្រូឡាន) សរុប២នាក់រងរបួសធ្ងន់-ស្រាល។

បើតាមការឱ្យដឹងពីលោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច ករណីរថយន្តទេសចរណ៍ជួបគ្រោះថ្នាក់នេះ ក្នុងពេលកើតហេតុ ពោលគឺនៅពេលចុះត្រឡប់មកវិញ រថយន្តមានបញ្ហាដាច់ហ្វ្រាំង ហើយបានរេចង្កូតធ្លាក់ផ្លូវរួចបានរេទៅអែមជ្រោះ និងបានបុកដើមឈើនៅចំណុចលោកយាយបាំងដៃ ហួសចំណុចជ្រោះអូរកសេះ នៃខ្នងភ្នំឧទ្យានជាតិព្រះកុសុមៈ «គិរីរម្យ» ភូមិសាស្ត្រឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បន្ទាប់ពីដឹងព័ត៌មាននេះ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ក៏បានចេញប្រតិបត្ដិការជួយអន្ដរាគមន៍លើករណីគ្រោះថ្នាក់នេះភ្លាមៗ។

អធិការនគរបាលស្រុកភ្នំស្រួច លោកវរសេនីយ៍ទោ ជុន ចន្ទដេត បានបន្តថា ក្នុងរថយន្ដមានមនុស្សប្រមាណ៦៨នាក់ ស្រី៤៣នាក់ ក្នុងរថយន្ដមានកូនសិស្សសាលា និងលោកគ្រូ អ្នកគ្រូ ដែលមកពីវិទ្យាល័យល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ចំពោះការខូចខាតគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិតមនុស្សមិនមាននោះទេ ប៉ុន្តែរងរបួសស្រាល និងធ្ងន់ចំនួន២នាក់ គឺអ្នកប់កបរ និងព្រូរថយន្ត។

អធិការនគរបាលស្រុកភ្នំស្រួចបានបញ្ជាក់ថា មូលហេតុបង្កជាគ្រោះថ្នាក់នេះ ដោយសារពេលធ្វើដំណើរចុះពីលើភ្នំគិរីរម្យ មកដល់ចំណុចខាងលើ រថយន្ដមានបញ្ហាហ្រ្វាំងជាន់មិនជាប់ រួចអ្នកបើកបរបានព្យាយាមបុកលេខដើម្បីទប់ល្បឿន ចៃដន្យបានរេចង្កូតទៅផ្នែកម្ខាងផ្លូវនិងបុកដើមឈើ រួចទើបទប់ជាប់។

សិស្សវិទ្យាល័យល្វា ស្រុកព្រៃឈរ បានទៅទស្សនកិច្ច នៅឧទ្យានជាតិព្រះកុសុមៈគីរីរម្យ ស្ថិតក្នុងខេត្តកំពង់ស្ពឺ បានជួបគ្រោះថ្នាក់នោះ មិនមានរងរបួសធ្ងន់ធ្ងរឡើយ មកដល់ពេលនេះ អាជ្ញាធរ កំពុងយកចិត្តទុកដាក់ និងគិតគូអំពីសុវត្ថិភាពរបស់ពួកគេ។  ដោយឡែក សិស្សមួយចំនួន ក៏ត្រូវបាន ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ រៀបចំអាហារពេលល្ងាចទទួលពួកគេ។ ក្រោយពីទទួលទាន ហើយ អាជ្ញាធរខេត្តកំពង់ស្ពឺ និងយករថយន្តផ្សេង ដើម្បី ដឹកជញ្ជូនសិស្សទាំងអស់នោះ មកកាន់ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ទន្ទឹមនឹងនោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានរៀបចំឲ្យអាជ្ញាធរ និងលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ដើម្បី ទទួលសិស្សទាំងអស់នោះ នៅមុខវិទ្យាល័យល្វា នាពេលពួកគេ ធ្វើដំណើរទៅដល់ ទៀតផង ។

លោកស្រី ឃាន សុភាព នាយិកាវិទ្យាល័យល្វា បានឲ្យដឹងថា ការធ្វើទស្សនកិច្ចសិក្សា នៅឧទ្យានជាតិព្រះកុសុមៈគីរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដឹកនាំដោយគ្រូ ០១រូប និងក្រុមគ្រួសារ ចំនួន ០៤រូប ហើយបានធ្វើដំណើរ តាមរយន្តក្រុង ១គ្រឿង មានមនុស្ស សរុប ៦៨នាក់ ក្នុងនោះមាន សិស្សថ្នាក់ទី១១ ថ្នាក់ទី១២ និងនិស្សិតឆ្នាំទី១ ចំនួន៦៣នាក់ ស្រី៤០នាក់ផងដែរ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed