ខេត្តកណ្ដាល៖ បន្ទាប់ពីពលរដ្ឋបានប្ដឹងទៅកាន់ផេកស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលអំពីករណីល្បែង ស៊ីសងអនឡាញនៅភូមិព្រែកតូច ឃុំព្រែកដាច់ បិទហើយបើកវិញនោះ ធ្វើឲ្យសមត្ថកិច្ចនគរបាលស្រុក ចុះប្រតិបត្តិការបង្ក្រាប។ ប៉ុន្តែបានមួយដង្ហើមចង្រិតក៏ដំណើរការឡើងវិញ។

ពលរដ្ឋសរសេរនៅលើផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាលថា «សួស្ដីបងផ្ទះបេីកមាន់អនឡាញដែរខ្ញុំប្រាប់ខាងបងលេីកមុននឹងបិទបាន២ ថ្ងៃ បេីកលក់វិញដដែលដូចអត់មានខ្លាចអីសោះនឹងបង ទីតាំងបេីកមាន់ជល់អនឡាញកន្លែងផ្សេងគេបិតអស់ហេីយ នៅតែផ្ទះពូទ្រីភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលេីកដែក ខេត្ដកណ្ដាលនឹងទេទីតាំង គាត់ប្តឹងហេីយបិតតែ២ថ្ងៃទេបេីកមាន់ជល់តាមអនឡាញធម្មតាម៉ានថ្ងៃមុនខ្ញុំឃេីញចៅ ហ្វាយស្រុកប្រកាសឲ្យបិតហ្នឹងតែទីតាំងគាត់អត់បិទទេ​»។

ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាមដោយមានការចង្អុលបង្ហាញពីលោក ចាប ច័ន្ទវិទ្យា អភិបាលនៃគណៈអភិបាលស្រុកនិងជាប្រធានគណៈបញ្ជាការឯក ភាពភាពរដ្ឋ បាលស្រុកលើកដែក លោកវរសេនីយ៍ឯក អាំ ធូ អធិការ នគរបាលស្រុកបានបញ្ជឱ្យផ្នែកជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ចុះស្រាវជ្រាវដល់ទីតាំងដូចបានរាយការណ៍ និងបានទៅដល់ម្ចាស់ទីតាំងឈ្មោះ​ ហេង​ ទ្រី​ អាយុ​៦១ឆ្នាំ មុខរបរលក់ដូរ មានទី លំនៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលេីកដែក តែមិនបានឃាត់ខ្លួនម្ចាស់ទីតាំងទេ គ្រាន់តែបានប្រមូលយកវត្ថុតាង៖ ទូរទស្សន៍០១គ្រឿង, ដុំ WiFi ចំនួន១, ម៉ៅ ចំនួន០១, ក្រណាត់ ទ្រាប់ម៉ៅ ចំនួន០១, ដុំសាក WiFi ចំនួន០១, ដុំសាកទូរទស្សន៍ចំនួន០១និងហ្វ្រីដោត ភ្លេីងចំនួន០១មកទុកតែប៉ុណ្ណោះ។

ប្រភពបានឲ្យដឹងថា បន្ទាប់លោក ឌឹម សំរិត អធិការរងទទួលបន្ទុកព្រហ្មទណ្ឌស្រុកលើកដែកបានឲ្យកម្លាំងនគរបាលរដ្ឋបាលព្រែកដាច់អប់រំណែនាំនិងធ្វេីកិច្ចសន្យាចំពោះម្ចាស់ទីតាំងមិនឱ្យបេីកលេងល្បែងសុីសងគ្រប់ប្រភេទដែលខុសពីគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ដិភាពទាំង៧ចំណុចដែលរាជរដ្ឋាភិបាលបានដាក់អោយអនុវត្ត។ បើករណីសមត្ថកិច្ចស្រាវជ្រាវដឹងថា ទីតាំងនេះលួចបេីកលេងល្បែងជលផមាន់អនឡាញបន្តទៀត នៅពេលក្រោយគឺសមត្ថកិច្ចបង្រ្កាបនឹងកសាងឯកសារតាមនិតិវិធីបញ្ជូនទៅតុលាការ។

បើតាមលោកវរសេនីយ៍ឯក អាំ ធូ អធិការស្រុកលើកដែកបានឲ្យដឹងថា លោកកំពុងតែធ្វើការ បើចង់ដឹងច្បាស់មកសាលាស្រុកមក។

លោក ចាប ច័ន្ទវិទ្យា អភិបាលនៃគណៈអភិបាលស្រុកនិងជាប្រធានគណៈបញ្ជាការឯកភាពភាពរដ្ឋបាលស្រុកលើកដែកបានបញ្ជាក់ប្រាប់ឲ្យដឹងតាមទូរស័ព្ទថា ពាក់ព័ន្ធមុខសញ្ញាបើកល្បែងអនឡាញខុសច្បាប់ខាងលើនេះ លោកបានដាក់វិធានការយ៉ាងម៉ឹងម៉ាត់ឲ្យអធិការកសាងឯកសារបញ្ជូនទៅតុលាការតែម្ដង មិនឲ្យធ្វើកិច្ចសន្យាដោះលែងឲ្យរួចខ្លួនទេព្រោះជាមុខសញ្ញា ហើយខាងអធិការធ្លាប់ចុះបង្ក្រាបម្ដងរួចមកហើយ៕

By n6lyt

Leave a Reply

Your email address will not be published. Required fields are marked *

You missed