ពលរដ្ឋនៅឃុំត្រពាំងថ្លុង និងឃុំក្រែក ស្រុកពញាក្រែកខេត្តត្បូងឃ្មុំបានឲ្យដឹងថា ល្បែងស៊ីសងតាមអ៊ីនធឺណិតកំពុងរីកដុះដាល់យ៉ាងសម្បើម ដោយមិនឃើញមានការបង្ក្រាបទាល់តែសោះពីសំណាក់មន្ត្រីនគរបាលប៉ុស្តិ៍ និងអធិការដ្ឋាននគរបាលស្រុកពញាក្រែក។ការស្ងៀមស្ងាត់របស់សមត្ថកិច្ចដែលបណ្ដែតបណ្ដោយឲ្យមានទីតាំងល្បែងអ៊ីនធឺណិត,ឆ្នោតឡូតូនិងមាន់ជល់នេះ ធ្វើឲ្យអ្នក ភូមិមានមន្ទិលសង្ស័យយ៉ាងខ្លាំង។ ប្រភពថា អធិការនគរបាលស្រុកពញាក្រែក លោក ថាញ់ សុខវាត រក្សាភាពស្ងៀមស្ងាត់ចំពោះបញ្ហាល្បែងទាំងនេះ។
បើតាមប្រភពបានឲ្យដឹងថា ល្បែងស៊ីសងមាន់ជល់ និងឡូតូតាមអនឡាញ នៅក្នុងឃុំចំនួនពីរក្នុងទឹកដីស្រុកពញាក្រែកគឺនៅឃុំត្រពាំងផ្លុងនិងឃុំក្រែក ដែលសព្វថ្ងៃនេះកំពុងកៀងគរ ក្រុមអ្នកញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង ហើយអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាបនោះឡើយ។ សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ទីតាំងល្បែងសុីសងមាន់ជល់ និងឡូតូអនឡាញក្នុងឃុំទាំងពីរក្នុងទឹកដី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក គេពុំដែលឃើញអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះទប់ស្កាត់ និងបង្ក្រាបឡើយ ខណៈល្បែងស៊ីសងខុស ច្បាប់ នៅតែបន្តបើកលេងអនាធិបតេយ្យ។
អ្នកភូមិត្រពាំងផ្លុងប្រាប់ថា សព្វថ្ងៃប្រជាពលរដ្ឋកំពុងតែវក់វីនឹងបញ្ហាល្បែងស៊ីសងតាមអ៊ីនធឺណិតដូចជា ជល់ មាន់តាមអនឡាញនិងឆ្នោតឡូតូជាដើម។ ប្រជាពលរដ្ឋវក់នឹងល្បែង ហើយភ្លេចការងារប្រចាំថ្ងៃ ជាពិសេសបានបំផ្លិចបំផ្លាញលុយកាក់ទ្រព្យ សម្បត្តិអស់ជាបន្តបន្ទាប់។ នៅក្នុងភូមិនីមួយៗមានទីតាំងល្បែងស៊ីសងតាមអ៊ីនធឺ ណិតជាច្រើនកន្លែង ដែលបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ចូលចិត្តលេងល្បែងស៊ីសងទាំងនោះ។ អាជ្ញាធរមិនអាចនិយាយថា មិនដឹងនោះទេ ពីព្រោះប្រជាពលរដ្ឋតែងតែជួបជុំគ្នាច្រើន នៅតាមទីតាំងដែលមានល្បែងស៊ីសងទាំងនោះ។
បើតាមប្រជាពលរដ្ឋដែលមាន ប្ដី,សី,កូន,ចៅ រងគ្រោះពីកំពុងល្បែងស៊ីសងតាមអ៊ីនធឺណិតទាំងនោះនិយាយថា សព្វថ្ងៃនេះល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់គាត់នៃឃុំត្រពាំងផ្លុងនិងឃុំក្រែក បានបើកជាចំហប្រៀបដូចជាល្បែងស៊ីសងស្របច្បាប់យ៉ាងដូច្នោះដែរ។ គ្មានការបង្ក្រាប ឬវិធានការតឹងតែងចំពោះទីតាំងបើកល្បែងស៊ី សងតាមអ៊ីនធឺណិតទាំងនេះទេ។ អ្នកភូមិបានត្រឹមតែសម្ដែងចម្ងល់ចំពោះបញ្ហាល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ពួកគាត់កាន់តែច្រើនឡើងៗ ហើយអ្វីដែលចោទជាបញ្ហានោះគឺករណីចោរលួច,ចោរប្លន់ទ្រព្យសម្បត្តិ និងអំពើហិង្សានៅក្នុងគ្រួសារចេះតែកើនឡើង។
ពលរដ្ឋខ្សឹបខ្សៀវថា គេឃើញមន្ត្រីនគរបាលមិនដឹងថាជានគរបាលប៉ុស្តិ៍ឬអធិការទេ តែងតែជិះម៉ូតូចូលទៅ តាមទីតាំងល្បែងតាមអ៊ីនធឺណិតទាំងនោះ។ ប៉ុន្តែមិន ដឹងថា ហេតុអ្វីបានជាមិនបង្ក្រាបយ៉ាងដូច្នេះ? ពាក់ព័ន្ធនឹងករណីខាងលើនេះ មិនអាចសុំការបំភ្លឺពីលោកថាញ់សុវ៉ាត អធិការនគរបាលស្រុកពញាក្រែកបានទេ៕