ខេត្តកំពង់ស្ពឺ÷កាលពីថ្ងៃទី២៤ខែធ្នូឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកអភិបាលរង ទិត្យ វុទ្ធីបានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យសំណង់ ដ៏ធំមហិមាមួយកន្លែងស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយពិនិត្យឃើញថា សំណង់នេះមានម្ចាស់ឈ្មោះលោកស្រីហង្ស ចាន់នាង(ហង្ស ស្រីមាន) ដែលដំណើរការសាងសង់បាន 60% ហើយ មិនមានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ។ ដូច្នេះអាជ្ញាធរត្រូវបញ្ឈប់សកម្មភាពនៃការសាងសង់នេះទាំងស្រុង។
រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏ដូចជាមន្ទីររៀបចំដែនដីនគររូបនីយកម្មនិងសំណង់ខេត្តកំពង់ស្ពឺ តាំងពីឆ្នាំ២០២៣មកបានធ្វើលិខិតយ៉ាងហោចណាស់៤ដងមកហើយ សុំឲ្យម្ចាស់សំណង់បញ្ឈប់សកម្មភាពនៃការសាងសង់ដោយគ្មានច្បាប់ទម្លាប់នេះ។ ប៉ុន្តែម្ចាស់សំណង់គឺលោកស្រីហង្ស ចាន់នាង មិនអើពើ,អនុវត្តតាមស្ថាប័នជំនាញនិងរដ្ឋបាលខេត្តកំពង់ស្ពឺនោះឡើយ។ ពោលគឺចាប់តាំងពីដំណើរការដំបូង រហូតដល់សំណង់ពេលនេះសម្រេចបាន 60% ហើយគឺខាងម្ចាស់សំណង់មិនព្រមអនុវត្តឬធ្វើដឹងឮចំពោះការទទូចស្នើរបស់ស្ថាប័នជំនាញនៃមន្ទីររៀបចំដែនដីនគររូបនីយកម្មនិងសំណង់ខេត្តកំពង់ស្ពឺនោះឡើយ។
ជាក់ស្ដែងលិខិតលើកទី៤ របស់មន្ទីររៀបចំដែនដីនគរូប នីយកម្មនិងសំណង់ ខេត្តកំពង់ស្ពឺចុះ ថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២៤ចុះហត្ថលេខាដោយប្រធានមន្ទីរ លោកតាប់ ម៉ាឡៃ បានជម្រាបជូន លោកស្រី ហង្ស ស្រីមាន ម្ចាស់សំណង់ គម្រោងផ្ទះល្វែង ដែលមានទីតាំងស្ថិតនៅភូមិក្រាំទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានកំហុសឆ្គងដូចខាងក្រោម÷ គ្មានលិខិតអនុញ្ញាតសាង សង់,គ្មានលិខិតអនុញ្ញាតបើកការដ្ឋាន, គ្មានអ្នកទទួលសាងសង់ ដែលមានអាជ្ញាប័ណ្ណចេញដោយក្រសួងរៀប ចំដែនដី នគរូបនីយកម្មនិងសំណង់, គ្មានវិស្វករប្រចាំ ការដ្ឋាន,ប៉ះពាល់នឹងចំណីប្រឡាយ។អាស្រ័យហេតុនេះ សូមផ្អាកការដ្ឋានសំណង់ជាបន្ទាន់ រហូតដល់បានបំពេញបែបបទតាមនីតិវិធីច្បាប់ស្តីពីសំណង់ បើពុំនោះទេ មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តកំពង់ស្ពឺ នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
ដូចគ្នានេះដែររដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានចេញលិខិតឱ្យម្ចាស់សំណង់ បញ្ឈប់សកម្មភាពសាងសង់ដោយបំពានច្បាប់នោះដែរ។ ប៉ុន្តែគឺសង្កេតឃើញថា តាំងពីឆ្នាំ ២០២៣មកនោះ ម្ចាស់សំណង់ខាងលើនេះហាក់ដូចជាមិនបានយកចិត្តទុកដាក់ និងអនុវត្តតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺនិងមន្ទីរជំនាញនោះឡើយ។ លើកទី៥នេះទៀត មិនដឹងថា តើម្ចាស់ការដ្ឋានខាងលើនិងព្រមអនុវត្តតាមបទបញ្ជារបស់រដ្ឋបាលខេត្តកំពង់ស្ពឺដែរឬយ៉ាងណានោះទេ ពីព្រោះគេសង្កេតឃើញថា មានចំណុចខុសឆ្គងជាច្រើន ដែលច្បាប់ហាមឃាត់ក្នុងការ សាងសង់។ ប៉ុន្តែតាំងពីចាប់ផ្ដើមសាងសង់មក ម្ចាស់សំណង់ខាងលើនេះនមិនព្រមស្ដាប់តាមការណែនាំរបស់ស្ថាប័នជំនាញនោះឡើយ។
តាមរយៈក្រុមការងាររដ្ឋបាលខេត្តកំពង់ស្ពឺ ដែលចូលរួមដោយមន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតចុះត្រួតពិនិត្យការដ្ឋានសំណង់ខាងលើនេះកាលពីថ្ងៃទី ២៤ខែធ្នូឆ្នាំ២០២៤ សម្រេចថា ដាច់ខាតមិនអនុញ្ញាត ឱ្យសាងសង់បន្តទៀតឡើយ។ មានចំណុចកំហុសឆ្គងជាច្រើនដែលក្រុមការងាររដ្ឋបាលខេត្តកំពង់ស្ពឺ រកឃើញចំពោះការសាងសង់សំណង់ខាងលើនេះ ដូច្នេះបើទោះបី ជាបានសាងសង់រួចរាល់រហូតដល់ 60% ហើយក៏ដោយក៏សំណង់នេះ ត្រូវប្រឈមនឹងកែវវ៉ៃកំទេចចោលដោយខានមិនបាន។
ប្រភពរាយការណ៍ថា ដំបូងឡើយម្ចាស់សំណង់ប្រាប់កម្មករថា គឺជាសំណង់គម្រោងផ្ទះល្វែង,ប៉ុន្តែក្រោយមកទៀតបានលេចឮថា គឺជាសំណង់សាលារៀនទៅវិញ។ សំណង់នេះមានកំហុសឆ្គង មិនត្រឹមតែបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានសង់នៅលើប្រឡាយទឹកសាធារណៈរបស់រដ្ឋថែមទៀតផង។ ប៉ុន្តែបើតាមមើលទិដ្ឋភាពជាក់ស្ដែងម្ចាស់សំណង់ មានផែនការទំនងជាចង់សង់សម្រាប់ជួលឲ្យជនបរទេសស្នាក់នៅ ដើម្បីធ្វើអាជីវកម្មដោយប្រការណាមួយ។
មជ្ឈដ្ឋានប្រជាពលរដ្ឋបានលើកឡើងថា ម្ចាស់សំណង់បំពានច្បាប់យ៉ាងដូច្នេះ តើត្រូវបញ្ចប់ត្រឹមនេះឬយ៉ាង ដូចម្ដេច?។ យ៉ាងណាក៏ដោយលោកស្រី ហង្ស ចាន់នាង ( ហង្ស ស្រីមាន)ជាម្ចាស់សំណង់មិនអាចសុំការបំភ្លឺបានទេ ជុំវិញបញ្ហានេះ៕